វិវរណៈ 10:1-11

វិវរណៈ 10:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ឃើញ​ទេវតា​ដ៏​ពូកែ​មួយ​ទៀត ចុះ​ពី​លើ​មេឃ​មក មាន​ពពក​ព័ទ្ធ​ជុំវិញ​ខ្លួន ហើយ​មាន​ឥន្ទធនូ​នៅ​លើ​ក្បាល មុខ​លោក​ដូច​ព្រះអាទិត្យ ហើយ​ជើង​លោក​ដូច​ជា​បង្គោល​ភ្លើង។ លោក​កាន់​ក្រាំង​មួយ​តូច​បើក​នៅ​នឹង​ដៃ លោក​ឈាន​ជើង​ស្តាំ​ទៅ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​ទៅ​លើ​ដី​គោក លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង ដូច​សំឡេង​សិង្ហ​គ្រហឹម។ ពេល​ទេវតា​នោះបន្លឺ​សំឡេង​ឡើង ផ្គរ​លាន់​ទាំង​ប្រាំពីរ​ក៏​លាន់​ឮ​ឡើង​ដែរ។ កាល​បាន​ឮ​ផ្គរ​លាន់​ទាំង​ប្រាំពីរ​នោះ​រួច​ហើយ នោះ​ខ្ញុំ​ហៀប​នឹង​សរសេរ តែ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរ​លាន់​ទាំង​ប្រាំពីរ​បាន​ថ្លែង​នោះ​ទៅ កុំ​ឲ្យ​កត់​សេចក្ដី​ទាំង​នោះ​ឡើយ»។ ពេល​នោះ ទេវតា​ដែល​ខ្ញុំ​ឃើញ​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ ក៏​លើក​ដៃ​ស្តាំ​ទៅ​លើ​មេឃ ហើយ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផ្ទៃ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី ព្រម​ទាំង​សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ ថា «គ្មាន​ពេល​បង្អង់​ទៀត​ឡើយ តែ​នៅ​គ្រា​ដែល​សំឡេង​ត្រែ​របស់​ទេវតា​ទី​ប្រាំពីរ​ត្រូវ​ផ្លុំ​ឡើង នោះ​សេចក្ដី​អាថ៌‌កំបាំង​របស់​ព្រះ​នឹង​បាន​សម្រេច ដូច​ព្រះ‌អង្គ​បាន​ប្រកាស​ប្រាប់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ»។ បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​ពី​លើ​មេឃ​និយាយ​មក​ខ្ញុំ​ម្តង​ទៀត​ថា៖ «ចូរ​ទៅ​យក​ក្រាំង​ដែល​បើក​ស្រាប់​នៅ​នឹង​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ​មក»។ ដូច្នេះ ខ្ញុំ​ក៏​ដើរ​ទៅ​រក​ទេវតា​នោះ ហើយ​សូម​លោក​ឲ្យ​ប្រគល់​ក្រាំង​តូច​នោះ​មក​ខ្ញុំ។ ទេវតា​នោះ​ពោល​មក​ខ្ញុំ​ថា៖ «ចូរ​យក​ទៅ​បរិ‌ភោគ​ចុះ ក្រាំង​នេះ​នឹង​ល្វីង​នៅ​ក្នុង​ពោះ​អ្នក តែ​នៅ​ក្នុង​មាត់​នឹង​ផ្អែម​ដូច​ទឹក​ឃ្មុំ​វិញ»។ ខ្ញុំ​ក៏​យក​ក្រាំង​តូច​នោះ​ពី​ដៃ​ទេវតា​មក​បរិ‌ភោគ ហើយ​នៅ​ក្នុង​មាត់​ខ្ញុំ​ផ្អែម​ដូច​ទឹក​ឃ្មុំ តែ​កាល​ខ្ញុំ​បាន​បរិ‌ភោគ​រួច​ហើយ នោះ​ក៏​ល្វីង​នៅ​ក្នុង​ពោះ​ខ្ញុំ​មែន។ បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​ទំនាយ​ម្តង​ទៀត អំពី​ប្រជា‌ជន អំពី​ជាតិ​សាសន៍ អំពី​ភាសា និង​អំពី​ស្តេច​ជា​ច្រើន​ផង»។

