ទំនុកតម្កើង 76:1-12 - Compare All Versions
ទំនុកតម្កើង 76:1-12 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
នៅស្រុកយូដា គេស្គាល់ព្រះជាម្ចាស់គ្រប់ៗគ្នា នៅស្រុកអ៊ីស្រាអែល ព្រះនាមរបស់ព្រះអង្គល្បីល្បាញណាស់! ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡឹម ព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។ នៅទីនោះហើយដែលព្រះអង្គបានកម្ទេចគ្រឿង សស្ត្រាវុធ គឺមានធ្នូ ខែល និងដាវជាដើម។ - សម្រាក ឱព្រះជាម្ចាស់អើយ ព្រះអង្គប្រកបដោយសិរីរុងរឿង គួរជាទីស្ញប់ស្ញែង នៅពេលព្រះអង្គវិលត្រឡប់មកពីភ្នំវិញ ក្រោយពីបានយកជ័យជម្នះ។ ព្រះអង្គបានដកអាវុធពីអ្នក ចម្បាំងដ៏ជំនាញទាំងនោះ ពួកគេដេកលង់លក់បាត់ស្មារតី ទាហានដ៏ពូកែទាំងនោះ លែងមានកម្លាំងច្បាំងទៀតហើយ។ ឱព្រះនៃលោកយ៉ាកុបអើយ ពេលព្រះអង្គស្រែកគំរាម កងទ័ពសេះ និងសេះរបស់ពួកគេកម្រើកលែងរួច។ ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់! ពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាច ទ្រាំឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបាន? ព្រះអង្គមានព្រះបន្ទូលជំនុំជម្រះពីលើមេឃមក មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ ដោយកោតខ្លាច គឺព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស និងសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដីនេះ។ - សម្រាក ព្រះអង្គធ្វើឲ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ ហើយអស់អ្នកដែលនៅសេសសល់ ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។ ចូរថ្វាយទៅព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានូវអ្វីៗ ដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះអង្គ អស់អ្នកដែលនៅជុំវិញព្រះ ដ៏គួរឲ្យស្ញែងខ្លាចអើយ ចូរយកតង្វាយមកថ្វាយព្រះអង្គ! ព្រះអង្គបំបាក់អំនួតរបស់ស្ដេចនានា ហើយធ្វើឲ្យព្រះមហាក្សត្រទាំងឡាយ នៅលើផែនដីស្ញែងខ្លាចព្រះអង្គ។
ទំនុកតម្កើង 76:1-12 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
នៅស្រុកយូដាគេស្គាល់ព្រះហើយ ព្រះនាមទ្រង់ក៏ធំ នៅក្នុងសាសន៍អ៊ីស្រាអែល រោងឧបោសថរបស់ទ្រង់នៅក្រុងសាឡិម ហើយទីលំនៅទ្រង់នៅភ្នំស៊ីយ៉ូន នៅទីនោះ ទ្រង់បានបំបាក់ព្រួញ ធ្នូ ខែល នឹងដាវ ហើយអស់ទាំងគ្រឿងចំបាំងបង់។ –បង្អង់ ៙ ទ្រង់រុងរឿងឧត្តម ហើយមានលំអប្រសើរ ជាងភ្នំរំពាទាំងប៉ុន្មាន ពួកអ្នកដែលមានចិត្តក្លាហាន គេបានត្រឡប់ជារំពាវិញ គេបានដេកអស់ពេលដេករបស់គេហើយ ក្នុងពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន គ្មានអ្នកណាមួយអាច លើកដៃឡើងបានឡើយ ឱព្រះនៃយ៉ាកុបអើយ កាលណាទ្រង់បន្ទោស នោះទាំងរទេះចំបាំង នឹងសេះផង ក៏ត្រូវលក់ស៊ប់ទាំងអស់គ្នា គឺទ្រង់ ទ្រង់តែ១ប៉ុណ្ណោះ ដែលគួរស្ញែងខ្លាច កាលណាទ្រង់មានសេចក្ដីខ្ញាល់ នោះតើអ្នកណាអាចនឹងឈរនៅចំពោះទ្រង់បាន ទ្រង់បានឲ្យឮពាក្យកាត់ទោសពីលើស្ថានសួគ៌មក ផែនដីក៏ភ័យខ្លាច ហើយស្ងៀមឈឹងនៅ គឺក្នុងកាលដែលព្រះទ្រង់ឈរឡើង ដើម្បីជំនុំជំរះ ប្រយោជន៍នឹងជួយសង្គ្រោះដល់ពួកមនុស្សរាបសា នៅផែនដី។ –បង្អង់ ៙ ពិតប្រាកដជាសេចក្ដីឃោរឃៅរបស់មនុស្ស នឹងសរសើរទ្រង់ ឯសំណល់សេចក្ដីឃោរឃៅ នោះទ្រង់នឹងរួបរឹតទុកវិញ ចូរបន់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ហើយលាបំណន់នោះចុះ ចូរឲ្យអស់អ្នកដែលនៅជុំវិញទ្រង់ យកដង្វាយមកថ្វាយដល់ព្រះដ៏គួរស្ញែងខ្លាច ទ្រង់នឹងកាត់វិញ្ញាណនៃពួកត្រកូលខ្ពស់ចេញ ទ្រង់ជាទីគួរតក់ស្លុត ដល់ពួកក្សត្រនៅផែនដី។
ទំនុកតម្កើង 76:1-12 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
មនុស្សម្នាស្គាល់ព្រះនៅស្រុកយូដា ព្រះនាមព្រះអង្គធំអស្ចារ្យនៅស្រុកអ៊ីស្រាអែល។ ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡិម ព្រះដំណាក់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។ នៅទីនោះ ព្រះអង្គបានបំបាក់ព្រួញ ធ្នូ ខែល ដាវ និងអស់ទាំងសស្ត្រាវុធចម្បាំង។ –បង្អង់ ៙ ព្រះអង្គប្រកបដោយភាពរុងរឿង ហើយប្រសើរខ្ពង់ខ្ពស់ លើលជាងភ្នំរំពាទាំងប៉ុន្មាន ។ ពួកអ្នកដែលមានចិត្តក្លាហាន បានត្រឡប់ជារំពា គេបានដេកលង់លក់បាត់ស្មារតី ពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន មិនអាចលើកដៃច្បាំងបានឡើយ។ ឱព្រះនៃលោកយ៉ាកុបអើយ ពេលព្រះអង្គបន្ទោស នោះទាំងអ្នកជិះ ទាំងសេះក៏ស្រឡាំងកាំងទៅ។ គឺព្រះអង្គ ព្រះអង្គហើយដែលគួរស្ញែងខ្លាច! កាលសេចក្ដីក្រោធរបស់ព្រះអង្គឆួលឡើង តើអ្នកណាអាចឈរនៅចំពោះព្រះអង្គបាន? ព្រះអង្គបានប្រកាសកាត់ទោសពីស្ថានសួគ៌មក ផែនដីក៏ភ័យខ្លាច ហើយនៅស្ងៀមឈឹង នៅពេលព្រះក្រោកឡើងជំនុំជម្រះ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។ –បង្អង់ ៙ ពិតប្រាកដជាសេចក្ដីក្រេវក្រោធរបស់មនុស្ស នឹងសរសើរតម្កើងព្រះអង្គ ឯសំណល់សេចក្ដីក្រេវក្រោធ ព្រះអង្គនឹងពាក់ដូចជាខ្សែក្រវាត់។ ចូរបន់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់នោះទៅ ចូរអស់អ្នកដែលនៅជុំវិញព្រះអង្គ យកតង្វាយមកថ្វាយព្រះអង្គ ដ៏គួរស្ញែងខ្លាច ព្រះអង្គកាត់វិញ្ញាណ របស់ពួកហៅហ្វាយ ហើយពួកស្ដេចនៅលើផែនដី ស្ញប់ស្ញែងព្រះអង្គ។