ទំនុកតម្កើង 9:1-20
ទំនុកតម្កើង 9:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីអស់ទាំងការអស្ចារ្យ របស់ព្រះអង្គ ទូលបង្គំនឹងអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងតម្កើងព្រះនាមព្រះអង្គ។ កាលពួកខ្មាំងសត្រូវរបស់ទូលបង្គំថយទៅ គេជំពប់ដួល ហើយវិនាសនៅចំពោះព្រះអង្គ។ ដ្បិតព្រះអង្គបានរក្សារឿងក្ដីដ៏ទៀងត្រង់ របស់ទូលបង្គំ ព្រះអង្គគង់នៅលើបល្ល័ង្ក ទាំងជំនុំជម្រះដោយសុចរិត។ ព្រះអង្គបានបន្ទោសសាសន៍នានា ព្រះអង្គបានធ្វើឲ្យមនុស្សអាក្រក់វិនាស ព្រះអង្គបានលុបឈ្មោះគេឲ្យបាត់ ជារៀងរហូតតទៅ។ ខ្មាំងសត្រូវបានវិនាសអន្តរាយអស់កល្បជានិច្ច ព្រះអង្គបានដករំលើងទីក្រុងនានារបស់គេ សេចក្ដីនឹកចាំពីពួកគេក៏បាត់ឈឹងទៅដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាគ្រងរាជ្យអស់កល្បជានិច្ច ព្រះអង្គតាំងបល្ល័ង្ករបស់ព្រះអង្គដើម្បីជំនុំជម្រះ ព្រះអង្គជំនុំជម្រះមនុស្សលោក ដោយសេចក្ដីសុចរិត ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយយុត្តិធម៌។ ព្រះយេហូវ៉ាជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងជ្រកនៅគ្រាលំបាក។ អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។ ចូរច្រៀងទំនុកសរសើរថ្វាយព្រះយេហូវ៉ា ដែលគង់នៅក្រុងស៊ីយ៉ូន! ចូរថ្លែងប្រាប់ប្រជាជនទាំងឡាយ ពីស្នាព្រះហស្តរបស់ព្រះអង្គ! ដ្បិតព្រះអង្គដែលសងសឹកអ្នកសម្លាប់គេ ព្រះអង្គនឹកចាំពីអ្នកទាំងនោះ ព្រះអង្គមិនភ្លេចសម្រែក របស់មនុស្សរងទុក្ខឡើយ។ ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ សូមទតមើលទុក្ខលំបាករបស់ទូលបង្គំ ដោយសារអស់អ្នកដែលស្អប់ទូលបង្គំផង ព្រះអង្គហើយ ដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់ ដើម្បីឲ្យទូលបង្គំបានថ្លែងពី អស់ទាំងសេចក្ដីសរសើររបស់ព្រះអង្គ នៅមាត់ទ្វារទាំងប៉ុន្មាននៃកូនស្រីស៊ីយ៉ូន ហើយត្រេកអរ ក្នុងការសង្គ្រោះរបស់ព្រះអង្គ។ សាសន៍នានាបានផុង ទៅក្នុងរណ្តៅដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ ដែលខ្លួនគេបានបង្កប់ទុក។ ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់ មនុស្សអាក្រក់នឹងត្រូវវិលទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះ។ ដ្បិតមនុស្សក្រីក្រមិនត្រូវគេភ្លេចរហូតទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ។ ឱព្រះយេហូវ៉ាអើយ សូមតើនឡើង សូមកុំឲ្យមនុស្សលោកឈ្នះឡើយ សូមឲ្យសាសន៍នានារងការជំនុំជម្រះ នៅចំពោះព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមឲ្យពួកគេភិតភ័យ សូមឲ្យសាសន៍ទាំងឡាយដឹងខ្លួនថា គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ –បង្អង់
