ទំនុកតម្កើង 78:1-14

ទំនុកតម្កើង 78:1-14 គខប

ប្រជា‌ជន​របស់​ខ្ញុំ​អើយ ចូរ​ត្រង‌ត្រាប់​សេចក្ដី​ដែល​ខ្ញុំ ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។ អ្វីៗ​ដែល​យើង​ធ្លាប់​ឮ អ្វីៗ​ដែល​យើង​ដឹង អ្វីៗ​ដែល​ដូនតា​យើង​ធ្លាប់​រ៉ាយ‌រ៉ាប់​ប្រាប់ យើង​នឹង​ថ្លែង​ប្រាប់​កូន​ចៅ​របស់​យើង ឥត​លាក់‌លៀម​ឡើយ យើង​នឹង​ពណ៌នា​ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ និង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ប្រាប់​កូន​ចៅ​នៅ​ជំនាន់​ក្រោយ ដើម្បី​លើក​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ផ្ដល់​ដំបូន្មាន​ឲ្យ​កូន​ចៅ របស់​លោក​យ៉ាកុប ព្រះអង្គ​ប្រទាន​ក្រឹត្យ‌វិន័យ​មក​ឲ្យ​ពូជ‌ពង្ស របស់​លោក​អ៊ីស្រា‌អែល ព្រះអង្គ​បង្គាប់​បុព្វបុរស​របស់​យើង ឲ្យ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ ហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មក បង្រៀន​តៗ​គ្នា​រហូត​ទៅ។ ធ្វើ​យ៉ាង​នេះ ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់ មិន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​ពួក​គេ​នឹង​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វបុរស នៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាច បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ​ត្រង់ នឹង​ព្រះអង្គ​នោះ​ឡើយ។ កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញ បាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង មក​ពី​ពួក​គេ​ពុំ​បាន​គោរព​សម្ពន្ធ‌មេត្រី របស់​ព្រះ‌ជាម្ចាស់ គឺ​មិន​ព្រម​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ពួក​គេ​បាន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ភ្លេច​ពី​ការ​ដ៏​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។ នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីប ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ ឲ្យ​បុព្វបុរស​របស់​គេ​ឃើញ គឺ​ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ ឲ្យ​ពួក​គេ​ដើរ​ឆ្លង ព្រះអង្គ​ធ្វើ​ឲ្យ​ទឹក​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់ មួយ​កន្លែង​ដូច​កំពែង។ នៅ​ពេល​ថ្ងៃ ព្រះអង្គ​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក ហើយ​រាល់​យប់​ព្រះអង្គ​ដឹក​នាំ​គេ ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។