ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមទតមកយើងខ្ញុំដោយ ព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត! ព្រះអង្គបានគាស់ទំពាំងបាយជូរមួយដើម ពីស្រុកអេស៊ីបមក ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនេះមកដាំជំនួស។ ព្រះអង្គឆ្ការដីកន្លែងនោះយ៉ាងស្អាត ដើមទំពាំងបាយជូរក៏ចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក ម្លប់ទំពាំងបាយជូរគ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្រប ពីលើដើមតាត្រៅដ៏ខ្ពស់ៗ។ ដើមទំពាំងបាយជូរបែកមែករហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។ ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការ ទំពាំងបាយជូរនេះ បណ្ដាលឲ្យអស់អ្នកធ្វើដំណើរ កាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ? ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម ទំពាំងបាយជូរនេះដែរ។ ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង! សូមការពារចម្ការទំពាំងបាយជូរ ដែលព្រះអង្គបានដាំ ដោយព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងឲ្យមាំមួនឡើង! សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យទៅ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។ សូមដាក់ព្រះហស្ដលើមនុស្ស ដែលស្ថិតនៅខាងស្ដាំព្រះអង្គ គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹង ឲ្យមាំមួនឡើង។ យើងខ្ញុំនឹងមិនបែកចិត្ត ចេញពីព្រះអង្គទៀតឡើយ សូមប្រោសប្រទានឲ្យយើងខ្ញុំ រស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យ សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
អាន ទំនុកតម្កើង 80
ស្ដាប់នូវ ទំនុកតម្កើង 80
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 80:7-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