ទំនុកតម្កើង 80:7-19
ទំនុកតម្កើង 80:7-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះនៃពួកពលបរិវារអើយ សូមនាំយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រព្រះអង្គភ្លឺមក នោះយើងខ្ញុំនឹងបានរួចជីវិត! ៙ ព្រះអង្គបានយកដើមទំពាំងបាយជូរមួយ ពីស្រុកអេស៊ីព្ទមក ព្រះអង្គបានបណ្តេញសាសន៍នានាចេញ ហើយបានដាំដើមទំពាំងបាយជូរនោះវិញ។ ព្រះអង្គបានជម្រះដីនោះយ៉ាងស្អាត ដើមទំពាំងបាយជូរក៏ចាក់ឫសយ៉ាងជ្រៅ ហើយដុះពាសពេញក្នុងស្រុក។ ម្លប់ដើមទំពាំងបាយជូរ បានគ្របដណ្ដប់ទៅលើភ្នំនានា ហើយមែករបស់វាក៏គ្របលើដើមតាត្រៅខ្ពស់ៗ។ ដើមទំពាំងបាយជូរនោះបែកមែក រហូតទៅដល់សមុទ្រ ហើយពន្លករបស់វារហូតទៅដល់ទន្លេអឺប្រាត។ តែឥឡូវនេះ ហេតុអ្វីបានជាព្រះអង្គ រំលំរបងចម្ការទំពាំងបាយជូរនេះ ធ្វើឲ្យអស់អ្នកដែលដើរតាមនោះបេះផ្លែវាដូច្នេះ? ជ្រូកចេញពីព្រៃមកឈ្មុសបំផ្លាញ ហើយអស់ទាំងសត្វនៅទីវាល ក៏ស៊ីទំពាំងបាយជូរនេះដែរ។ ឱព្រះនៃពួកពលបរិវារអើយ សូមព្រះអង្គបែរមកវិញ ហើយទតមើលពីលើស្ថានសួគ៌មក សូមប្រោសប្រណីដើមទំពាំងបាយជូរនេះផង គឺជាដើមដែលព្រះហស្តស្តាំរបស់ព្រះអង្គបានដាំ ជាកូនដែលព្រះអង្គបានធ្វើ ឲ្យមានកម្លាំងសម្រាប់អង្គទ្រង់។ ខ្មាំងសត្រូវបានយកភ្លើង ដុតដើមទំពាំងបាយជូរនេះ គេបានកាប់វាចោល សូមឲ្យគេវិនាសដោយការបន្ទោស ចេញពីព្រះភក្ត្រព្រះអង្គ! ប៉ុន្ដែ សូមឲ្យព្រះហស្តព្រះអង្គស្ថិតនៅលើ អ្នកដែលនៅខាងស្ដាំព្រះហស្តព្រះអង្គ គឺកូនមនុស្សដែលព្រះអង្គបានធ្វើឲ្យមានកម្លាំង សម្រាប់អង្គទ្រង់! យ៉ាងនោះ យើងខ្ញុំនឹងមិនបែរចេញ ពីព្រះអង្គឡើយ សូមប្រោសឲ្យយើងខ្ញុំរស់រាន មានជីវិតឡើងវិញផង នោះយើងខ្ញុំនឹងអំពាវនាវរកព្រះនាមព្រះអង្គ។ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមនាំយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រព្រះអង្គភ្លឺមក នោះយើងខ្ញុំនឹងបានរួចជីវិត!
ទំនុកតម្កើង 80:7-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមទតមកយើងខ្ញុំដោយ ព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត! ព្រះអង្គបានគាស់ទំពាំងបាយជូរមួយដើម ពីស្រុកអេស៊ីបមក ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនេះមកដាំជំនួស។ ព្រះអង្គឆ្ការដីកន្លែងនោះយ៉ាងស្អាត ដើមទំពាំងបាយជូរក៏ចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក ម្លប់ទំពាំងបាយជូរគ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្រប ពីលើដើមតាត្រៅដ៏ខ្ពស់ៗ។ ដើមទំពាំងបាយជូរបែកមែករហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។ ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការ ទំពាំងបាយជូរនេះ បណ្ដាលឲ្យអស់អ្នកធ្វើដំណើរ កាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ? ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម ទំពាំងបាយជូរនេះដែរ។ ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង! សូមការពារចម្ការទំពាំងបាយជូរ ដែលព្រះអង្គបានដាំ ដោយព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងឲ្យមាំមួនឡើង! សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យទៅ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។ សូមដាក់ព្រះហស្ដលើមនុស្ស ដែលស្ថិតនៅខាងស្ដាំព្រះអង្គ គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹង ឲ្យមាំមួនឡើង។ យើងខ្ញុំនឹងមិនបែកចិត្ត ចេញពីព្រះអង្គទៀតឡើយ សូមប្រោសប្រទានឲ្យយើងខ្ញុំ រស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យ សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ទំនុកតម្កើង 80:7-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។ ៙ ទ្រង់បានយកដើមទំពាំងបាយជូរ១ពីស្រុកអេស៊ីព្ទមក ក៏បណ្តេញអស់ទាំងសាសន៍ដទៃចេញ ហើយបានដាំដើមនោះវិញ ទ្រង់បានរៀបកន្លែងនៅជុំវិញ ហើយដើមនោះក៏ចាក់ឫសបែកសាយទៅពេញក្នុងស្រុក ម្លប់ដើមនោះបានគ្របពេញលើអស់ទាំងភ្នំ ហើយខ្នែងក៏បានដូចជាដើមតាត្រៅនៃព្រះ បានបោះខ្នែងរហូតដល់សមុទ្រ ហើយលំពង់ដល់ទន្លេ ហេតុអ្វីបានជាទ្រង់រំលំរបងចេញ ឲ្យអស់អ្នកដើរតាមនោះ បានបោចបំផ្លាញដូច្នេះ ជ្រូកក៏ចេញពីព្រៃមកឈ្មុស ហើយសត្វនៅវាលក៏ស៊ីបំផ្លាញដែរ ឱព្រះនៃពួកពលបរិវារអើយ យើងខ្ញុំអង្វរដល់ទ្រង់ សូមបែរមកវិញ ហើយទតពីលើស្ថានសួគ៌មកមើល ព្រមទាំងប្រោសដើមទំពាំងបាយជូរនេះផង គឺជាដើមដែលព្រះហស្តស្តាំទ្រង់បានដាំ ជាខ្នែងដែលទ្រង់បានធ្វើឲ្យមានកំឡាំងសំរាប់អង្គទ្រង់ ដើមនេះត្រូវភ្លើងឆេះ ហើយត្រូវកាប់ចេញ គេត្រូវវិនាសដោយព្រះភក្ត្រទ្រង់ទតបន្ទោស សូមឲ្យព្រះហស្តទ្រង់ថែរក្សាដល់អ្នក ដែលព្រះហស្តស្តាំទ្រង់បានតាំងឡើង គឺជាកូនមនុស្សដែលទ្រង់បានធ្វើឲ្យមានកំឡាំង សំរាប់អង្គទ្រង់ យ៉ាងនោះ យើងខ្ញុំនឹងមិនថយចេញពីទ្រង់ឡើយ សូមប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ នោះយើងខ្ញុំនឹងអំពាវនាវដល់ព្រះនាមទ្រង់ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។