បទចម្រៀង 6:4-12
បទចម្រៀង 6:4-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱមាសសម្លាញ់អើយ ឯងស្រស់បស់ល្អដូចក្រុងធើសា ហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡិម ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង។ ចូរបែរភ្នែកចេញពីយើងទៅ ដ្បិតភ្នែកឯងឈ្នះយើងហើយ សក់របស់ឯងប្រៀបដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំកាឡាត។ ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជម្រះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ។ តើកឯងដែលបាំងដោយស្បៃ នោះមើលទៅដូចជាផ្លែទទឹមមួយចំហៀង។ មានភរិយាចំនួនហុកសិបនាក់ នឹងអ្នកម្នាងប៉ែតសិបនាក់ ក៏មានស្រីក្រមុំៗឥតគណនា។ ប៉ុន្តែ មានតែមួយទេដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់ខ្ញុំ នាងជាកូនពន្លករបស់ម្តាយ ជាកូនសម្លាញ់របស់អ្នកដែលបង្កើតនាងមក ពួកកូនស្រីទាំងឡាយបានឃើញនាង ហើយក៏ហៅថាជាអ្នកមានពរ ព្រមទាំងពួកភរិយា និងអ្នកម្នាង ក៏សសើរនាងដែរ។ ៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផងដូច្នេះ? ៙ ខ្ញុំបានចុះទៅឯចម្ការឈើមានផ្លែគ្រាប់ ដើម្បីមើលកូនឈើខៀវខ្ចីដែលដុះនៅក្នុងច្រកភ្នំ ហើយឲ្យដឹងបើទំពាំងបាយជូរប៉ិចឡើងឬនៅ ហើយបើទទឹមមានផ្កាផង។ រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំ ទៅដាក់នៅក្នុងព្រះរាជរថ នៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។
បទចម្រៀង 6:4-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ គឺស្អាតដូចក្រុងធើសា ស្រស់ដូចក្រុងយេរូសាឡឹម ហើយអូនដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែង។ ចូរកុំសម្លឹងមើលមកបងដូច្នេះ ដ្បិតកែវភ្នែករបស់អូនធ្វើឲ្យបងភាំងស្មារតី សក់របស់អូនមានពណ៌ខ្មៅដូចហ្វូងពពែ ចុះពីភ្នំនៅស្រុកកាឡាត។ ធ្មេញរបស់អូនមានពណ៌ស ដូចហ្វូងចៀមដែលឡើងពីអណ្ដូងទឹកមកវិញ។ វាសុទ្ធតែមានគូរបស់វា ហើយគ្មានណាមួយនៅឯកោឡើយ។ នៅពីក្រោយស្បៃ ថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។ ស្ដេចមានមហេសីហុកសិបនាក់ មានស្រីស្នំប៉ែតសិបនាក់ ព្រមទាំងយុវនារីឯទៀតៗច្រើនឥតគណនា ក៏ប៉ុន្តែ ចំពោះបងវិញ មានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្ត អូនល្អឥតខ្ចោះ អូនជាកូនតែមួយគត់របស់ម្ដាយ ជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។ ពួកយុវនារីឃើញនាង ក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គល ពួកមហេសី និងពួកស្រីស្នំ ក៏កោតសរសើរនាងដែរ។ តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះ មានរូបឆោមល្អដូចព្រះច័ន្ទ មានពន្លឺរស្មីដូចព្រះអាទិត្យ ហើយដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែងនេះ ជានរណា? ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែ ដើម្បីមើលកូនឈើដែលទើបនឹងដុះ មើលទំពាំងបាយជូរដែលទើបនឹងពន្លក មើលដើមទទឹម ក្រែងលោមានផ្កា។ ខ្ញុំភាន់ភាំងស្មារតី ទោះបីខ្ញុំជាអ្នកត្រកូលខ្ពស់ក្ដី ក៏ខ្ញុំលែងយល់អ្វីទាំងអស់។
បទចម្រៀង 6:4-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អដូចក្រុងធើសា ហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡិម ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង ចូរបែរភ្នែកចេញពីអញទៅ ដ្បិតភ្នែកឯងឈ្នះអញហើយ សក់របស់ឯងប្រៀបដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំកាឡាត ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជំរះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ តើកឯងដែលបាំងដោយស្បៃ នោះមើលទៅដូចជាផ្លែទទឹម១ចំហៀង មានពួកភរិយា៦០នាក់ នឹងអ្នកម្នាង៨០នាក់ ក៏មានស្រីក្រមុំៗឥតគណនា ប៉ុន្តែមានតែ១ទេ ដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់អញ នាងជាកូនពន្លករបស់ម្តាយ ជាកូនសំឡាញ់ របស់អ្នកដែលបង្កើតនាងមក ពួកកូនស្រីទាំងឡាយបានឃើញនាង ហើយក៏ហៅថាជាអ្នកមានពរ អើ ព្រមទាំងពួកភរិយានឹងពួកអ្នកម្នាង ក៏សរសើរនាងដែរ។ ៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផងដូច្នេះ។ ៙ ខ្ញុំបានចុះទៅឯចំការឈើមានផ្លែគ្រាប់ ដើម្បីមើលកូនឈើខៀវខ្ចីដែលដុះនៅក្នុងច្រកភ្នំ ហើយឲ្យដឹងបើទំពាំងបាយជូរប៉ិចឡើងឬនៅ ហើយបើទទឹមមានផ្កាផង រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំ ទៅដាក់នៅក្នុងព្រះរាជរថនៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។