ទំនុកតម្កើង 78:1-14
ទំនុកតម្កើង 78:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱប្រជាជនរបស់ខ្ញុំអើយ ចូរប្រុងត្រចៀកស្តាប់សេចក្ដីបង្រៀនរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យ ដែលចេញពីមាត់ខ្ញុំចុះ! ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ខ្ញុំនឹងបរិយាយប្រាប់អំពីសេចក្ដីលាក់កំបាំង ពីចាស់បុរាណ ជាសេចក្ដីដែលយើងធ្លាប់បានឮ និងធ្លាប់បានដឹង ជាសេចក្ដីដែលដូនតាយើងបានប្រាប់។ យើងនឹងមិនលាក់សេចក្ដីទាំងនោះចំពោះកូនចៅ របស់គាត់ឡើយ យើងនឹងប្រាប់មនុស្សជំជាន់ក្រោយ អំពីអស់ទាំងស្នាព្រហស្តដ៏អស្ចារ្យ របស់ព្រះយេហូវ៉ា អំពីឫទ្ធានុភាព និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ។ ៙ ព្រះអង្គបានតាំងឲ្យមានទីបន្ទាល់ នៅក្នុងពួកយ៉ាកុប ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យ នៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលព្រះអង្គបានបង្គាប់ បុព្វបុរសរបស់យើង ឲ្យបង្រៀនដល់កូនចៅតរៀងទៅ ដើម្បីឲ្យមនុស្សជំនាន់ក្រោយ គឺកូនចៅដែលនឹងកើតមកស្គាល់សេចក្ដីទាំងនោះ គេនឹងបន្តវេន ហើយប្រាប់ដល់កូនចៅ របស់គេតទៅទៀត សម្រាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ហើយមិនភ្លេចពីកិច្ចការរបស់ព្រះអង្គឡើយ គឺគោរពតាមបទបញ្ជារបស់ព្រះអង្គវិញ ដើម្បីកុំឲ្យគេបានដូចបុព្វបុរសរបស់គេ ជាជំនាន់មនុស្សរឹងរូស ហើយបះបោរ ជាជំនាន់មនុស្សដែលមិនបានតាំងចិត្ត ឲ្យទៀងត្រង់ ហើយវិញ្ញាណរបស់គេ មិនស្មោះចំពោះព្រះនោះឡើយ។ ៙ ឯកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ គេបានដកថយនៅថ្ងៃធ្វើចម្បាំង។ គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះទេ គឺមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ គេបានភ្លេចកិច្ចការរបស់ព្រះអង្គ ភ្លេចការអស្ចារ្យទាំងឡាយ ដែលព្រះអង្គបានសម្ដែងឲ្យគេឃើញ។ ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។ ព្រះអង្គបានញែកសមុទ្រ ហើយឲ្យគេដើរឆ្លង ក៏បានធ្វើឲ្យទឹកឈរឡើងដូចកំផែង។ នៅពេលថ្ងៃ ព្រះអង្គបាននាំគេដោយពពក ហើយរាល់យប់ ព្រះអង្គបាននាំគេ ដោយពន្លឺភ្លើង។
ទំនុកតម្កើង 78:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនរបស់ខ្ញុំអើយ ចូរត្រងត្រាប់សេចក្ដីដែលខ្ញុំ ប្រៀនប្រដៅអ្នករាល់គ្នា! ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា!។ ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា នូវបទពិសោធពីអតីតកាល ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យ លាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។ អ្វីៗដែលយើងធ្លាប់ឮ អ្វីៗដែលយើងដឹង អ្វីៗដែលដូនតាយើងធ្លាប់រ៉ាយរ៉ាប់ប្រាប់ យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង ឥតលាក់លៀមឡើយ យើងនឹងពណ៌នាពីឫទ្ធានុភាពរបស់ព្រះអម្ចាស់ និងពីស្នាព្រះហស្ដដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ ប្រាប់កូនចៅនៅជំនាន់ក្រោយ ដើម្បីលើកតម្កើងព្រះអង្គ។ ព្រះអង្គផ្ដល់ដំបូន្មានឲ្យកូនចៅ របស់លោកយ៉ាកុប ព្រះអង្គប្រទានក្រឹត្យវិន័យមកឲ្យពូជពង្ស របស់លោកអ៊ីស្រាអែល ព្រះអង្គបង្គាប់បុព្វបុរសរបស់យើង ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ ដើម្បីឲ្យមនុស្សនៅជំនាន់ក្រោយស្គាល់ដែរ ហើយឲ្យកូនចៅដែលនឹងកើតមក បង្រៀនតៗគ្នារហូតទៅ។ ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើព្រះជាម្ចាស់ មិនភ្លេចពីស្នាព្រះហស្ដរបស់ព្រះអង្គ ហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ព្រះអង្គ ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស នៅជំនាន់មុន ដែលមានចិត្តកោងកាច បះបោរប្រឆាំងនឹងព្រះជាម្ចាស់ មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់ នឹងព្រះអង្គនោះឡើយ។ កុលសម្ព័ន្ធអេប្រាអ៊ីមដែលជាកងទ័ពបាញ់ព្រួញ បានបាក់ទ័ពនៅថ្ងៃធ្វើចម្បាំង មកពីពួកគេពុំបានគោរពសម្ពន្ធមេត្រី របស់ព្រះជាម្ចាស់ គឺមិនព្រមកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ ពួកគេបានភ្លេចពីស្នាព្រះហស្ដដ៏ឧត្ដុង្គឧត្ដម និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ ដែលព្រះអង្គបានសម្តែងឲ្យគេឃើញ។ នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ព្រះអង្គបានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ គឺព្រះអង្គបានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។ នៅពេលថ្ងៃ ព្រះអង្គដឹកនាំគេដោយដុំពពក ហើយរាល់យប់ព្រះអង្គដឹកនាំគេ ដោយដុំភ្លើងជាពន្លឺ។
ទំនុកតម្កើង 78:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱសាសន៍របស់ខ្ញុំអើយ ចូរប្រុងត្រចៀកស្តាប់សេចក្ដីបង្រៀនរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យ ដែលចេញពីមាត់ខ្ញុំចុះ ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ហើយនឹងពោលជាសេចក្ដីអាថ៌កំបាំងពីចាស់បូរាណ ជាសេចក្ដីដែលពួកយើងធ្លាប់បានឮបានដឹងហើយ ដែលឪពុកយើងបានប្រាប់តៗមក យើងក៏មិនលាក់សេចក្ដីទាំងនោះទុកចំពោះកូនចៅ របស់គាត់ដែរ គឺនឹងប្រកាសពីអស់ទាំងសេចក្ដីសរសើរនៃព្រះយេហូវ៉ា ដល់ដំណមនុស្សជាន់ក្រោយឲ្យបានស្តាប់ ព្រមទាំងឥទ្ធានុភាព នឹងការអស្ចារ្យ ដែលទ្រង់បានធ្វើផង។ ៙ ដ្បិតទ្រង់បានតាំងឲ្យមានទីបន្ទាល់នៅក្នុងពួកយ៉ាកុប ក៏បានដំរូវឲ្យមានក្រិត្យវិន័យនៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលទ្រង់បានបង្គាប់ដល់ពួកឰយុកោរបស់យើង ប្រយោជន៍នឹងបង្រៀនឲ្យពួកកូនចៅបានដឹងតរៀងទៅ ដើម្បីឲ្យដំណមនុស្សជាន់ក្រោយបានស្គាល់ គឺទាំងកូនចៅដែលត្រូវកើតតទៅ ជាពួកអ្នកដែលនឹងកើតឡើង ហើយប្រាប់ដល់កូនចៅគេតទៅទៀត សំរាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ឥតភ្លេចអស់ទាំងការនៃទ្រង់ឡើយ គឺកាន់តាមអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់វិញ ដើម្បីកុំឲ្យគេបានដូចជាពួកឰយុកោ ជាដំណមនុស្សរឹងរូស ហើយបះបោរ ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់ ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។ ៙ ឯពួកកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ គេបានបែរខ្នងនៅថ្ងៃសឹកសង្គ្រាម គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះ ក៏មិនព្រមប្រព្រឹត្តតាមក្រិត្យវិន័យទ្រង់សោះ គេបានភ្លេចអស់ទាំងកិច្ចដែលទ្រង់ធ្វើ ព្រមទាំងការអស្ចារ្យ ដែលទ្រង់បានសំដែង ឲ្យគេឃើញដែរ ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកឰយុកោគេ នៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន ទ្រង់បានវែកសមុទ្រ បើកជាផ្លូវឲ្យគេដើរឆ្លងទៅ ក៏បានធ្វើឲ្យទឹកឈរឡើងដូចជាកំផែង នៅវេលាថ្ងៃទ្រង់បាននាំគេ ដោយពពក ហើយវេលាយប់ទាល់ព្រឹក បាននាំដោយពន្លឺនៃភ្លើងវិញ