ខ្ញុំឃើញទេវតា*ខ្លាំងពូកែមួយរូបទៀតចុះពីលើមេឃមក មានពពក*ព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចសសរភ្លើង។ ដៃលោកកាន់ក្រាំងតូចមួយដែលបើកស្រាប់ លោកដាក់ជើងស្ដាំលើសមុទ្រ ជើងឆ្វេងលើដីគោក។ លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងដូចសិង្ហគ្រហឹម ហើយពេលទេវតានោះបន្លឺសំឡេង ផ្គរទាំងប្រាំពីរក៏លាន់ឮឡើងដែរ។ ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុក ស្រាប់តែឮសំឡេងមួយពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះឲ្យជិត កុំសរសេរទុកឡើយ»។ រីឯទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅលើមេឃ ហើយស្បថក្នុងព្រះនាមព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ទេវតានោះបានពោលយ៉ាងឱឡារិកថា «គ្មានពន្យារពេលទៀតឡើយ នៅគ្រាណាទេវតាទីប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលលោកចាប់ផ្ដើមផ្លុំត្រែ ព្រះជាម្ចាស់នឹងសម្រេចតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ ដូចព្រះអង្គបានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកព្យាការី* ជាអ្នកបម្រើរបស់ព្រះអង្គ»។ បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ក្នុងដៃទេវតា ដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។ ខ្ញុំក៏ដើរទៅរកទេវតានោះ ទាំងសុំឲ្យលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវតាមកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។ បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងព្រះបន្ទូលសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និងអំពីស្ដេចជាច្រើនផង»។
អាន វិវរណៈ 10
ស្ដាប់នូវ វិវរណៈ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 10:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