ចែក​រំលែក
អាន វិវរណៈ 10

វិវរណៈ 10:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ឃើញ​ទេវតា*​ខ្លាំង​ពូកែ​មួយ​រូប​ទៀត​ចុះ​ពី​លើ​មេឃ​មក មាន​ពពក*​ព័ទ្ធ​ជុំ‌វិញ​ខ្លួន មាន​ឆព្វណ្ណ‌រង្សី​នៅ​លើ​ក្បាល មុខ​លោក​ដូច​ព្រះ‌អាទិត្យ ហើយ​ជើង​លោក​ដូច​សសរ​ភ្លើង។ ដៃ​លោក​កាន់​ក្រាំង​តូច​មួយ​ដែល​បើក​ស្រាប់ លោក​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ ជើង​ឆ្វេង​លើ​ដី​គោក។ លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ដូច​សិង្ហ​គ្រហឹម ហើយ​ពេល​ទេវតា​នោះ​បន្លឺ​សំឡេង ផ្គរ​ទាំង​ប្រាំ‌ពីរ​ក៏​លាន់​ឮ​ឡើង​ដែរ។ ពេល​ផ្គរ‌លាន់​ឮ​រួច​ហើយ ខ្ញុំ​ហៀប​នឹង​សរសេរ​ទុក ស្រាប់​តែ​ឮ​សំឡេង​មួយ​ពោល​ពី​លើ​មេឃ​មក​ថា៖ «ចូរ​លាក់​សេចក្ដី​ដែល​ផ្គរ‌លាន់​ទាំង​ប្រាំ‌ពីរ​បាន​ថ្លែង​នោះ​ឲ្យ​ជិត កុំ​សរសេរ​ទុក​ឡើយ»។ រីឯ​ទេវតា​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ ក៏​លើក​ដៃ​ស្ដាំ​ឡើង​ទៅ​លើ​មេឃ ហើយ​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ​ គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ។ ទេវតា​នោះ​បាន​ពោល​យ៉ាង​ឱឡា‌រិក​ថា «គ្មាន​ពន្យារ​ពេល​ទៀត​ឡើយ នៅ​គ្រា​ណា​ទេវតា​ទី​ប្រាំ‌ពីរ​បន្លឺ​សំឡេង​ឡើង គឺ​នៅ​ពេល​លោក​ចាប់​ផ្ដើម​ផ្លុំ​ត្រែ ព្រះ‌ជា‌ម្ចាស់​នឹង​សម្រេច​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះអង្គ ដូច​ព្រះអង្គ​បាន​ប្រទាន​ដំណឹង‌ល្អ​ទុក​ជា​មុន តាម​រយៈ​ពួក​ព្យាការី* ជា​អ្នក​បម្រើ​របស់​ព្រះអង្គ»។ បន្ទាប់​មក សំឡេង​ដែល​ខ្ញុំ​បាន​ឮ​ពី​លើ​មេឃ​នោះ ក៏​ពោល​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា៖ «សូម​អញ្ជើញ​ទៅ​យក​ក្រាំង​តូច​បើក​ស្រាប់​ក្នុង​ដៃ​ទេវតា ដែល​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ​មក»។ ខ្ញុំ​ក៏​ដើរ​ទៅ​រក​ទេវតា​នោះ ទាំង​សុំ​ឲ្យ​លោក​ប្រគល់​ក្រាំង​តូច​មក​ខ្ញុំ។ លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​យក​ក្រាំង​នេះ ហើយ​បរិភោគ​វា​ទៅ។ ក្រាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ពោះ​ តែ​កាល​នៅ​ក្នុង​មាត់ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ»។ ខ្ញុំ​ក៏​ទទួល​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​បរិភោគ នៅ​ក្នុង​មាត់​ខ្ញុំ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ ​ លុះ​បរិភោគ​រួច​ហើយ ខ្ញុំ​ក៏​ឈឺ​ពោះ។ បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​ព្រះ‌បន្ទូល​សា​ជា​ថ្មី​ទៀត អំពី​ប្រជា‌ជន អំពី​ជាតិ​សាសន៍ អំពី​ភាសា​នានា និង​អំពី​ស្ដេច​ជា​ច្រើន​ផង»។

