រ៉ូម 7:7-14

រ៉ូម 7:7-14 គខប

ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច? តើ​ក្រឹត្យ‌វិន័យ​ជា​បាប​ឬ? ទេ មិន​មែន​ទេ។ ប៉ុន្តែ ប្រសិន​បើ​គ្មានក្រឹត្យ‌វិន័យ​ទេ​នោះ ខ្ញុំ​ក៏​មិន​ដឹង​ថា បាប​ជា​អ្វី​ដែរ។ ប្រសិន​បើ​ក្រឹត្យ‌វិន័យ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។ បាប*​ក៏​ឆ្លៀត​ឱកាស​ដែល​បញ្ញត្តិ​ហាម​ឃាត់​ខ្ញុំ​នោះ បង្កើត​ឲ្យ​មាន​ការ​លោភ‌លន់​គ្រប់​យ៉ាង​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ប្រសិន​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ បាប​ក៏​រលាយ​សូន្យ​ដែរ​។ ពី​ដើម ខ្ញុំ​រស់​នៅ​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ។ លុះ​បញ្ញត្តិ​មក​ដល់ បាប​ក៏​កើត​មាន​ឡើង រីឯ​ខ្ញុំ ខ្ញុំ​ក៏​បាត់​បង់​ជីវិត។ ដូច្នេះ បញ្ញត្តិ​ដែល​ត្រូវ​នាំ​ឲ្យ​ខ្ញុំ​មាន​ជីវិត​នោះ បែរ​ជា​បណ្ដាល​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​វិញ ដ្បិត​បាប​បាន​ឆ្លៀត​ឱកាស​យក​បញ្ញត្តិ​មក​បោក​បញ្ឆោត​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ដោយ‌សារ​បញ្ញត្តិ​នេះ។ ដូច្នេះ ក្រឹត្យ‌វិន័យ​ក៏​វិសុទ្ធ* រីឯ​បញ្ញត្តិ​ក៏​វិសុទ្ធ សុចរិត ហើយ​ល្អ​ដែរ។ តើ​អ្វីៗ​ដ៏​ល្អ​នេះ​បែរ​ជា​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ទេ! គឺ​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់។ បាប​បាន​ប្រើ​វិន័យ​ដែល​ល្អ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា បាប​ពិត​ជា​បាប​មែន ហើយ​តាម​រយៈ​បញ្ញត្តិ បាប​លេច​ចេញ​មក​រឹត​តែ​អាក្រក់​ហួស​ហេតុ​ទៅ​ទៀត។ យើង​ដឹង​ស្រាប់​ហើយ​ថា ក្រឹត្យ‌វិន័យ​មក​ពី​ព្រះ‌វិញ្ញាណ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍ លក់​ខ្លួន​ដាច់​ថ្លៃ​ឲ្យ​បាប