ទំនុកតម្កើង 78:12-25
ទំនុកតម្កើង 78:12-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។ ព្រះអង្គបានញែកសមុទ្រ ហើយឲ្យគេដើរឆ្លង ក៏បានធ្វើឲ្យទឹកឈរឡើងដូចកំផែង។ នៅពេលថ្ងៃ ព្រះអង្គបាននាំគេដោយពពក ហើយរាល់យប់ ព្រះអង្គបាននាំគេ ដោយពន្លឺភ្លើង។ ព្រះអង្គបានបំបែកថ្មនៅទីរហោស្ថាន ហើយប្រទានឲ្យគេមានផឹកទឹកជាបរិបូរ ដូចជាប្រភពទឹកផុសចេញមក។ ព្រះអង្គបានធ្វើឲ្យមានទឹកចេញពីថ្ម ហូរចុះមកដូចជាទន្លេ។ ៙ ទោះជាយ៉ាងនេះក្ដី គេនៅតែប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ ដោយបះបោរប្រឆាំងនឹងព្រះដ៏ខ្ពស់បំផុត នៅទីរហោស្ថាន។ គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយទាមទារអាហារតាមទំនើងចិត្តរបស់គេ។ គេពោលពាក្យទាស់នឹងព្រះថា «តើព្រះអាចផ្គត់ផ្គង់អាហារឲ្យយើងបរិភោគ នៅទីរហោស្ថាននេះបានឬ? ព្រះអង្គបានវាយថ្មឲ្យមានទឹកផុលចេញមក ដូចជាទឹកជ្រោះហូរហៀរមែន ក៏ប៉ុន្ដែ តើព្រះអង្គអាចប្រទាននំបុ័ង ឬផ្គត់ផ្គង់សាច់ឲ្យប្រជារាស្ត្រព្រះអង្គ បរិភោគបានដែរឬ?»។ ហេតុនេះ កាលព្រះយេហូវ៉ាឮ ព្រះអង្គក្រេវក្រោធជាខ្លាំង ក៏មានភ្លើងឆួលឡើងទាស់នឹងពួកយ៉ាកុប សេចក្ដីក្រោធរបស់ព្រះអង្គ ទាស់នឹងពួកអ៊ីស្រាអែល ព្រោះគេមិនបានជឿដល់ព្រះ ហើយមិនបានទុកចិត្តនឹងព្រះចេស្ដារបស់ព្រះអង្គ ដែលអាចសង្គ្រោះគេបាននោះឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះអង្គបានបង្គាប់ផ្ទៃមេឃនៅខាងលើ ព្រះអង្គបានបើកទ្វារស្ថានសួគ៌ ហើយបង្អុរនំម៉ាណាឲ្យធ្លាក់មកលើគេដូចភ្លៀង ដើម្បីឲ្យគេបរិភោគ ព្រះអង្គប្រទានស្រូវពីស្ថានសួគ៌ដល់គេ ។ គេបានបរិភោគនំប៉័ងរបស់ពួកទេវតា ព្រះអង្គប្រទានឲ្យគេមានអាហារជាបរិបូរ។
ទំនុកតម្កើង 78:12-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ព្រះអង្គបានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ គឺព្រះអង្គបានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។ នៅពេលថ្ងៃ ព្រះអង្គដឹកនាំគេដោយដុំពពក ហើយរាល់យប់ព្រះអង្គដឹកនាំគេ ដោយដុំភ្លើងជាពន្លឺ។ ព្រះអង្គបានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថាន ឲ្យគេហូបទឹកដែលហូរចេញ យ៉ាងបរិបូណ៌ពីបាតដីមក។ ព្រះអង្គបានធ្វើឲ្យមានទឹក ហូរចេញពីផ្ទាំងសិលាមក ដូចជាទឹកទន្លេ។ ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែប្រព្រឹត្តអំពើបាប ខុសនឹងព្រះហឫទ័យព្រះអង្គជានិច្ច ពួកគេបះបោរប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត នៅវាលរហោស្ថានដ៏ហួតហែងនោះ។ ពួកគេហ៊ានល្បងលមើលព្រះជាម្ចាស់ ដោយសូមឲ្យព្រះអង្គប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។ គេនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់ថា: តើព្រះជាម្ចាស់អាចជប់លៀងយើង ក្នុងវាលរហោស្ថាននេះបានឬ? ព្រះអង្គបានវាយផ្ទាំងថ្មឲ្យមានទឹក ហូរចេញមក ដូចជាទឹកជ្រោះធ្លាក់មែន ក៏ប៉ុន្តែ តើព្រះអង្គអាចប្រទាននំបុ័ង និងផ្គត់ផ្គង់សាច់មកឲ្យ ប្រជារាស្ត្ររបស់ព្រះអង្គបានដែរឬ? ពេលព្រះអម្ចាស់ឮពាក្យរបស់ពួកគេ ព្រះអង្គទ្រង់ព្រះពិរោធក្រៃលែង ព្រះអង្គក្ដៅក្រហាយនឹងពូជពង្ស របស់លោកយ៉ាកុប ព្រះអង្គខ្ញាល់ទាស់នឹងជនជាតិអ៊ីស្រាអែល ព្រោះពួកគេគ្មានជំនឿលើព្រះជាម្ចាស់ ពួកគេពុំបានផ្ញើជីវិតលើព្រះអង្គ ដែលអាចសង្គ្រោះគេនោះឡើយ។ ទោះជាយ៉ាងណាក្ដី ព្រះអង្គបានបង្គាប់ពពក ព្រះអង្គបានបើកផ្ទៃមេឃ ហើយប្រទាននំម៉ាណាធ្លាក់ចុះមកដូចភ្លៀង ឲ្យពួកគេធ្វើជាអាហារ គឺព្រះអង្គប្រទានស្រូវពីស្ថានសួគ៌ មកឲ្យពួកគេ។ ពួកគេម្នាក់ៗបានបរិភោគអាហាររបស់ពួកទេវតា ព្រះអង្គប្រទានឲ្យគេ បរិភោគឆ្អែតទាំងអស់គ្នា។
ទំនុកតម្កើង 78:12-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកឰយុកោគេ នៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន ទ្រង់បានវែកសមុទ្រ បើកជាផ្លូវឲ្យគេដើរឆ្លងទៅ ក៏បានធ្វើឲ្យទឹកឈរឡើងដូចជាកំផែង នៅវេលាថ្ងៃទ្រង់បាននាំគេ ដោយពពក ហើយវេលាយប់ទាល់ព្រឹក បាននាំដោយពន្លឺនៃភ្លើងវិញ ទ្រង់បំប្រេះថ្មដានៅទីរហោស្ថាន ឲ្យគេបានផឹកទឹកជាបរិបូរ ដូចជាហូរចេញពីទីជំរៅមក ទ្រង់បានធ្វើឲ្យមានទឹកចេញពីថ្ម ហូរចុះមកដូចជាទន្លេ។ ៙ ទោះបើយ៉ាងនោះ គង់តែគេនៅតែធ្វើបាប នឹងទ្រង់ទៀត ជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុតត្រង់ទីរហោស្ថាន គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយសូមអាហារតាមគេប្រាថ្នា អើ គេបាននិយាយទំនាស់នឹងព្រះ ដោយពាក្យថា តើព្រះទ្រង់អាចនឹងចាត់ចែងឲ្យមានអាហារបរិភោគ នៅទីរហោស្ថាននេះបានឬ មើល ទ្រង់បានវាយថ្មដា ឲ្យមានទឹកផុលចេញ ហើយឲ្យជ្រោះមានទឹកជន់លិចច្រាំង ដូច្នេះ តើទ្រង់អាចនឹងប្រទានឲ្យមាននំបុ័ងដែរឬ តើទ្រង់នឹងផ្គត់ផ្គង់ ឲ្យរាស្ត្រទ្រង់មានសាច់បរិភោគឬអី ហេតុនោះ ព្រះយេហូវ៉ាទ្រង់ក៏ឮ ហើយមានសេចក្ដីក្រោធ រួចមានភ្លើងឆួលឡើង បញ្ឆេះពួកយ៉ាកុប មានសេចក្ដីខ្ញាល់ចេញទៅទាស់នឹងអ៊ីស្រាអែល ដោយព្រោះគេមិនបានជឿដល់ព្រះ ក៏មិនបានទុកចិត្តនឹងសេចក្ដីសង្គ្រោះរបស់ទ្រង់ផង ទ្រង់បានបង្គាប់ដល់ផ្ទៃមេឃនៅខាងលើ ក៏បានបើកទ្វារនៃស្ថានសួគ៌ ហើយបង្អុរនំម៉ាន៉ា ឲ្យធ្លាក់មកលើគេ ដូចជាភ្លៀង សំរាប់គេបរិភោគ គឺទ្រង់ប្រទានអាហារពីស្ថានសួគ៌ដល់គេ គេបានបរិភោគនំរបស់ពួកទេវតាទាំងអស់គ្នា ទ្រង់បានផ្ញើអាហារមកគេឲ្យបានឆ្អែត។