ទំនុកតម្កើង 78:12-25

ទំនុកតម្កើង 78:12-25 គខប

នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីប ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ ឲ្យ​បុព្វបុរស​របស់​គេ​ឃើញ គឺ​ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ ឲ្យ​ពួក​គេ​ដើរ​ឆ្លង ព្រះអង្គ​ធ្វើ​ឲ្យ​ទឹក​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់ មួយ​កន្លែង​ដូច​កំពែង។ នៅ​ពេល​ថ្ងៃ ព្រះអង្គ​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក ហើយ​រាល់​យប់​ព្រះអង្គ​ដឹក​នាំ​គេ ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។ ព្រះអង្គ​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោ‌ស្ថាន ឲ្យ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញ យ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក ហូរ​ចេញ​ពី​ផ្ទាំង​សិលា​មក ដូច​ជា​ទឹក​ទន្លេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ​ជានិច្ច ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង​នោះ។ ពួក​គេ​ហ៊ាន​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់ ដោយ​សូម​ឲ្យ​ព្រះអង្គ​ប្រទាន​ម្ហូប​អាហារ តាម​ទំនើង​ចិត្ត​របស់​ខ្លួន។ គេ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ថា: តើ​ព្រះ‌ជាម្ចាស់​អាច​ជប់‌លៀង​យើង ក្នុង​វាល​រហោ‌ស្ថាន​នេះ​បាន​ឬ? ព្រះអង្គ​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹក ហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែន ក៏​ប៉ុន្តែ តើ​ព្រះអង្គ​អាច​ប្រទាន​នំបុ័ង និង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បាន​ដែរ​ឬ? ពេល​ព្រះ‌អម្ចាស់​ឮ​ពាក្យ​របស់​ពួក​គេ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​ក្រៃ‌លែង ព្រះអង្គ​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្ស របស់​លោក​យ៉ាកុប ព្រះអង្គ​ខ្ញាល់​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់ ពួក​គេ​ពុំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដែល​អាច​សង្គ្រោះ​គេ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ព្រះអង្គ​បាន​បង្គាប់​ពពក ព្រះអង្គ​បាន​បើក​ផ្ទៃ​មេឃ ហើយ​ប្រទាន​នំ​ម៉ាណា​ធ្លាក់​ចុះ​មក​ដូច​ភ្លៀង ឲ្យ​ពួក​គេ​ធ្វើ​ជា​អាហារ គឺ​ព្រះអង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​ពួក​គេ។ ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ទេវតា ព្រះអង្គ​ប្រទាន​ឲ្យ​គេ បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។