ទំនុកតម្កើង 76:1-12
ទំនុកតម្កើង 76:1-12 គខប
នៅស្រុកយូដា គេស្គាល់ព្រះជាម្ចាស់គ្រប់ៗគ្នា នៅស្រុកអ៊ីស្រាអែល ព្រះនាមរបស់ព្រះអង្គល្បីល្បាញណាស់! ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡឹម ព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។ នៅទីនោះហើយដែលព្រះអង្គបានកម្ទេចគ្រឿង សស្ត្រាវុធ គឺមានធ្នូ ខែល និងដាវជាដើម។ - សម្រាក ឱព្រះជាម្ចាស់អើយ ព្រះអង្គប្រកបដោយសិរីរុងរឿង គួរជាទីស្ញប់ស្ញែង នៅពេលព្រះអង្គវិលត្រឡប់មកពីភ្នំវិញ ក្រោយពីបានយកជ័យជម្នះ។ ព្រះអង្គបានដកអាវុធពីអ្នក ចម្បាំងដ៏ជំនាញទាំងនោះ ពួកគេដេកលង់លក់បាត់ស្មារតី ទាហានដ៏ពូកែទាំងនោះ លែងមានកម្លាំងច្បាំងទៀតហើយ។ ឱព្រះនៃលោកយ៉ាកុបអើយ ពេលព្រះអង្គស្រែកគំរាម កងទ័ពសេះ និងសេះរបស់ពួកគេកម្រើកលែងរួច។ ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់! ពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាច ទ្រាំឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបាន? ព្រះអង្គមានព្រះបន្ទូលជំនុំជម្រះពីលើមេឃមក មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ ដោយកោតខ្លាច គឺព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស និងសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដីនេះ។ - សម្រាក ព្រះអង្គធ្វើឲ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ ហើយអស់អ្នកដែលនៅសេសសល់ ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។ ចូរថ្វាយទៅព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានូវអ្វីៗ ដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះអង្គ អស់អ្នកដែលនៅជុំវិញព្រះ ដ៏គួរឲ្យស្ញែងខ្លាចអើយ ចូរយកតង្វាយមកថ្វាយព្រះអង្គ! ព្រះអង្គបំបាក់អំនួតរបស់ស្ដេចនានា ហើយធ្វើឲ្យព្រះមហាក្សត្រទាំងឡាយ នៅលើផែនដីស្ញែងខ្លាចព្រះអង្គ។

