ទំនុកតម្កើង 9:13-20
ទំនុកតម្កើង 9:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ សូមទតមើលទុក្ខលំបាករបស់ទូលបង្គំ ដោយសារអស់អ្នកដែលស្អប់ទូលបង្គំផង ព្រះអង្គហើយ ដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់ ដើម្បីឲ្យទូលបង្គំបានថ្លែងពី អស់ទាំងសេចក្ដីសរសើររបស់ព្រះអង្គ នៅមាត់ទ្វារទាំងប៉ុន្មាននៃកូនស្រីស៊ីយ៉ូន ហើយត្រេកអរ ក្នុងការសង្គ្រោះរបស់ព្រះអង្គ។ សាសន៍នានាបានផុង ទៅក្នុងរណ្តៅដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ ដែលខ្លួនគេបានបង្កប់ទុក។ ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់ មនុស្សអាក្រក់នឹងត្រូវវិលទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះ។ ដ្បិតមនុស្សក្រីក្រមិនត្រូវគេភ្លេចរហូតទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ។ ឱព្រះយេហូវ៉ាអើយ សូមតើនឡើង សូមកុំឲ្យមនុស្សលោកឈ្នះឡើយ សូមឲ្យសាសន៍នានារងការជំនុំជម្រះ នៅចំពោះព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមឲ្យពួកគេភិតភ័យ សូមឲ្យសាសន៍ទាំងឡាយដឹងខ្លួនថា គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ –បង្អង់
ទំនុកតម្កើង 9:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមអាណិតអាសូរទូលបង្គំផង សូមទតមើលទូលបង្គំដែលរងទុក្ខលំបាក ព្រោះតែពួកខ្មាំងសត្រូវ មានតែព្រះអង្គទេ ដែលអាចនាំទូលបង្គំឲ្យរួចពីសេចក្ដីស្លាប់ ដើម្បីឲ្យទូលបង្គំថ្លែងគ្រប់ពាក្យ សរសើរតម្កើងព្រះអង្គនៅមាត់ទ្វារក្រុងស៊ីយ៉ូន និងឲ្យទូលបង្គំត្រេកអរសប្បាយបំផុត ព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ។ ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបាន បង្កប់ទុកនោះដែរ។ ព្រះអម្ចាស់បានសម្តែងឲ្យគេស្គាល់ព្រះអង្គ ព្រះអង្គកាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក សូមឲ្យមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់ វិលទៅរកស្ថានមនុស្សស្លាប់វិញទៅ។ រីឯមនុស្សក្រីក្រ ព្រះអង្គមិនភ្លេចគេសោះឡើយ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សវេទនា ក៏មិនដែលសាបសូន្យដែរ។ ព្រះអម្ចាស់អើយ សូមតើនឡើង! សូមកុំឲ្យមនុស្សលោកមានជ័យជម្នះឡើយ! សូមវិនិច្ឆ័យទោសប្រជាជាតិនានា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ឱព្រះអម្ចាស់អើយ សូមធ្វើឲ្យពួកគេភ័យតក់ស្លុត! សូមធ្វើឲ្យប្រជាជនទាំងឡាយដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។ - សម្រាក
ទំនុកតម្កើង 9:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសទូលបង្គំ សូមទ្រង់ទតមើលសេចក្ដីទុក្ខលំបាករបស់ទូលបង្គំផង ជាការដែលទូលបង្គំទ្រាំរងនេះ ដោយសារពួកអ្នកដែលស្អប់ទូលបង្គំ គឺទ្រង់ហើយ ដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់ ដើម្បីឲ្យទូលបង្គំបានសំដែងចេញអស់ទាំងសេចក្ដី សរសើរនៃទ្រង់ នៅគ្រប់ទាំងទ្វារនៃកូនស្រីស៊ីយ៉ូន ទូលបង្គំនឹងរីករាយឡើង ក្នុងសេចក្ដីសង្គ្រោះរបស់ទ្រង់ អស់ទាំងសាសន៍ដទៃបានផុងទៅ ក្នុងរណ្តៅដែលខ្លួនបានជីក ជើងគេជាប់នៅក្នុងអន្ទាក់វាត់ ដែលខ្លួនគេបានបង្កប់ទុក ព្រះយេហូវ៉ាទ្រង់បានសំដែងមកឲ្យស្គាល់ ទ្រង់បានសំរេចតាមសេចក្ដីយុត្តិធម៌ ពួកមនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃគេធ្វើ។ – វាយភ្លេងស្រងូតទទួល –បង្អង់ ៙ ពួកមនុស្សអាក្រក់ នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះបង់ ដ្បិតមនុស្សកំសត់មិនត្រូវគេភ្លេចជាដរាបទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ ឱព្រះយេហូវ៉ាអើយ សូមទ្រង់តើនឡើង សូមកុំឲ្យមនុស្សឈ្នះឡើយ សូមឲ្យសាសន៍ដទៃទាំងប៉ុន្មានត្រូវជំនុំជំរះនៅចំពោះទ្រង់ ឱព្រះយេហូវ៉ាអើយ សូមបណ្តាលឲ្យគេតក់ស្លុត សូមឲ្យគ្រប់សាសន៍បានដឹងខ្លួនថា គេជាមនុស្សទេ។ –បង្អង់