ចែក​រំលែក
អាន វិវរណៈ 10

វិវរណៈ 10:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​១​ទៀត ចុះ​មក​ពី​លើ​មេឃ មាន​ពពក​ហ៊ុំ ហើយ​មាន​ឥន្ទ‌ធនូ​នៅ​លើ​ក្បាល មុខ​នៃ​ទេវតា​នោះ​ដូច​ជា​ថ្ងៃ ហើយ​ជើង​ដូច​ជា​បង្គោល​ភ្លើង មាន​កាន់​ក្រាំង​១​តូច​បើក​នៅ​ដៃ ក៏​ឈាន​ជើង​ស្តាំ​ទៅ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​ទៅ​លើ​ដី​គោក រួច​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង ដូច​ជា​សំឡេង​នៃ​សត្វ​សិង្ហ​ដែល​គ្រហឹម លុះ​បាន​បន្លឺ​ស្រេច​ហើយ នោះ​ក៏​មាន​ឮ​សំឡេង​ផ្គរ‌លាន់​៧ កាល​បាន​ឮ​ផ្គរ‌លាន់​ទាំង​៧​នោះ​រួច​ហើយ នោះ​ខ្ញុំ​រៀប​នឹង​សរសេរ តែ​មាន​សំឡេង​ចេញ​ពី​លើ​មេឃ​ប្រាប់​ខ្ញុំ​ថា ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរ‌លាន់​ទាំង​៧​បាន​ថ្លែង​នោះ​ទៅ កុំ​ឲ្យ​កត់​សេចក្ដី​ទាំង​នោះ​ឡើយ រួច​ទេវតា​ដែល​ខ្ញុំ​ឃើញ​ឈរ​លើ​សមុទ្រ ហើយ​លើ​ដី​គោក​ក៏​លើក​ដៃ​ស្តាំ​ទៅ​លើ​មេឃ ទាំង​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បង្កើត​មេឃ ដី សមុទ្រ នឹង​របស់​ទាំង​ប៉ុន្មាន ដែល​នៅ​ស្ថាន​ទាំង​នោះ​ថា គ្មាន​ពេល​បង្អង់​ទៀត​ឡើយ តែ​នៅ​គ្រា​ដែល​ឮ​សំឡេង​ទេវតា​ទី​៧ ក្នុង​កាល​ដែល​រៀប​នឹង​ផ្លុំ​ត្រែ នោះ​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ​នឹង​បាន​សំរេច ដូច​ជា​ទ្រង់​បាន​ផ្សាយ​ដំណឹង​ល្អ​មក​ប្រាប់​ពួក​ហោរា ជា​ពួក​បាវ​បំរើ​របស់​ទ្រង់​ដែរ។ ឯ​សំឡេង​ដែល​ខ្ញុំ​ឮ​ពី​លើ​មេឃ នោះ​ក៏​និយាយ​មក​ខ្ញុំ​ម្តង​ទៀត​ថា ចូរ​ទៅ​យក​ក្រាំង​តូច​ដែល​បើក​នៅ​ដៃ​ទេវតា ដែល​ឈរ​លើ​សមុទ្រ ហើយ​លើ​ដី​គោក​នោះ​ចុះ ខ្ញុំ​ក៏​ទៅ​ឯ​ទេវតា​នោះ និយាយ​ថា សូម​ឲ្យ​ក្រាំង​តូច​នោះ​មក​ខ្ញុំ ទេវតា​ឆ្លើយ​ថា ចូរ​យក​ទៅ​បរិភោគ​ចុះ ក្រាំង​នេះ​នឹង​ធ្វើ​ឲ្យ​ពោះ​ឯង​ល្វីង តែ​នៅ​ក្នុង​មាត់​នឹង​បាន​ផ្អែម​ដូច​ទឹក​ឃ្មុំ​ទេ នោះ​ខ្ញុំ​ក៏​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​ទទួល​ទាន​ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក៏​ផ្អែម​ដូច​ទឹក​ឃ្មុំ​មែន តែ​កាល​ខ្ញុំ​បាន​ទទួល​ទាន​រួច​ទៅ​ហើយ នោះ​ពោះ​ខ្ញុំ​បាន​ទៅ​ជា​ល្វីង​វិញ រួច​ទេវតា​ប្រាប់​ខ្ញុំ​ថា ឯង​ត្រូវ​ទាយ​ម្តង​ទៀត គឺ​ទាយ​ពី​ដំណើរ​គ្រួសារ នឹង​ពី​ពួក​សាសន៍ ពី​ភាសា​ផ្សេងៗ ហើយ​ពី​ស្តេច​ជា​ច្រើន។

ចែក​រំលែក
អាន វិវរណៈ 10