ទំនុកតម្កើង 9:13-20

ទំនុកតម្កើង 9:13-20 គខប

ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​អាសូរ​ទូលបង្គំ​ផង សូម​ទត​មើល​ទូលបង្គំ​ដែល​រង​ទុក្ខ​លំបាក ព្រោះ​តែ​ពួក​ខ្មាំង​សត្រូវ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​នាំ​ទូលបង្គំឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​ទូលបង្គំ​ថ្លែង​គ្រប់​ពាក្យ សរសើរ​តម្កើង​ព្រះអង្គ​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូន និង​ឲ្យ​ទូលបង្គំ​ត្រេក​អរ​សប្បាយ​បំផុត ព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។ ប្រជា‌ជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​គេ​បាន​ជីក ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បាន បង្កប់​ទុក​នោះ​ដែរ។ ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះអង្គ ព្រះអង្គ​កាត់​ទោស​គេ មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។ ប្រគំ​ភ្លេង សម្រាក សូម​ឲ្យ​មនុស្ស​អាក្រក់ គឺ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់ វិល​ទៅ​រក​ស្ថាន​មនុស្ស​ស្លាប់​វិញ​ទៅ។ រីឯ​មនុស្ស​ក្រីក្រ ព្រះអង្គ​មិន​ភ្លេច​គេ​សោះ​ឡើយ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​វេទនា ក៏​មិន​ដែល​សាប‌សូន្យ​ដែរ។ ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង! សូម​កុំ​ឲ្យ​មនុស្ស​លោក​មាន​ជ័យ‌ជម្នះ​ឡើយ! សូម​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត! សូម​ធ្វើ​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​ដឹង​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ!។ - សម្រាក