ទំនុកតម្កើង 94:1-23
ទំនុកតម្កើង 94:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃការសងសឹក ឱព្រះនៃការសងសឹកអើយ សូមភ្លឺមក! ឱចៅក្រមនៃផែនដីអើយ សូមក្រោកឡើង សូមសងដល់មនុស្សអំនួត ឲ្យសមនឹងអំពើរបស់គេ! ឱព្រះយេហូវ៉ាអើយ តើមនុស្សអាក្រក់នឹងនៅដល់កាលណា? តើមនុស្សអាក្រក់នឹងតម្កើងខ្លួន ដល់កាលណាទៀត? ៙ គេបង្ហូរចេញជាពាក្យព្រហើន អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនាំគ្នាអួតអាង។ ឱព្រះយេហូវ៉ាអើយ គេញាំញីប្រជារាស្ត្ររបស់ព្រះអង្គ ហើយធ្វើទុក្ខមត៌ក របស់ព្រះអង្គ។ គេសម្លាប់ស្ត្រីមេម៉ាយ និងពួកអ្នកស្នាក់អាស្រ័យ គេធ្វើឃាតក្មេងកំព្រា ហើយគេពោលថា «ព្រះយេហូវ៉ា មើលមិនឃើញទេ ព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ»។ ៙ ឱមនុស្សកំរោលក្នុងបណ្ដាជនអើយ ចូរស្វែងយល់ទៅ! មនុស្សល្ងង់ខ្លៅអើយ តើពេលណាទើបអ្នករាល់គ្នាមានប្រាជ្ញា? ព្រះអង្គដែលបានបង្កើតត្រចៀកមក តើព្រះអង្គមិនឮទេឬ? ព្រះអង្គដែលបានសូនធ្វើភ្នែក តើព្រះអង្គមើលមិនឃើញទេឬ? ព្រះអង្គដែលវាយប្រដៅអស់ទាំងសាសន៍ តើព្រះអង្គមិនវាយផ្ចាលទេឬ? ព្រះអង្គដែលបង្រៀនមនុស្សឲ្យមានចំណេះ គឺព្រះយេហូវ៉ា ព្រះអង្គជ្រាបគំនិតរបស់មនុស្ស ថា គេជាមនុស្សដែលនៅតែមួយដង្ហើមប៉ុណ្ណោះ។ ៙ ឱព្រះយេហូវ៉ា អើយ មានពរហើយ មនុស្សណាដែលព្រះអង្គវាយផ្ចាល ហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យ របស់ព្រះអង្គ ដើម្បីប្រទានឲ្យគេបានសម្រាកនៅថ្ងៃអាក្រក់ ដរាបដល់គេជីករណ្តៅ ទុកសម្រាប់មនុស្សអាក្រក់។ ដ្បិតព្រះយេហូវ៉ានឹងមិនបោះបង់ចោល ប្រជារាស្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គនឹងមិនបោះបង់មត៌ករបស់ព្រះអង្គ ចោលជាដាច់ខាត ដ្បិតយុត្តិធម៌នឹងវិលមករកមនុស្សសុចរិតវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងប្រព្រឹត្តតាម។ ៙ តើអ្នកណាក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងមនុស្សអាក្រក់? តើអ្នកណាឈរឡើងជំនួសខ្ញុំ ដើម្បីនឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិត? ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំទេ ព្រលឹងខ្ញុំមុខជាបានទៅនៅ ក្នុងស្ថានស្ងាត់ឈឹងភ្លាមមិនខាន។ ឱព្រះយេហូវ៉ាអើយ កាលទូលបង្គំគិតថា «ជើងទូលបង្គំរអិលហើយ» នោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ជួយទ្រទូលបង្គំ។ កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។ តើពួកមេនៃសេចក្ដីអាក្រក់ គឺអស់អ្នកដែលបង្កើតរឿងប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់ អាចមានសម្ព័ន្ធមិត្តជាមួយព្រះអង្គបានឬ? គេលើកគ្នាទាស់នឹងជីវិតមនុស្សសុចរិត ហើយគេកាត់ទោសប្រហារជីវិត មនុស្សស្មោះត្រង់។ ប៉ុន្តែ ព្រះយេហូវ៉ាជាទីពឹងមាំមួននៃទូលបង្គំ ហើយព្រះនៃទូលបង្គំព្រះអង្គជាថ្មដា និងជាជម្រកនៃទូលបង្គំ។ ព្រះអង្គនឹងសងទៅគេវិញ តាមអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើអាក្រក់របស់គេ គឺព្រះយេហូវ៉ាជាព្រះនៃយើង នឹងធ្វើឲ្យគេវិនាសសូន្យទៅ។
