ទំនុកតម្កើង 9:1-20

ទំនុកតម្កើង 9:1-20 គខប

ទូលបង្គំ​នឹង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​នឹង​និទាន​ពី​គ្រប់​ការ​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះអង្គ ទូលបង្គំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំង បពិត្រ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ទូលបង្គំ​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ!។ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ដក​ខ្លួន​ថយ ហើយ​ជំពប់​ជើង​ដួល​វិនាស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដ្បិត​ទ្រង់​បាន​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ គឺ​ឲ្យ​គេ​ឃើញ​ថា​ទូលបង្គំ​សុចរិត ព្រះអង្គ​គង់​នៅ​លើ​បល្ល័ង្ក ក្នុង​ឋានៈ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។ ព្រះអង្គ​គំរាម​កំហែង​ជាតិ​សាសន៍​នានា ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​ពាល​វិនាស​សូន្យ ព្រះអង្គ​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ជានិច្ច រហូត​ត​ទៅ។ ខ្មាំង​សត្រូវ​វិនាស​អន្តរាយ​អស់‌កល្ប​ជានិច្ច! រីឯ​ក្រុង​នានា​របស់​គេ ព្រះអង្គ​បាន​រំលាយ​អស់​ហើយ គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ។ ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ ព្រះអង្គ​ឡើង​គង់​នៅ​លើ​បល្ល័ង្ក ដើម្បី​វិនិច្ឆ័យ​ទោស។ ព្រះអង្គ​គ្រប់‌គ្រង​លើ​ផែនដី​ដោយ​សេចក្ដី​សុចរិត ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​យុត្តិធម៌។ សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​បន្ទាយ​ដ៏​រឹង‌មាំ​ការពារ អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ គឺ​ជា​បន្ទាយ​ការពារ​នៅ​ពេល​មាន​អាសន្ន។ ព្រះ‌អម្ចាស់​អើយ អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះអង្គ នឹង​ទុក​ចិត្ត​លើ​ព្រះអង្គ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​ឡើយ!។ ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ! ដ្បិត​ព្រះអង្គ​ដាក់​ទោស​អ្នក​ដែល​សម្លាប់​គេ ព្រះអង្គ​ចង​ចាំ​ជានិច្ច ព្រះអង្គ​មិន​ភ្លេច​សម្រែក​របស់​ជន​រង​គ្រោះ​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​អាសូរ​ទូលបង្គំ​ផង សូម​ទត​មើល​ទូលបង្គំ​ដែល​រង​ទុក្ខ​លំបាក ព្រោះ​តែ​ពួក​ខ្មាំង​សត្រូវ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​នាំ​ទូលបង្គំឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​ទូលបង្គំ​ថ្លែង​គ្រប់​ពាក្យ សរសើរ​តម្កើង​ព្រះអង្គ​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូន និង​ឲ្យ​ទូលបង្គំ​ត្រេក​អរ​សប្បាយ​បំផុត ព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។ ប្រជា‌ជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​គេ​បាន​ជីក ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បាន បង្កប់​ទុក​នោះ​ដែរ។ ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះអង្គ ព្រះអង្គ​កាត់​ទោស​គេ មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។ ប្រគំ​ភ្លេង សម្រាក សូម​ឲ្យ​មនុស្ស​អាក្រក់ គឺ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់ វិល​ទៅ​រក​ស្ថាន​មនុស្ស​ស្លាប់​វិញ​ទៅ។ រីឯ​មនុស្ស​ក្រីក្រ ព្រះអង្គ​មិន​ភ្លេច​គេ​សោះ​ឡើយ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​វេទនា ក៏​មិន​ដែល​សាប‌សូន្យ​ដែរ។ ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង! សូម​កុំ​ឲ្យ​មនុស្ស​លោក​មាន​ជ័យ‌ជម្នះ​ឡើយ! សូម​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត! សូម​ធ្វើ​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​ដឹង​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ!។ - សម្រាក