សាការី 14:5-21

សាការី 14:5-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​យើង ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល។ អ្នក​ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី​នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា‌មួយដែរ។ នៅ​ថ្ងៃ​នោះ នឹង​លែង​មាន​ពន្លឺ​ថ្ងៃ លែង​មាន​ត្រជាក់ ឬទឹកកក ទៀត​ហើយ។ ថ្ងៃ​នោះ​ខុស​ពី​ធម្មតា មាន​តែ​ព្រះ‌យេហូវ៉ា​ដែល​ដឹង មិន​មែន​ជា​ថ្ងៃ ក៏​មិន​មែន​ជា​យប់ ប៉ុន្តែ នៅ​ពេល​ព្រលប់ ក៏​មាន​ពន្លឺ​ដែរ។ នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​រស់​ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ពាក់​កណ្ដាល​នឹង​ហូរ​ទៅ​សមុទ្រ​នៅ​ទិស​ខាង​កើត ហើយ​ពាក់​កណ្ដាល​នឹង​ហូរ​ទៅ​សមុទ្រ​នៅ​ទិស​ខាង​លិច ទោះជា​រដូវ​ក្តៅ ក៏​ដូច​រដូវ​រងា។ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​មួយ​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​នឹង​មាន​តែ​មួយ​ដែរ។ ស្រុក​ទាំង​មូល ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម។ ប៉ុន្តែ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡិមឡើង​វិញ​នៅ​កន្លែង​ធម្មតា ចាប់​តាំង​ពី​ទ្វារ​បេនយ៉ាមីន រហូត​ដល់​កន្លែង​ទ្វារ​ដំបូង និង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច។ ក៏​នឹង​មាន​មនុស្សរស់​នៅ ហើយ​គ្មាន​បណ្ដាសា​ទៀត គឺ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត។ ព្រះ‌យេហូវ៉ា​នឹង​វាយ​សាសន៍ទាំង​អស់ ដែល​បាន​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​សេចក្ដី​វេទនា​យ៉ាង​នេះ គឺ​សាច់​គេ​នឹង​រលួយ​កំពុង​ដែល​គេ​ឈរ ភ្នែក​គេ​នឹង​រលួយ អណ្ដាត​គេ​នឹង​រលួយ‌នៅ​ក្នុង​មាត់​ដែរ នៅ​ថ្ងៃ​នោះ នឹង​មាន​ចលាចល​ជា​ខ្លាំង ដែល​មាន​មក​ពី​ព្រះ‌យេហូវ៉ា កើត​ឡើង​នៅ​កណ្ដាល​គេ គ្រប់​គ្នា​នឹង​ចាប់​យក​អ្នក​ជិត​ខាង​ខ្លួន ហើយ​នឹង​លើក​ដៃ​ឡើង​ទាស់​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន។ ពួក​យូដា​នឹង​ច្បាំង​ត្រង់​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រព្យ‌សម្បត្តិរបស់​គ្រប់​សាសន៍​ជុំ‌វិញ នឹង​ប្រមូល​គ្នា គឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​យ៉ាង​សន្ធឹក ឯ​សេចក្ដី​វេទនា​របស់​សេះ លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់​ដែល​នៅ​ក្នុង​ទី​បោះ​ទ័ព នឹង​បាន​ដូច្នោះ​ដែរ គឺ​ដូច​ជា​អាសន្ន‌រោគ។ ពេល​នោះ អស់​អ្នកនៅ​សល់​ពី​គ្រប់​សាសន៍​ដែល​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ឡើង​មក​រាល់​ឆ្នាំ ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ក៏​នឹង​កាន់​រក្សា​បុណ្យ​បារាំ ដូច្នេះ ក្នុង​គ្រួសារ​ទាំង​អស់​នៅ​ផែនដី បើ​មាន​អ្នក​ណា​ដែល​មិន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​គេ​ឡើយ។ ប្រសិន​បើ​សាសន៍​អេស៊ីព្ទ​មិន​ឡើង​មក គឺ​ពួក​គេ​មិន​មក​សោះ នោះ​នឹង​មាន គ្រោះ​កាច​មក​លើ​គេ ដែល​ព្រះ‌យេហូវ៉ា​នឹង​វាយ​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​ទៅ​ធ្វើ​បុណ្យ​បារាំនោះ។ នេះ​ហើយ​ជា​ការ​ដាក់​ទោស​ដល់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ជា​ការ​វាយ​ផ្ចាល​ដល់​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​មក​ធ្វើ​បុណ្យ​បារាំ។ នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ចារឹក​ទុក​នៅ​លើ​ចង្ក្រង់​សេះ​ថា «បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា» ហើយ​ថ្លាង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ចាន ដែល​នៅ​មុខ​អាសនា​ដែរ។ ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម និង​នៅ​ស្រុក​យូដា ត្រូវ​ញែក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទាំង​អស់ ពួក​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជា នឹង​យក​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​តង្វាយ​យញ្ញ‌បូជា ហើយ​នៅ​ថ្ងៃ​នោះ នឹង​គ្មានអ្នក​លក់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទៀត​ហើយ។:៚