ទំនុកតម្កើង 94:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ ព្រះអង្គតែងតែសងសឹក ឱព្រះដែលតែងតែសងសឹក សូមសម្តែងឫទ្ធិបារមី! ឱព្រះដែលជាចៅក្រមនៃពិភពលោកអើយ សូមក្រោកឡើង! សូមដាក់ទោសមនុស្សព្រហើន ឲ្យសមនឹងអំពើដែលគេបានប្រព្រឹត្ត! ឱព្រះអម្ចាស់អើយ តើទុកឲ្យមនុស្សអាក្រក់លើកតម្កើងខ្លួន ដល់កាលណាទៀត? ពួកគេពោលពាក្យអួតបំប៉ោង ពួកគេវាយឫកខ្ពស់ ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។ ឱព្រះអម្ចាស់អើយ ពួកគេជិះជាន់សង្កត់សង្កិន ប្រជារាស្ត្ររបស់ព្រះអង្គ ពួកគេបន្ទាបបន្ថោកប្រជាជនរបស់ព្រះអង្គ ពួកគេសម្លាប់ស្ត្រីមេម៉ាយ និងជនអន្តោប្រវេសន៍ ពួកគេធ្វើឃាតក្មេងកំព្រា ហើយពោលថា «ព្រះអម្ចាស់មើលមិនឃើញទេ ព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ!» មនុស្សល្ងីល្ងើជាងគេអើយ ចូរប្រយ័ត្នខ្លួន! មនុស្សឆោតល្ងង់អើយ តើពេលណាទើបអ្នករាល់គ្នាចេះរិះគិត? ព្រះអង្គដែលជាអ្នកបង្កើតត្រចៀកមនុស្សមក តើព្រះអង្គមិនចេះស្ដាប់ឬ? ព្រះអង្គដែលជាអ្នកបង្កើតភ្នែកមនុស្សមក តើព្រះអង្គមិនចេះទតឬ? ព្រះអង្គដែលជាអ្នកវាយប្រដៅប្រជាជាតិនានា តើព្រះអង្គមិនចេះដាក់ទោសទេឬ? ព្រះអង្គដែលជាអ្នកបង្រៀនមនុស្សលោក ឲ្យចេះដឹង តើព្រះអង្គមិនចេះដឹងទេឬ? ព្រះអម្ចាស់ជ្រាបគំនិតរបស់មនុស្សលោក ច្បាស់ណាស់! គឺគំនិតរបស់គេឥតខ្លឹមសារអ្វីទាំងអស់! ឱព្រះអម្ចាស់អើយ អ្នកណាមានព្រះអង្គរំឭកដាស់តឿន ហើយយកក្រឹត្យវិន័យមកប្រៀនប្រដៅ អ្នកនោះមានសុភមង្គលហើយ! នៅថ្ងៃមានអាសន្ន ព្រះអង្គប្រទានឲ្យគេមានចិត្តស្ងប់ រីឯមនុស្សអាក្រក់វិញ មានរណ្ដៅបម្រុងទុកសម្រាប់កប់ពួកគេ ដ្បិតព្រះអម្ចាស់មិនបោះបង់ប្រជារាស្ត្រ របស់ព្រះអង្គឡើយ ព្រះអង្គមិនចោលប្រជាជនរបស់ព្រះអង្គផ្ទាល់ ជាដាច់ខាត។ ពេលនោះ ចៅក្រមនឹងកាត់ក្ដី ដោយយុត្តិធម៌ឡើងវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងដើរតាមគន្លងយុត្តិធម៌។ តើមាននរណាក្រោកឡើងការពារខ្ញុំ ជំទាស់នឹងមនុស្សអាក្រក់? តើមាននរណាឈរជាមួយខ្ញុំ ប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត? ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះ ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។ ឱព្រះអម្ចាស់អើយ ពេលណាទូលបង្គំពោលថា «ខ្ញុំដួលឥឡូវហើយ!» នោះព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ជួយទ្រទូលបង្គំ។ ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ ព្រះអង្គសម្រាលទុក្ខទូលបង្គំ ដោយប្រទានឲ្យទូលបង្គំមានអំណរសប្បាយ។ តើអ្នកមានពាក់ព័ន្ធជាមួយនឹងចៅក្រម ដ៏ទុច្ចរិតទាំងនោះ ដែលប្រើច្បាប់ជិះជាន់សង្កត់សង្កិនប្រជាជនឬទេ? ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។ ក៏ប៉ុន្តែ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ ព្រះរបស់ខ្ញុំជាថ្មដា និងជាជម្រក សម្រាប់ខ្ញុំ។ ព្រះអង្គសងទៅពួកគេវិញ សមតាមកំហុសដែលគេបានប្រព្រឹត្ត ព្រះអង្គធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ ព្រះអម្ចាស់ជាព្រះនៃយើង នឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។
