ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ទៅនៅតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង រហូតដល់អាសែល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ នឹងយាងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ ក៏មកជាមួយដែរ។ នៅថ្ងៃនោះនឹងលែងមានពន្លឺថ្ងៃ លែងមានធាតុត្រជាក់ ឬទឹកកកទៀតដែរ។ ថ្ងៃនោះ ជាថ្ងៃមួយខុសប្លែកពីធម្មតា មានតែព្រះអម្ចាស់ទេដែលជ្រាប។ ពេលនោះ គ្មានថ្ងៃគ្មានយប់ទេ សូម្បីតែពេលល្ងាច ក៏នៅតែភ្លឺដែរ នៅថ្ងៃនោះ នឹងមានទឹកផ្ដល់ជីវិត ហូរចេញពីក្រុងយេរូសាឡឹម មួយផ្នែកហូរចាក់ទៅសមុទ្រខាងកើត មួយផ្នែកទៀតហូរទៅសមុទ្រខាងលិច រដូវប្រាំងក៏ដូចជារដូវវស្សាដែរ។ ព្រះអម្ចាស់នឹងធ្វើជាព្រះមហាក្សត្រគ្រងរាជ្យ លើផែនដីទាំងមូល។ នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំ ព្រះអម្ចាស់តែមួយព្រះអង្គគត់ គឺមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ។ ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូន ដែលនៅខាងត្បូងក្រុងយេរូសាឡឹម នឹងទៅជាវាលទំនាប។ គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញ នៅលើកន្លែងដដែល គឺចាប់តាំងពីទ្វារបេនយ៉ាមីន រហូតដល់កន្លែងដែលមានទ្វារកាលពីមុន និងរហូតដល់ទ្វារមុម ហើយចាប់តាំងពីប៉មហាណានាល រហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូរ របស់ហ្លួង។ ក្រុងយេរូសាឡឹមនឹងមានប្រជាជនរស់នៅឡើងវិញ ហើយក៏គ្មាននរណាមកបំផ្លាញទៀតដែរ យេរូសាឡឹមនឹងបានសុខសាន្តត្រាណ។ ព្រះអម្ចាស់នឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន ដែលបានលើកទ័ពមកវាយលុក ក្រុងយេរូសាឡឹម ដោយប្រើគ្រោះកាចដូចតទៅ: សាច់របស់ពួកគេនឹងត្រូវរលួយ នៅពេលពួកគេឈរ គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើឲ្យកើត វឹកវរយ៉ាងខ្លាំងក្នុងជួរទ័ពរបស់ពួកគេ ម្នាក់ៗងាកទៅប្រហារអ្នកដែលនៅក្បែរខ្លួន។ អ្នកស្រុកយូដានាំគ្នាការពារក្រុងយេរូសាឡឹម ពួកគេនឹងប្រមូលយកជយភណ្ឌ ពីប្រជាជាតិទាំងអស់ដែលនៅជុំវិញ គឺមាស ប្រាក់ និងសម្លៀកបំពាក់ដ៏ច្រើន។ គ្រោះកាចក៏នឹងកើតមានចំពោះសេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ នៅក្នុងជំរំរបស់ពួកគេ គ្រោះកាចនេះ ក៏ដូចគ្រោះកាចមុនដែរ។ ពេលនោះ ក្នុងចំណោមប្រជាជាតិទាំងអស់ ដែលបានវាយលុកក្រុងយេរូសាឡឹម អស់អ្នកដែលនៅសេសសល់នឹងនាំគ្នាមក ជារៀងរាល់ឆ្នាំ ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះមហាក្សត្រ ហើយពួកគេប្រារព្ធពិធីបុណ្យបារាំ។ ប្រសិនបើមានអំបូរណានៅលើផែនដី មិនឡើងមកក្រុងយេរូសាឡឹម ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះមហាក្សត្រទេ នោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។ ប្រសិនបើអំបូររបស់ជនជាតិអេស៊ីប មិនឡើងមកទេ ព្រះអម្ចាស់នឹងធ្វើឲ្យគ្រោះកាចកើតមាន ចំពោះពួកគេ ដូចប្រជាជាតិនានាដែលមិនព្រមឡើងមក ប្រារព្ធពិធីបុណ្យបារាំដែរ។ ទោសនេះនឹងកើតមានចំពោះស្រុកអេស៊ីប និងប្រជាជាតិទាំងអស់ដែលមិនឡើងមក ប្រារព្ធពិធីបុណ្យបារាំ។ នៅថ្ងៃនោះ គេនឹងចារឹកអក្សរនៅលើ កណ្ដឹងដែលគេពាក់ឲ្យសេះថា “ញែកថ្វាយព្រះអម្ចាស់”។ រីឯថ្លាងសម្រាប់ស្ងោរសាច់នៅក្នុង ព្រះដំណាក់របស់ព្រះអម្ចាស់ ក៏គេចាត់ទុកជាសក្ការៈ ដូចចានសម្រាប់ប្រោះឈាម ដែលស្ថិតនៅក្បែរអាសនៈដែរ។ ថ្លាងទាំងអស់នៅក្រុងយេរូសាឡឹម និងនៅក្នុងស្រុកយូដា ត្រូវញែកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូល។ អស់អ្នកដែលមកថ្វាយយញ្ញបូជា នឹងប្រើថ្លាងទាំងនោះសម្រាប់ស្ងោរសាច់។ នៅថ្ងៃនោះ លែងមានអ្នកលក់ដូរ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៃពិភពទាំងមូលទៀតហើយ។
អាន សាការី 14
ស្ដាប់នូវ សាការី 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 14:5-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