ចែក​រំលែក
អាន សាការី 14

សាការី 14:5-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង រហូត​ដល់​អាសែល។ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដី នៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ នឹង​យាង​មក ហើយ​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់​ព្រះអង្គ ក៏​មក​ជា​មួយ​ដែរ។ នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃ លែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។ ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតា មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជ្រាប។ ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេ សូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្ដល់​ជីវិត ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម មួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើត មួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិច រដូវ​ប្រាំង​ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ លើ​ផែនដី​ទាំង​មូល។ នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ ព្រះ‌អម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ គឺ​មាន​តែ​ព្រះ‌នាម​ព្រះអង្គ​ប៉ុណ្ណោះ។ ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីម៉ូន ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹម នឹង​ទៅ​ជា​វាល​ទំនាប។ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ នៅ​លើ​កន្លែង​ដដែល គឺ​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ាមីន រហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុន និង​រហូត​ដល់​ទ្វារ​មុម ហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាល រហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូរ របស់​ហ្លួង។ ក្រុង​យេរូ‌សាឡឹម​នឹង​មាន​ប្រជា‌ជន​រស់​នៅ​ឡើង​វិញ ហើយ​ក៏​គ្មាន​នរណា​មក​បំផ្លាញ​ទៀត​ដែរ យេរូ‌សាឡឹម​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។ ព្រះ‌អម្ចាស់​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​បាន​លើក​ទ័ព​មក​វាយ​លុក ក្រុង​យេរូ‌សាឡឹម ដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ: សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយ នៅ​ពេល​ពួក​គេ​ឈរ គ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែក អណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​កើត វឹក‌វរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេ ម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។ អ្នក​ស្រុក​យូដា​នាំ​គ្នា​ការពារ​ក្រុង​យេរូ‌សាឡឹម ពួក​គេ​នឹង​ប្រមូល​យក​ជយ‌ភណ្ឌ ពី​ប្រជា‌ជាតិ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ គឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​ដ៏​ច្រើន។ គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះ លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់ នៅ​ក្នុង​ជំរំ​របស់​ពួក​គេ គ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។ ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹម អស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មក ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ‌មហា‌ក្សត្រ ហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ។ ប្រសិន​បើ​មាន​អំបូរ​ណា​នៅ​លើ​ផែនដី មិន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ‌មហា‌ក្សត្រ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ទឹក​ដី​គេ​ឡើយ។ ប្រសិន​បើ​អំបូរ​របស់​ជន‌ជាតិ​អេស៊ីប មិន​ឡើង​មក​ទេ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន ចំពោះ​ពួក​គេ ដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មក ប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដែរ។ ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីប និង​ប្រជា‌ជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មក ប្រារព្ធ​ពិធី​បុណ្យ​បារាំ។ នៅ​ថ្ងៃ​នោះ គេ​នឹង​ចារឹក​អក្សរ​នៅ​លើ កណ្ដឹង​ដែល​គេ​ពាក់​ឲ្យ​សេះ​ថា “ញែក​ថ្វាយ​ព្រះ‌អម្ចាស់”។ រីឯ​ថ្លាង​សម្រាប់​ស្ងោរ​សាច់​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក៏​គេ​ចាត់​ទុក​ជា​សក្ការៈ ដូច​ចាន​សម្រាប់​ប្រោះ​ឈាម ដែល​ស្ថិត​នៅ​ក្បែរ​អាសនៈ​ដែរ។ ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ក្នុង​ស្រុក​យូដា ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ អស់​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជា នឹង​ប្រើ​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​សាច់។ នៅ​ថ្ងៃ​នោះ លែង​មាន​អ្នក​លក់​ដូរ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល​ទៀត​ហើយ។