ទំនុកតម្កើង 94:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីសងសឹកអើយ ឱព្រះនៃសេចក្ដីសងសឹកអើយ សូមភ្លឺមក ឱចៅក្រមនៃផែនដីអើយ សូមទ្រង់ក្រោកឡើង សូមសងដល់ពួកឆ្មើងឆ្មៃតាមសមគួរ មនុស្សអាក្រក់នឹងនៅមានជ័យជំនះដល់កាលណាទៀត ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ គេបង្ហូរចេញជាពាក្យព្រហើន ហើយពោលតែពាក្យ ឆ្មើងឆ្មៃប៉ុណ្ណោះ គឺអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេរមែងអួតខ្លួន ឱព្រះយេហូវ៉ាអើយ គេញាំញីរាស្ត្ររបស់ទ្រង់ ហើយធ្វើទុក្ខដល់មរដកទ្រង់ គេសំឡាប់ស្រីមេម៉ាយ នឹងពួកអ្នកស្នាក់នៅ ព្រមទាំងប្រហារជីវិតនៃពួកកំព្រាផង ហើយពោលថា ព្រះយេហូវ៉ាមិនឃើញទេ ព្រះនៃយ៉ាកុប ទ្រង់មិនពិចារណាឡើយ ឱពួកអ្នកកំរោលក្នុងបណ្តាជនអើយ ចូរពិចារណាចុះ ឱមនុស្សឥតបើគិតអើយ តើកាលណានឹងមានប្រាជ្ញាឡើង ឯព្រះដែលទ្រង់បង្កើតត្រចៀក តើទ្រង់មិនឮទេឬ ព្រះដែលសូនធ្វើភ្នែក តើទ្រង់មិនឃើញទេឬ ព្រះដែលវាយប្រដៅដល់អស់ទាំងសាសន៍ តើទ្រង់មិនផ្ចាលឯងទេឬអី គឺព្រះនោះឯង ដែលបង្រៀនឲ្យមនុស្សមានចំណេះ ព្រះយេហូវ៉ាទ្រង់ជ្រាបអស់ទាំងគំនិតរបស់មនុស្សថា សុទ្ធតែឥតប្រយោជន៍ទទេ ឱព្រះយេហូវ៉ាអើយ មានពរហើយ មនុស្សណាដែល ទ្រង់វាយផ្ចាល ហើយបង្ហាត់បង្រៀនតាមក្រិត្យវិន័យទ្រង់ផង គឺដើម្បីឲ្យទ្រង់បានប្រោស ឲ្យអ្នកនោះមានសេចក្ដី សំរាកនៅថ្ងៃអាក្រក់ ទំរាំតែគេជីករណ្តៅសំរាប់មនុស្សប្រព្រឹត្តទំនាស់ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ ក៏មិនលះបង់មរដកទ្រង់ដែរ ពីព្រោះសេចក្ដីវិនិច្ឆ័យនឹងត្រឡប់តាមសុចរិតវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ គេនឹងប្រព្រឹត្តតាមដែរ តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួក អ្នកដែលប្រព្រឹត្តការអាក្រក់ តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួក ដែលប្រព្រឹត្តការទុច្ចរិត បើប្រសិនជាព្រះយេហូវ៉ាទ្រង់មិនបានជួយខ្ញុំទេ នោះព្រលឹងខ្ញុំនឹងបានទៅនៅក្នុងទីស្ងាត់ឈឹង ដោយឆាប់ហើយ កាលទូលបង្គំបានពោលថា ជើងទូលបង្គំរអិលភ្លាត់ហើយ នោះ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ បានទប់ទល់ទូលបង្គំ គ្រាដែលទូលបង្គំមានគំនិតសាន់វ័ណ្តក្នុងចិត្តជាច្រើន នោះសេចក្ដីកំសាន្តចិត្តនៃទ្រង់ក៏ជាទីរីករាយដល់ ព្រលឹងទូលបង្គំវិញ តើបល្ល័ង្កនៃសេចក្ដីអាក្រក់ នឹងអាចមានសេចក្ដីប្រកប នឹងទ្រង់បានដែរឬ គឺជាពួកអ្នកដែលបង្កើតការប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់ គេលើកគ្នាទាស់នឹងជីវិតនៃមនុស្សសុចរិត ហើយក៏កាត់ទោសដល់ឈាមដែលឥតមានទោសផង ប៉ុន្តែព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន ទ្រង់បានទំលាក់ការទុច្ចរិតរបស់គេទៅលើគេវិញ ហើយនឹងកាត់គេចេញ ដោយអំពើអាក្រក់របស់ខ្លួនគេ គឺព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងកាត់កាល់គេចេញ។