បទចម្រៀង 2:7-17

បទចម្រៀង 2:7-17 គខប

ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់ និង​សត្វ​ប្រើស​ធ្វើ​ជា​សាក្សី​ថា មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។ ខ្ញុំ​ឮ​សំនៀង​ម្ចាស់​ជីវិត​របស់​ខ្ញុំ គាត់​កំពុង​តែ​មក ទាំង​លោត​ផ្លោះ​នៅ​លើ​ភ្នំ​តូច​ធំ។ ម្ចាស់​ជីវិត​របស់​ខ្ញុំ​រត់​លឿន​ដូច​ក្ដាន់ ឬ​ប្រើស​ស្ទាវ មើល៍ គាត់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ គាត់​អើត​តាម​បង្អួច ហើយ​ពិនិត្យ​មើល​តាម​ចម្រឹង។ ម្ចាស់​ជីវិត​របស់​ខ្ញុំ​បន្លឺ​សំឡេង​មក​ខ្ញុំ​ថា: អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក! ដ្បិត​រដូវ​រងា​បាន​កន្លង​ផុត​ទៅ​ហើយ រីឯ​ភ្លៀង​ក៏​ឈប់​បង្អុរ​មក​ទៀត​ដែរ។ បុប្ផា​ទាំង‌ឡាយ​រីក​ស្គុស‌ស្គាយ​ពាស‌ពេញ​ស្រុក ហើយ​ជា​ពេល​ដែល​បក្សា‌បក្សី​យំ​ខ្ញៀវ‌ខ្ញារ លលក​បូល​លាន់​ឮ​ពេញ​ក្នុង​ស្រុក​យើង។ ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ ដើម​ទំពាំង‌បាយជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក! ព្រលឹង​មាស​បង ប្រៀប​ដូច​ជា​ព្រាប​លាក់​ខ្លួន នៅ​តាម​ក្រហែង​ថ្ម សូម​បង្ហាញ​មុខ​ឲ្យ​បង​ឃើញ​ផង សូម​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង ដ្បិត​សំឡេង​របស់​អូន​ពីរោះ ហើយ​មុខ​របស់​អូន​ស្អាត​ណាស់។ ចូរ​នាំ​គ្នា​ចាប់​កញ្ជ្រោង​នោះ​មក​ឲ្យ​យើង កូន​កញ្ជ្រោង​ទាំង​នោះ​បំផ្លាញ ទំពាំង‌បាយជូរ​របស់​យើង ដែល​កំពុង​តែ​ចេញ​ផ្កា។ ម្ចាស់​ចិត្ត​របស់​ខ្ញុំ ជា​គូ​ស្នេហ៍​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ គាត់​ឃ្វាល​ហ្វូង​សត្វ នៅ​តាម​ដើម​ក្រវាន់។ ម្ចាស់​ជីវិត​អូន​អើយ សូម​វិល​ទៅ​វិញ ឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាច ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។ សូម​វិល​ទៅ​វិញ​ឲ្យ​បាន​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវ នៅ​លើ​ភ្នំ​ដែល​បែក​គ្នា។