ចែក​រំលែក
អាន សាការី 14

សាការី 14:5-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​អញ ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល អើ ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា​មួយ នៅ​ថ្ងៃ​នោះ ពន្លឺ​នឹង​មិន​ភ្លឺ​ច្បាស់ឬ​ងងឹត​ផង គឺ​ថ្ងៃ​នោះ​នឹង​បាន​ជា​ថ្ងៃ​១ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្គាល់ មិន​មែន​ជា​ថ្ងៃ ក៏​មិន​មែន​ជា​យប់ ប៉ុន្តែលុះ​ដល់​ពេល​ព្រលប់ នោះ​នឹង​មាន​ពន្លឺ​វិញ នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​រស់​ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ពាក់​កណ្តាល​នឹង​ហូរ​ទៅ​ឯ​សមុទ្រ​នៅ​ទិស​ខាង​កើត ហើយ​ពាក់​កណ្តាល​នឹង​ហូរ​ទៅ​ឯ​សមុទ្រ​នៅ​ទិស​ខាង​លិច ទោះ​ទាំង​រដូវ​ក្តៅនឹង​រដូវ​រងា ក៏​នឹង​មាន​ដូច្នោះ​ដែរ។ ឯ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បាន​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​ដុំ​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​១​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​មាន​តែ​១​ដែរ ស្រុក​ទាំង​មូល​ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម នឹង​ត្រឡប់​ទៅ​ដូច​ជា​ស្រុក​វាល នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ដំកើង​ឡើង ហើយ​នឹង​នៅ​កន្លែង​ធម្មតា​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ាមីន រហូត​ទៅ​ដល់​កន្លែង​ទ្វារ​ដំបូង នឹង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច ក៏​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​នឹង​គ្មាន​សេចក្ដី​បណ្តាសា​ទៀត គឺ​ក្រុង​យេរូ‌សាឡិមនឹង​នៅ​ដោយ​សុខ‌សាន្ត​វិញ។ ព្រះ‌យេហូវ៉ា​នឹង​វាយ​អស់​ទាំង​សាសន៍ ដែល​បាន​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​សេចក្ដី​វេទនា​យ៉ាង​នេះ គឺ​សាច់​គេ​នឹង​រោយ‌រៀវ​ទៅ កំពុង​ដែល​គេ​ឈរ​នៅ ភ្នែក​គេ​នឹង​រោយ‌រៀវ​ទៅ នៅ​ក្នុង​រង្វង់​ភ្នែក អណ្តាត​គេ​នឹង​រោយ‌រៀវ​ទៅ នៅ​ក្នុង​មាត់​គេ​ដែរ នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​ចលាចល​ជា​ធំ ដែល​មាន​មក​ពី​ព្រះ‌យេហូវ៉ា កើត​ឡើង​នៅ​កណ្តាល​គេ គ្រប់​គ្នា​នឹង​ចាប់​យក​អ្នក​ជិត​ខាង​ខ្លួន ហើយ​នឹង​លើក​ដៃ​ឡើង​ទាស់​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន ឯ​ពួក​យូដា​គេ​នឹង​ច្បាំង​ត្រង់​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រព្យ​សម្បត្តិ​នៃ​គ្រប់​សាសន៍​ជុំវិញ នឹង​បាន​ប្រមូល​គ្នា គឺ​មាស ប្រាក់ នឹង​សំលៀក‌បំពាក់​យ៉ាង​សន្ធឹក ឯ​សេចក្ដី​វេទនា​របស់​សេះ លា​កាត់ អូដ្ឋ លា នឹង​សត្វ​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​បោះ​ទ័ព នឹង​បាន​ដូច្នោះ​ដែរ គឺ​ដូច​ជា​អាសន្ន‌រោគ។ រួច​មក អស់​អ្នក​សល់​នៅ​ពី​គ្រប់​សាសន៍​ដែល​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ឡើង​មក​រាល់​តែ​ឆ្នាំ ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ក៏​នឹង​កាន់​រក្សា​បុណ្យ​បារាំ ដូច្នេះ ក្នុង​អស់​ទាំង​គ្រួសារ​នៅ​ផែនដី បើ​មាន​ណា​ដែល​មិន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​គេ​ឡើយ បើ​សាសន៍​អេស៊ីព្ទ​មិន​ឡើង​ទៅ គឺ​មិន​មក​សោះ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​គេ ហើយ​នឹង​មាន​សេចក្ដី​វេទនា ដែល​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ប្រើ​វាយ​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​ទៅ​ធ្វើ​បុណ្យ​បារាំ នេះ​ហើយ​ជា​សេចក្ដី​វាយ‌ផ្ចាល ដល់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ជា​សេចក្ដី​វាយ‌ផ្ចាល​ដល់​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​មក​ធ្វើ​បុណ្យ​បារាំ​នោះ។ នៅ​ថ្ងៃ​នោះ នឹង​មាន​សេចក្ដី​ចារឹក​ទុក នៅ​នា​ចង្ក្រង់​សេះ​ថា«បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា» ហើយ​ថ្លាង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ចាន​ដែល​នៅ​មុខ​អាសនា​ដែរ អើ គ្រប់​ទាំង​ភាជនៈ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ស្រុក​យូដា នឹង​បាន​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទាំង​អស់ អស់​ពួក​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជា គេ​នឹង​យក​ភាជនៈ​ទាំង​នោះ សំរាប់​ស្ងោរ​ដង្វាយ​យញ្ញ‌បូជា ហើយ​នៅ​ថ្ងៃ​នោះ នឹង​គ្មាន​សាសន៍​កាណាន​ណា នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទៀត​ឡើយ។:៚

ចែក​រំលែក
អាន សាការី 14