បទចម្រៀង 2:7-17
បទចម្រៀង 2:7-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស និងពួកក្តាន់នៅវាលធ្វើជាសាក្សីថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះហឫទ័យ។ ន៎ុះន៏ សំឡេងរបស់ស្ងួនសម្លាញ់ខ្ញុំ មើល៍ ទ្រង់មកហើយ កំពុងតែផ្លោះនៅលើភ្នំ ហើយលោតសម្ទុះក្អែកនៅលើទួល ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជាប្រើស ឬក្តាន់ស្ទាវ ទ្រង់ឈរនៅខាងក្រៅកំផែងហើយ ទ្រង់អើតមើលតាមបង្អួច ហើយក្រឡេកមើលតាមចន្លោះប្រដឹស។ ស្ងួនសម្លាញ់របស់ខ្ញុំ បានមានរាជឱអង្ការនឹងខ្ញុំថា មាសសម្លាញ់អើយ ក្រោកឡើង ស្រស់ប្រិមប្រិយអើយ ចេញមក ដ្បិតមើល៍ រដូវរងាកន្លងផុតទៅហើយ ភ្លៀងក៏រាំងស្រឡះដែរ ផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដី ពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់ ក៏ឮសំឡេងលលកនៅក្នុងស្រុកយើងហើយ ដើមល្វាមានផ្លែខ្ចីកំពុងទុំ ហើយដើមទំពាំងបាយជូរកំពុងផ្កា ក៏សាយក្លិនក្រអូបឈ្វេង ដូច្នេះ ចូរក្រោកឡើង មាសសម្លាញ់អើយ ឱស្រស់ប្រិមប្រិយអើយ ចេញមក ឱព្រាបអើយ ឯងនៅតែក្នុងក្រហែងថ្ម ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី សូមឲ្យយើងឃើញមុខឯង ហើយស្តាប់សំឡេងឯងផង ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចម្ការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងផ្កាហើយ ៙ ស្ងួនសម្លាញ់ជារបស់ខ្ញុំ ខ្ញុំក៏ជារបស់ទ្រង់ដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅកន្លែងមានផ្កាកំភ្លឹង ឱស្ងួនសម្លាញ់អើយ សូមវិលទៅវិញ ធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើច្រកភ្នំ ចាំដល់ថ្ងៃត្រជាក់ ហើយស្រមោលទៅបាត់សិន។
បទចម្រៀង 2:7-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់ និងសត្វប្រើសធ្វើជាសាក្សីថា មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប កុំដាស់សេចក្ដីស្រឡាញ់ឡើយ។ ខ្ញុំឮសំនៀងម្ចាស់ជីវិតរបស់ខ្ញុំ គាត់កំពុងតែមក ទាំងលោតផ្លោះនៅលើភ្នំតូចធំ។ ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្ដាន់ ឬប្រើសស្ទាវ មើល៍ គាត់ឈរនៅខាងក្រៅផ្ទះ គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។ ម្ចាស់ជីវិតរបស់ខ្ញុំបន្លឺសំឡេងមកខ្ញុំថា: អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមក! ដ្បិតរដូវរងាបានកន្លងផុតទៅហើយ រីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។ បុប្ផាទាំងឡាយរីកស្គុសស្គាយពាសពេញស្រុក ហើយជាពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ លលកបូលលាន់ឮពេញក្នុងស្រុកយើង។ ឧទុម្ពរចាប់ផ្ដើមផ្លែ ដើមទំពាំងបាយជូរមានផ្កា សាយក្លិនក្រអូប អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមក! ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួន នៅតាមក្រហែងថ្ម សូមបង្ហាញមុខឲ្យបងឃើញផង សូមបន្លឺសំឡេងឲ្យបងឮផង ដ្បិតសំឡេងរបស់អូនពីរោះ ហើយមុខរបស់អូនស្អាតណាស់។ ចូរនាំគ្នាចាប់កញ្ជ្រោងនោះមកឲ្យយើង កូនកញ្ជ្រោងទាំងនោះបំផ្លាញ ទំពាំងបាយជូររបស់យើង ដែលកំពុងតែចេញផ្កា។ ម្ចាស់ចិត្តរបស់ខ្ញុំ ជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វ នៅតាមដើមក្រវាន់។ ម្ចាស់ជីវិតអូនអើយ សូមវិលទៅវិញ ឲ្យបានមុនជំនោរពេលល្ងាច ហើយមុនពេលស្រមោលរលាយបាត់ទៅ។ សូមវិលទៅវិញឲ្យបានលឿនដូចក្ដាន់ និងប្រើសស្ទាវ នៅលើភ្នំដែលបែកគ្នា។
បទចម្រៀង 2:7-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើស នឹងពួកក្តាន់នៅវាលថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់ របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។ ៙ នុ៎ះន៏ សំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំ មើល ទ្រង់មកហើយ កំពុងតែផ្លោះនៅលើភ្នំ ហើយលោតសំទុះក្អែក នៅលើទួល ស្ងួនសំឡាញ់របស់ខ្ញុំប្រៀបដូចជាប្រើស ឬក្តាន់ស្ទាវ មើល ទ្រង់ឈរនៅខាងក្រៅកំផែងហើយ ទ្រង់អើតមើលតាមបង្អួច ហើយក្រឡេកមើលតាមចន្លោះប្រដឹស។ ៙ ស្ងួនសំឡាញ់របស់ខ្ញុំបានមានបន្ទូលនឹងខ្ញុំថា មាសសំឡាញ់អើយ ចូរក្រោកឡើង ស្រស់ប្រិមប្រិយអើយ ចូរចេញមក ដ្បិតមើល រដូវរងាកន្លងទៅហើយ ភ្លៀងក៏រាំងស្រឡះហើយដែរ ផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដី ពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់ ក៏ឮសំឡេងលលកនៅក្នុងស្រុកយើងហើយ ដើមល្វាមានផ្លែខ្ចីកំពុងតែទុំ ហើយដើមទំពាំងបាយជូរកំពុងតែផ្កា ក៏ផ្សាយក្លិនក្រអូបឈ្វេង ដូច្នេះ ចូរក្រោកឡើង មាសសំឡាញ់អើយ ឱស្រស់ប្រិមប្រិយអើយ ចូរចេញមក ឱព្រាបអញអើយ ឯងនៅតែក្នុងក្រហែងថ្ម ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី សូមឲ្យអញឃើញមុខឯង ហើយស្តាប់សំឡេងឯងផង ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។ ៙ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចំការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយ ស្ងួនសំឡាញ់ខ្ញុំជារបស់ផងខ្ញុំ ខ្ញុំក៏ជារបស់ផងទ្រង់ដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង ឱស្ងួនសំឡាញ់អើយ សូមវិលទៅវិញ ធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើភ្នំបេធើរ ចាំដល់ថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។