រ៉ូម 15:4-9

រ៉ូម 15:4-9 គខប

អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ យើង​មាន​សេចក្ដី​សង្ឃឹម។ សូម​ព្រះ‌ជា‌ម្ចាស់​ដែល​ជួយ​សម្រាល​ទុក្ខ និង​ជួយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប្រោស​ប្រទាន​ឲ្យ​បងប្អូន​រួម​គ្នា មាន​ចិត្ត​គំនិត​តែ​មួយ ស្រប​តាម​ព្រះគ្រិស្ត‌យេស៊ូ ដើម្បី​ឲ្យ​បងប្អូន​មាន​ចិត្ត​ថ្លើម​តែ​មួយ មាន​សំឡេង​តែ​មួយ លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង។ ដូច្នេះ ត្រូវ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់‌ទាក់ ឲ្យ​ដូច​ព្រះ‌គ្រិស្ត​ទទួល​បងប្អូន​ដែរ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់។ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ព្រះ‌គ្រិស្ត​បាន​មក​ធ្វើ​ជា​អ្នក​បម្រើ​របស់​សាសន៍​ដែល​កាត់​ស្បែក* ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ចំពោះ​បុព្វបុរស* និង​សម្តែង​ព្រះ‌ហឫទ័យ​សច្ចៈ​របស់​ព្រះអង្គ។ រីឯ​សាសន៍​ដទៃ​វិញ គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដោយ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​គេ ដូច​មាន​ចែង​ទុក​មក​ថា: «ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ប្រកាស​ទទួល ស្គាល់​ព្រះអង្គ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ហើយ​ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ» ​។