ទំនុកតម្កើង 9:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យ ដែលព្រះអង្គបានធ្វើ ទូលបង្គំនឹងរីករាយដោយសារព្រះអង្គ ទូលបង្គំនឹងត្រេកអរយ៉ាងខ្លាំង បពិត្រព្រះដ៏ខ្ពង់ខ្ពស់បំផុត ទូលបង្គំច្រៀងលើកតម្កើងព្រះនាមព្រះអង្គ!។ ខ្មាំងសត្រូវរបស់ទូលបង្គំដកខ្លួនថយ ហើយជំពប់ជើងដួលវិនាស នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដ្បិតទ្រង់បានរកយុត្តិធម៌ឲ្យទូលបង្គំ គឺឲ្យគេឃើញថាទូលបង្គំសុចរិត ព្រះអង្គគង់នៅលើបល្ល័ង្ក ក្នុងឋានៈជាចៅក្រមដ៏សុចរិត។ ព្រះអង្គគំរាមកំហែងជាតិសាសន៍នានា ព្រះអង្គបានធ្វើឲ្យមនុស្សពាលវិនាសសូន្យ ព្រះអង្គលុបបំបាត់ឈ្មោះពួកគេជានិច្ច រហូតតទៅ។ ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច! រីឯក្រុងនានារបស់គេ ព្រះអង្គបានរំលាយអស់ហើយ គ្មាននរណានឹកឃើញទៀតទេ។ ព្រះអម្ចាស់គ្រងរាជ្យរហូតតរៀងទៅ ព្រះអង្គឡើងគង់នៅលើបល្ល័ង្ក ដើម្បីវិនិច្ឆ័យទោស។ ព្រះអង្គគ្រប់គ្រងលើផែនដីដោយសេចក្ដីសុចរិត ព្រះអង្គវិនិច្ឆ័យទោសប្រជាជនទាំងឡាយ ដោយយុត្តិធម៌។ សូមព្រះអម្ចាស់ធ្វើជាបន្ទាយដ៏រឹងមាំការពារ អស់អ្នកដែលត្រូវគេជិះជាន់ គឺជាបន្ទាយការពារនៅពេលមានអាសន្ន។ ព្រះអម្ចាស់អើយ អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ នឹងទុកចិត្តលើព្រះអង្គជាមិនខាន ដ្បិតព្រះអង្គមិនបោះបង់ចោល អស់អ្នកដែលស្វែងរកព្រះអង្គឡើយ!។ ចូរនាំគ្នាច្រៀងលើកតម្កើងព្រះអម្ចាស់ ដែលគង់នៅក្រុងស៊ីយ៉ូន ចូរប្រកាសប្រាប់ប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ! ដ្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេ ព្រះអង្គចងចាំជានិច្ច ព្រះអង្គមិនភ្លេចសម្រែករបស់ជនរងគ្រោះឡើយ។ ឱព្រះអម្ចាស់អើយ សូមអាណិតអាសូរទូលបង្គំផង សូមទតមើលទូលបង្គំដែលរងទុក្ខលំបាក ព្រោះតែពួកខ្មាំងសត្រូវ មានតែព្រះអង្គទេ ដែលអាចនាំទូលបង្គំឲ្យរួចពីសេចក្ដីស្លាប់ ដើម្បីឲ្យទូលបង្គំថ្លែងគ្រប់ពាក្យ សរសើរតម្កើងព្រះអង្គនៅមាត់ទ្វារក្រុងស៊ីយ៉ូន និងឲ្យទូលបង្គំត្រេកអរសប្បាយបំផុត ព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ។ ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបាន បង្កប់ទុកនោះដែរ។ ព្រះអម្ចាស់បានសម្តែងឲ្យគេស្គាល់ព្រះអង្គ ព្រះអង្គកាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក សូមឲ្យមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់ វិលទៅរកស្ថានមនុស្សស្លាប់វិញទៅ។ រីឯមនុស្សក្រីក្រ ព្រះអង្គមិនភ្លេចគេសោះឡើយ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សវេទនា ក៏មិនដែលសាបសូន្យដែរ។ ព្រះអម្ចាស់អើយ សូមតើនឡើង! សូមកុំឲ្យមនុស្សលោកមានជ័យជម្នះឡើយ! សូមវិនិច្ឆ័យទោសប្រជាជាតិនានា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ឱព្រះអម្ចាស់អើយ សូមធ្វើឲ្យពួកគេភ័យតក់ស្លុត! សូមធ្វើឲ្យប្រជាជនទាំងឡាយដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។ - សម្រាក
ទំនុកតម្កើង 9:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្ត ទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់ ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់ ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងដំកើងដល់ព្រះនាមទ្រង់ កាលណាពួកខ្មាំងសត្រូវទូលបង្គំថយចេញទៅ នោះគេស្លុតជង្គង់ដួល ហើយវិនាសបាត់នៅចំពោះទ្រង់ ដ្បិតទ្រង់បានរាំងពារសេចក្ដីទៀងត្រង់ នឹងរឿងក្តីរបស់ទូលបង្គំ ទ្រង់គង់លើបល្ល័ង្កកំពុងតែជំនុំជំរះដោយយុត្តិធម៌ ទ្រង់បានបន្ទោសដល់សាសន៍ដទៃទាំងប៉ុន្មាន ក៏បានបំផ្លាញពួកមនុស្សអាក្រក់ចេញ ទ្រង់បានលុបឈ្មោះគេ ឲ្យបាត់បង់ទៅជាដរាបរៀងតទៅ ឱខ្មាំងសត្រូវអើយ ការហិនវិនាសបានផុតទៅជានិច្ច ឯទីក្រុងទាំងប៉ុន្មានដែលឯងបានបំផ្លាញ នោះទាំងសេចក្ដីនឹកចាំពីគេបានបាត់ឈឹងទៅដែរ ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ច ទ្រង់បានតាំងបល្ល័ង្កទ្រង់ ទុកសំរាប់នឹងជំនុំជំរះហើយ ទ្រង់នឹងជំនុំជំរះមនុស្សលោកដោយយុត្តិធម៌ ក៏នឹងវិនិច្ឆ័យអស់ទាំងសាសន៍ ដោយសេចក្ដីសុចរិត ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងនៅគ្រាលំបាក ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក ដែលស្វែងរកទ្រង់ឡើយ ចូរច្រៀងទំនុកសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់គង់នៅក្រុងស៊ីយ៉ូនចុះ ចូរថ្លែងប្រាប់ពីការនៃទ្រង់ នៅក្នុងចំណោមបណ្តាជនផង ដ្បិតកាលណាទ្រង់ស៊ើបសួរពីឈាម នោះទ្រង់នឹងនឹកចាំពីពួកអ្នកទាំងនោះ ទ្រង់មិនដែលភ្លេចសំរែករបស់ពួកមនុស្សក្រីក្រឡើយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសទូលបង្គំ សូមទ្រង់ទតមើលសេចក្ដីទុក្ខលំបាករបស់ទូលបង្គំផង ជាការដែលទូលបង្គំទ្រាំរងនេះ ដោយសារពួកអ្នកដែលស្អប់ទូលបង្គំ គឺទ្រង់ហើយ ដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់ ដើម្បីឲ្យទូលបង្គំបានសំដែងចេញអស់ទាំងសេចក្ដី សរសើរនៃទ្រង់ នៅគ្រប់ទាំងទ្វារនៃកូនស្រីស៊ីយ៉ូន ទូលបង្គំនឹងរីករាយឡើង ក្នុងសេចក្ដីសង្គ្រោះរបស់ទ្រង់ អស់ទាំងសាសន៍ដទៃបានផុងទៅ ក្នុងរណ្តៅដែលខ្លួនបានជីក ជើងគេជាប់នៅក្នុងអន្ទាក់វាត់ ដែលខ្លួនគេបានបង្កប់ទុក ព្រះយេហូវ៉ាទ្រង់បានសំដែងមកឲ្យស្គាល់ ទ្រង់បានសំរេចតាមសេចក្ដីយុត្តិធម៌ ពួកមនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃគេធ្វើ។ – វាយភ្លេងស្រងូតទទួល –បង្អង់ ៙ ពួកមនុស្សអាក្រក់ នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះបង់ ដ្បិតមនុស្សកំសត់មិនត្រូវគេភ្លេចជាដរាបទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ ឱព្រះយេហូវ៉ាអើយ សូមទ្រង់តើនឡើង សូមកុំឲ្យមនុស្សឈ្នះឡើយ សូមឲ្យសាសន៍ដទៃទាំងប៉ុន្មានត្រូវជំនុំជំរះនៅចំពោះទ្រង់ ឱព្រះយេហូវ៉ាអើយ សូមបណ្តាលឲ្យគេតក់ស្លុត សូមឲ្យគ្រប់សាសន៍បានដឹងខ្លួនថា គេជាមនុស្សទេ។ –បង្អង់