ទំនុកតម្កើង 75:1-10

ទំនុកតម្កើង 75:1-10 គខប

ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ! យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ ដែល​គង់​នៅ​ជិត​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​ស្ញប់‌ស្ញែង​របស់​ព្រះអង្គ! ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា «ដល់​គ្រា​ដែល​យើង​បាន​កំណត់​ទុក យើង​នឹង​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌! ផែនដី និង​អ្វីៗ​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​រលាយ ក៏​ប៉ុន្តែ យើង​នឹង​ធ្វើ​ឲ្យ​ផែនដី​នៅ​តែ​រឹង‌មាំ!»។ - សម្រាក ខ្ញុំ​និយាយ​ប្រាប់​មនុស្ស​អួត​បំប៉ោង​ថា កុំ​អួត​បំប៉ោង​ឲ្យ​សោះ! ហើយ​ប្រាប់​មនុស្ស​អាក្រក់​ថា​កុំ​វាយ​ឫក​ខ្ពស់! កុំ​ប្រកាន់​ឫក​ខ្ពស់​ពេក ឈប់​និយាយ​ព្រហើន​ទៅ ដ្បិត​អ្នក​ដែល​វិនិច្ឆ័យ​ទោស​មិន​មែន មក​ពី​ខាង​កើត ឬ​ខាង​លិច ហើយ​ក៏​មិន​មែន​មក​ពី​ខាង​ត្បូង ឬ​ខាង​ជើង​ដែរ គឺ​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ព្រះអង្គ​ដាក់​ទោស​អ្នក​នេះ ហើយ​លើក‌លែង​ទោស​អ្នក​នោះ។ ព្រះ‌អម្ចាស់​កាន់​ពែង​មួយ​នៅ​ក្នុង​ព្រះ‌ហស្ដ គឺ​ពែង​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះ‌ពិរោធ ពេល​ព្រះអង្គ​ចាក់​ពែង​នោះ​ទៅ​លើ​ផែនដី មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​ត្រូវ​តែ​ទទួល​ទោស ចៀស​មិន​ផុត​ឡើយ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ របស់​លោក​យ៉ាកុប​រហូត​ត​ទៅ ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ។ ព្រះអង្គ​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ពាល តែ​ព្រះអង្គ​នឹង​លើក​មុខ​មនុស្ស​សុចរិត​ឡើង។