បទចម្រៀង 6:4-12

បទចម្រៀង 6:4-12 គខប

ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់ គឺ​ស្អាត​ដូច​ក្រុង​ធើសា ស្រស់​ដូច​ក្រុង​យេរូ‌សាឡឹម ហើយ​អូន​ដូច​ហ្វូង‌តារា​គួរ​ឲ្យ​ស្ញប់‌ស្ញែង។ ចូរ​កុំ​សម្លឹង​មើល​មក​បង​ដូច្នេះ ដ្បិត​កែវ​ភ្នែក​របស់​អូន​ធ្វើ​ឲ្យ​បង​ភាំង​ស្មារតី សក់​របស់​អូន​មាន​ពណ៌​ខ្មៅ​ដូច​ហ្វូង​ពពែ ចុះ​ពី​ភ្នំ​នៅ​ស្រុក​កាឡាត។ ធ្មេញ​របស់​អូន​មាន​ពណ៌​ស ដូច​ហ្វូង​ចៀម​ដែល​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។ វា​សុទ្ធ​តែ​មាន​គូ​របស់​វា ហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។ នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូន​ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។ ស្ដេច​មាន​មហេសី​ហុក‌សិប​នាក់ មាន​ស្រី​ស្នំ​ប៉ែត‌សិប​នាក់ ព្រម​ទាំង​យុវ‌នារី​ឯ​ទៀតៗ​ច្រើន​ឥត​គណនា ក៏​ប៉ុន្តែ ចំពោះ​បង​វិញ មាន​តែ​អូន​មួយ​ប៉ុណ្ណោះ​ដែល​ជា​គូ​កំណាន់​ចិត្ត អូន​ល្អ​ឥត​ខ្ចោះ អូន​ជា​កូន​តែ​មួយ​គត់​របស់​ម្ដាយ ជា​កូន​សម្លាញ់​ចិត្ត​របស់​ម្ដាយ។ ពួក​យុវ‌នារី​ឃើញ​នាង ក៏​ពោល​ថា នាង​ជា​ស្ត្រី​ប្រកប​ដោយ​សុភមង្គល ពួក​មហេសី និង​ពួក​ស្រី​ស្នំ ក៏​កោត​សរសើរ​នាង​ដែរ។ តើ​ស្ត្រី​ដែល​មាន​សម្ផស្ស ដូច​ពេល​អរុណ‌រះ មាន​រូប​ឆោម​ល្អ​ដូច​ព្រះ‌ច័ន្ទ មាន​ពន្លឺ​រស្មី​ដូច​ព្រះ‌អាទិត្យ ហើយ​ដូច​ហ្វូង‌តារា​គួរ​ឲ្យ​ស្ញប់‌ស្ញែង​នេះ ជា​នរណា? ខ្ញុំ​បាន​ចុះ​ទៅ​ចម្ការ​ដែល​មាន​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ ដើម្បី​មើល​កូន​ឈើ​ដែល​ទើប​នឹង​ដុះ មើល​ទំពាំង‌បាយជូរ​ដែល​ទើប​នឹង​ពន្លក មើល​ដើម​ទទឹម ក្រែង​លោ​មាន​ផ្កា។ ខ្ញុំ​ភាន់‌ភាំង​ស្មារតី ទោះ​បី​ខ្ញុំ​ជា​អ្នក​ត្រកូល​ខ្ពស់​ក្ដី ក៏​ខ្ញុំ​លែង​យល់​អ្វី​ទាំង​អស់។