បទចម្រៀង 8:8-14

បទចម្រៀង 8:8-14 គខប

យើង​នៅ​មាន​ប្អូន​ស្រី​ម្នាក់ តែ​នាង​មិន​ទាន់​ពេញ​រូប​រាង​ទេ នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ចែ‌ចង់​នាង តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច? ប្រសិន​បើ​នាង​ជា​កំពែង​ក្រុង​មួយ នោះ​យើង​នឹង​សង់​ប៉ម​ពី​ប្រាក់​ការពារ​នាង ប្រសិន​បើ​នាង​ជា​ទ្វារ​ក្រុង នោះ​យើង​នឹង​យក​បន្ទះ​ឈើ​តាត្រៅ មក​បាំង​នាង។ ខ្ញុំ​ជា​កំពែង​ក្រុង​មួយ សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។ ព្រះ‌បាទ​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយជូរ​មួយ នៅ​បាល‌ហាម៉ូន ស្ដេច​បាន​ប្រគល់​ចម្ការ​នោះ​ឲ្យ​អ្នក​ថែរក្សា មើល​ខុស​ត្រូវ។ ម្នាក់ៗ​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ស្លឹង​ថ្វាយ​ស្ដេច។ បពិត្រ​ព្រះ‌បាទ​សាឡូម៉ូន ព្រះ‌ករុណា​ទទួល​យក​ប្រាក់​មួយ​ពាន់​ស្លឹង​នេះ តែ​ទុក​ពីរ​រយ​ស្លឹង​ឲ្យ​អ្នក​ថែរក្សា​ចម្ការ។ រីឯ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំ ខ្ញុំ​រក្សា​ទុក​ខ្លួន​ឯង។ អូន​សម្លាញ់​ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យាន​អើយ មាន​គេ​លួច​ស្ដាប់​សំឡេង​របស់​អូន។ ចូរ​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង! សម្លាញ់​ចិត្ត​អូន​អើយ សូម​រត់​ចេញ​ពី​ទី​នេះ​ទៅ! សូម​រត់​យ៉ាង​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវ រត់​នៅ​លើ​ភ្នំ​ដែល​ពោរ‌ពេញ​ដោយ​គន្ធ‌ពិដោរ។