បទចម្រៀង 8:1-14

បទចម្រៀង 8:1-14 គខប

ប្រសិន​បើ​បង​ជា​បង​ប្រុស​របស់​អូន ដែល​បៅ​ដោះ​ម្ដាយ​របស់​អូន នោះ​អូន​មុខ​ជា​ចេញ​មក​ជួប​បង​នៅ​ខាង​ក្រៅ អូន​មុខ​ជា​ឱប​ថើប​បង ហើយ​គ្មាន​នរណា​មើល‌ងាយ​អូន​ឡើយ។ អូន​នឹង​នាំ​បង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​អូន បង​នឹង​បង្រៀន​អូន​អំពី​សេចក្ដី​ស្រឡាញ់ ហើយ​អូន​នឹង​យក​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់ ព្រម​ទាំង​ទឹក‌ដម​ផ្លែ​ទទឹម​ជូន​បង​ពិសា។ ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយ ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។ តើ​ស្ត្រី​ដែល​ឡើង​ទៅ​វាល​រហោ‌ស្ថាន ហើយ​ផ្អែក​លើ​ម្ចាស់​ចិត្ត​របស់​នាង នោះ​ជា​នរណា? អូន​បាន​ដាស់​បង នៅ​ក្រោម​ដើម​ចន្ទន៍ ជា​កន្លែង​ដែល​មាតា​របស់​បង​មាន​គភ៌ ហើយ​បង្កើត​បង​មក។ សូម​ចារឹក​រូប​អូន​ក្នុង​ដួង​ចិត្ត​របស់​បង ដើម្បី​កុំ​ឲ្យ​ភ្លេច​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង​ដូច សេចក្ដី​ស្លាប់ សេចក្ដី​ស្នេហា​ប្រៀប​ដូច​ស្ថាន​មនុស្ស​ស្លាប់ សេចក្ដី​ស្នេហា​នេះ​ឆាប‌ឆេះ ដូច​ភ្លើង​របស់​ព្រះ‌អម្ចាស់។ មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើង នៃ​សេចក្ដី​ស្នេហា​បាន​ឡើយ រីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដី ស្នេហា​បាន​ដែរ ផ្ទុយ​ទៅ​វិញ អ្នក​ណា​យក​ទ្រព្យ​សម្បត្តិ ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទិញ​សេចក្ដី​ស្នេហា អ្នក​នោះ​ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។ យើង​នៅ​មាន​ប្អូន​ស្រី​ម្នាក់ តែ​នាង​មិន​ទាន់​ពេញ​រូប​រាង​ទេ នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ចែ‌ចង់​នាង តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច? ប្រសិន​បើ​នាង​ជា​កំពែង​ក្រុង​មួយ នោះ​យើង​នឹង​សង់​ប៉ម​ពី​ប្រាក់​ការពារ​នាង ប្រសិន​បើ​នាង​ជា​ទ្វារ​ក្រុង នោះ​យើង​នឹង​យក​បន្ទះ​ឈើ​តាត្រៅ មក​បាំង​នាង។ ខ្ញុំ​ជា​កំពែង​ក្រុង​មួយ សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។ ព្រះ‌បាទ​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយជូរ​មួយ នៅ​បាល‌ហាម៉ូន ស្ដេច​បាន​ប្រគល់​ចម្ការ​នោះ​ឲ្យ​អ្នក​ថែ‌រក្សា មើល​ខុស​ត្រូវ។ ម្នាក់ៗ​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ស្លឹង​ថ្វាយ​ស្ដេច។ បពិត្រ​ព្រះ‌បាទ​សាឡូម៉ូន ព្រះ‌ករុណា​ទទួល​យក​ប្រាក់​មួយ​ពាន់​ស្លឹង​នេះ តែ​ទុក​ពីរ​រយ​ស្លឹង​ឲ្យ​អ្នក​ថែ‌រក្សា​ចម្ការ។ រីឯ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំ ខ្ញុំ​រក្សា​ទុក​ខ្លួន​ឯង។ អូន​សម្លាញ់​ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យាន​អើយ មាន​គេ​លួច​ស្ដាប់​សំឡេង​របស់​អូន។ ចូរ​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង! សម្លាញ់​ចិត្ត​អូន​អើយ សូម​រត់​ចេញ​ពី​ទី​នេះ​ទៅ! សូម​រត់​យ៉ាង​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវ រត់​នៅ​លើ​ភ្នំ​ដែល​ពោរ‌ពេញ​ដោយ​គន្ធ‌ពិដោរ។