រ៉ូម 7:7-14
រ៉ូម 7:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ តើយើងគួរនិយាយដូចម្តេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេ! តែបើគ្មានក្រឹត្យវិន័យទេ ខ្ញុំក៏មិនបានស្គាល់បាបដែរ។ ប្រសិនបើគម្ពីរវិន័យមិនបានចែងថា «កុំលោភលន់ » នោះខ្ញុំក៏មិនបានដឹងថាលោភលន់ជាអ្វីដែរ។ ប៉ុន្តែ ដោយបាបឆ្លៀតឱកាសតាមរយៈបញ្ញត្តិ នោះក៏បង្កើតឲ្យមានការលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ ដ្បិតបើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។ ពីដើមខ្ញុំរស់ដោយគ្មានក្រឹត្យវិន័យ លុះបញ្ញត្តិមកដល់ នោះបាបក៏រស់ឡើង ឯខ្ញុំក៏ស្លាប់ ហើយខ្ញុំឃើញថា បញ្ញត្តិដែលសន្យាឲ្យមានជីវិត នោះបង្ហាញថាខ្ញុំមានទោសត្រូវស្លាប់វិញ។ ដ្បិត ដោយបាបឆ្លៀតឱកាសតាមរយៈបញ្ញត្តិ វាក៏បញ្ឆោតខ្ញុំ ហើយសម្លាប់ខ្ញុំដោយសារបញ្ញត្តិនោះឯង។ ដូច្នេះ ក្រឹត្យវិន័យបរិសុទ្ធ ហើយបញ្ញត្តិក៏បរិសុទ្ធ សុចរិត ហើយល្អដែរ។ តើអ្វីដែលល្អនេះនាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនដូច្នោះទេ! គឺបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់តាមរយៈអ្វីដែលល្អនោះ ដើម្បីបង្ហាញឲ្យឃើញថា បាបគឺជាបាប ហើយតាមរយៈបញ្ញត្តិនោះ បាបត្រឡប់ជាធ្ងន់ហួសហេតុ។ យើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំជាមនុស្សខាងសាច់ឈាម ដែលលក់ខ្លួនជាទាសករឲ្យបាប។
រ៉ូម 7:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ តើយើងគិតដូចម្ដេច? តើក្រឹត្យវិន័យជាបាបឬ? ទេ មិនមែនទេ។ ប៉ុន្តែ ប្រសិនបើគ្មានក្រឹត្យវិន័យទេនោះ ខ្ញុំក៏មិនដឹងថា បាបជាអ្វីដែរ។ ប្រសិនបើក្រឹត្យវិន័យមិនហាមថា «កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។ បាប*ក៏ឆ្លៀតឱកាសដែលបញ្ញត្តិហាមឃាត់ខ្ញុំនោះ បង្កើតឲ្យមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំ។ ប្រសិនបើគ្មានក្រឹត្យវិន័យទេ បាបក៏រលាយសូន្យដែរ។ ពីដើម ខ្ញុំរស់នៅដោយគ្មានក្រឹត្យវិន័យ។ លុះបញ្ញត្តិមកដល់ បាបក៏កើតមានឡើង រីឯខ្ញុំ ខ្ញុំក៏បាត់បង់ជីវិត។ ដូច្នេះ បញ្ញត្តិដែលត្រូវនាំឲ្យខ្ញុំមានជីវិតនោះ បែរជាបណ្ដាលឲ្យខ្ញុំស្លាប់ទៅវិញ ដ្បិតបាបបានឆ្លៀតឱកាសយកបញ្ញត្តិមកបោកបញ្ឆោតខ្ញុំ ហើយធ្វើឲ្យខ្ញុំស្លាប់ដោយសារបញ្ញត្តិនេះ។ ដូច្នេះ ក្រឹត្យវិន័យក៏វិសុទ្ធ* រីឯបញ្ញត្តិក៏វិសុទ្ធ សុចរិត ហើយល្អដែរ។ តើអ្វីៗដ៏ល្អនេះបែរជានាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់។ បាបបានប្រើវិន័យដែលល្អធ្វើឲ្យខ្ញុំស្លាប់ ដើម្បីបង្ហាញឲ្យឃើញថា បាបពិតជាបាបមែន ហើយតាមរយៈបញ្ញត្តិ បាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។ យើងដឹងស្រាប់ហើយថា ក្រឹត្យវិន័យមកពីព្រះវិញ្ញាណ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ លក់ខ្លួនដាច់ថ្លៃឲ្យបាប
រ៉ូម 7:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ យើងនឹងថាដូចម្តេច តើក្រិត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រិត្យវិន័យចេញ ដ្បិតបើសិនជាក្រិត្យវិន័យមិនបានថា «កុំឲ្យលោភ» នោះខ្ញុំឥតបានដឹងថាមានសេចក្ដីលោភផងឡើយ តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្ដីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រិត្យវិន័យ អំពើបាបបានស្លាប់សូន្យ តែពីដើម ក្រៅពីក្រិត្យវិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្ដីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ ដ្បិតដែលបាបបានឱកាស ដោយសារសេចក្ដីបញ្ញត្តនោះក៏មកបញ្ឆោតខ្ញុំ ព្រមទាំងសំឡាប់ខ្ញុំផង ដោយសារបញ្ញត្តនោះឯង ដូច្នេះ ក្រិត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្ដីបញ្ញត្តក៏បរិសុទ្ធ សុចរិត ល្អដែរ ចុះសេចក្ដីល្អនេះ បានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្ដីល្អនោះ ដើម្បីឲ្យបាបបានសំដែងចេញមកថាជាបាបមែន ហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែង ដោយសារសេចក្ដីបញ្ញត្តនោះផង ដ្បិតយើងដឹងថា ក្រិត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប