វិវរណៈ 12:3-8
វិវរណៈ 12:3-8 គខប
មានទីសម្គាល់មួយទៀតលេចចេញមកនៅលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វាមានមកុដប្រាំពីរដែរ។ កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែនដី។ នាគមកពេននៅមុខស្ត្រីដែលហៀបនឹងសម្រាលបុត្រ ចាំត្របាក់លេបបុត្រ នៅពេលបុត្រនោះកើតមក។ នាងសម្រាលបានបុត្រមួយដែលត្រូវកាន់ ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់ ។ ប៉ុន្តែ ព្រះជាម្ចាស់បានឆក់យកបុត្រនោះឡើងទៅជាមួយព្រះអង្គ គឺនៅជិតបល្ល័ង្ករបស់ព្រះអង្គ។ រីឯស្ត្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថាន ត្រង់កន្លែងដែលព្រះជាម្ចាស់បានរៀបចំទុក ដើម្បីឲ្យគេទំនុកបម្រុងនាងក្នុងអំឡុងពេលមួយពាន់ពីររយហុកសិបថ្ងៃ។ ពេលនោះ ក៏មានចម្បាំងផ្ទុះឡើង នៅលើមេឃ គឺមហាទេវតាមីកែល និងពួកទេវតារបស់លោកនាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវាក៏ច្បាំងតទល់វិញដែរ ក៏ប៉ុន្តែ វាច្បាំងមិនឈ្នះ ហើយរកកន្លែងស្នាក់នៅលើមេឃមិនបានទៀតឡើយ។

