ជាបឋម ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រិស្ត* ព្រោះតែបងប្អូនទាំងអស់គ្នា ដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។ ព្រះជាម្ចាស់ដែលខ្ញុំគោរពបម្រើយ៉ាងស្មោះដោយប្រកាសដំណឹងល្អ*អំពីព្រះបុត្រារបស់ព្រះអង្គ ព្រះអង្គធ្វើជាសាក្សីស្រាប់ហើយថា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច គ្រប់ពេលខ្ញុំអធិស្ឋាន* សូមព្រះអង្គប្រទានឲ្យខ្ញុំមានឱកាសមកសួរសុខទុក្ខបងប្អូន បើព្រះអង្គសព្វព្រះហឫទ័យ។ ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន ឲ្យបងប្អូនបានមាំមួនឡើង គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូនទាំងខ្ញុំ។ បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនបានជ្រាបយ៉ាងច្បាស់ថា ខ្ញុំមានគម្រោងការចង់មកជួបបងប្អូនច្រើនលើកច្រើនសាហើយ ដើម្បីទទួលផលខ្លះក្នុងចំណោមបងប្អូន ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ឯទៀតៗដែរ ក៏ប៉ុន្តែ មកទល់ពេលនេះ ខ្ញុំចេះតែខកខានមិនបានមក។ ខ្ញុំត្រូវតែបំពេញកិច្ចការក្នុងចំណោមសាសន៍ក្រិក និងក្នុងចំណោមសាសន៍ដទៃទៀត ក្នុងចំណោមអ្នកប្រាជ្ញ និងក្នុងចំណោមអ្នកល្ងង់។ ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អមកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។ ដំណឹងល្អនេះសម្តែងឲ្យដឹងថា ព្រះជាម្ចាស់ប្រោសប្រទានឲ្យមនុស្សបានសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ ដូចមានចែងទុកមកថា: «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ» ។
អាន រ៉ូម 1
ស្ដាប់នូវ រ៉ូម 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 1:8-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