វិវរណៈ 12:3-8 - Compare All Versions

វិវរណៈ 12:3-8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

មាន​ទី​សម្គាល់​មួយ​ទៀត​លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ​របស់​វា​មាន​មកុដ​ប្រាំ‌ពីរ​ដែរ។ កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែនដី។ នាគ​មក​ពេន​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ នៅ​ពេល​បុត្រ​នោះ​កើត​មក។ នាង​សម្រាល​បាន​បុត្រ​មួយ​ដែល​ត្រូវ​កាន់​ ដំបង​ដែក ដឹក​នាំ​ជាតិ​សាសន៍​ទាំង​អស់ ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ឆក់​យក​បុត្រ​នោះ​ឡើង​ទៅ​ជា​មួយ​ព្រះអង្គ គឺ​នៅ​ជិត​បល្ល័ង្ក​របស់​ព្រះអង្គ។ រីឯ​ស្ត្រី​វិញ នាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុក ដើម្បី​ឲ្យ​គេ​ទំនុក​បម្រុង​នាង​ក្នុង​អំឡុង​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ។ ពេល​នោះ ក៏​មាន​ចម្បាំង​ផ្ទុះ​ឡើង នៅ​លើ​មេឃ គឺ​មហា​ទេវតា​មីកែល និង​ពួក​ទេវតា​របស់​លោក​នាំ​គ្នា​ច្បាំង​នឹង​នាគ ហើយ​នាគ​រួម​ជា​មួយ​ពួក​បរិវារ​វា​ក៏​ច្បាំង​តទល់​វិញ​ដែរ ក៏​ប៉ុន្តែ វា​ច្បាំង​មិន​ឈ្នះ ហើយ​រក​កន្លែង​ស្នាក់​នៅ​លើ​មេឃ​មិន​បាន​ទៀត​ឡើយ។

ចែក​រំលែក
វិវរណៈ 12 គខប

វិវរណៈ 12:3-8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឃើញ​មាន​ទី​សំគាល់​១​ទៀត នៅ​លើ​មេឃ គឺ​នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដែល​មាន​ក្បាល​៧ នឹង​ស្នែង​១០ ឯ​នៅ​លើ​ក្បាល​វា​មាន​មកុដ​៧ កន្ទុយ​វា​ក៏​ទាញ​ផ្កាយ​នៅ​លើ​មេឃ​១​ភាគ​ក្នុង​៣ គ្រវាត់​ចោល​ទៅ​ផែនដី នាគ​នោះ​ក៏​ស្ថិត​នៅ​ត្រង់​មុខ​ស្ត្រី ដែល​រៀប​នឹង​សំរាល​កូន​នោះ ដើម្បី​នឹង​លេប​កូន​នាង ក្នុង​កាល​ដែល​សំរាល​ចេញ​មក នាង​សំរាល​បាន​កូន​ប្រុស ដែល​ត្រូវ​ឃ្វាល​គ្រប់​អស់​ទាំង​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ‌ទ្រង់​លើក​កូន​នាង​ទៅ​ឯ​ទ្រង់ នឹង​ដល់​បល្ល័ង្ក​ទ្រង់​វិញ រួច​ស្ត្រី​នោះ​ក៏​រត់​ទៅ​ឯ​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​ព្រះ​បាន​រៀប​កន្លែង​ឲ្យ​នាង ដើម្បី​នឹង​ចិញ្ចឹម​នាង​នៅ​ទី​នោះ អស់​រវាង​១២៦០​ថ្ងៃ។ នោះ​មាន​ចំបាំង​នៅ​លើ​មេឃ គឺ​មីកែល នឹង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ នឹង​ទេវតា​វា​ក៏​ច្បាំង​នឹង​លោក​ដែរ តែ​មិន​បាន​ឈ្នះ​ទេ ក៏​មិន​ឃើញ​មាន​កន្លែង​ណា​ឲ្យ​វា នៅ​លើ​មេឃ​ទៀត​ផង

ចែក​រំលែក
វិវរណៈ 12 ពគប

វិវរណៈ 12:3-8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

មាន​ទី​សម្គាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ​សម្បុរ​ក្រហម មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ។ កន្ទុយ​វា​ទាញ​ផ្កាយ​ពី​លើ​មេឃ​មួយ​ភាគ​បី ហើយ​គ្រវែង​ទម្លាក់​មក​ផែនដី។ បន្ទាប់​មក នាគ​ក៏​ឈរ​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ ចាំ​លេប​កូន​របស់​នាង ពេល​ណា​កូន​នោះ​សម្រាល​ចេញ​មក។ នាង​សម្រាល​បាន​កូន​ប្រុស ដែល​ត្រូវ​គ្រប់​គ្រង​លើ អស់​ទាំង​ជាតិ​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ​បាន​ឆក់​យក​កូន​របស់​នាង​ទៅ​ដល់​បល្ល័ង្ក​របស់​ព្រះ‌អង្គ រួច​ស្ត្រី​នោះ​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ឲ្យ​នាង ដើម្បី​ចិញ្ចឹម​នាង អស់​រយៈ​ពេល​មួយពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ។ ពេល​នោះ មាន​ចម្បាំង​កើត​ឡើង​នៅ​លើ​មេឃ គឺ​មីកែល និង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ និង​ទេវតា​របស់​វា​ក៏​ច្បាំង​តប​វិញ តែ​មិន​បាន​ឈ្នះ​ទេ ក៏​គ្មាន​កន្លែង​ណា​ឲ្យ​វា​នៅ​ស្ថាន‌សួគ៌​ទៀត​ដែរ។

ចែក​រំលែក
វិវរណៈ 12 គកស១៦