ទំនុកតម្កើង 75:1-10 - Compare All Versions
ទំនុកតម្កើង 75:1-10 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ឱព្រះអើយ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ យើងខ្ញុំអរព្រះគុណ ដោយព្រោះព្រះនាមព្រះអង្គស្ថិតនៅជិត យើងខ្ញុំរៀបរាប់ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។ ៙ ព្រះទ្រង់មានព្រះបន្ទូលថា «ដល់គ្រាដែលយើងកំណត់ យើងនឹងជំនុំជម្រះដោយយុត្តិធម៌។ កាលផែនដី និងអស់ទាំងមនុស្ស នៅផែនដីរលាយទៅ គឺយើងដែលធ្វើឲ្យសសរផែនដី នៅតែរឹងមាំ»។ –បង្អង់ ទូលបង្គំនិយាយទៅកាន់មនុស្សអំនួតថា «កុំអួតខ្លួនឡើយ» ហើយទៅកាន់មនុស្សអាក្រក់ថា «កុំលើកតម្កើងខ្លួនឲ្យសោះ កុំលើកតម្កើងខ្លួនខ្ពស់ ឬនិយាយប្រហើនឡើយ»។ ៙ ដ្បិតការលើកតម្កើង មិនមែនមកពីទិសខាងកើត ឬមកពីទិសខាងលិច ហើយក៏មិនមែនមកពីទីរហោស្ថានដែរ គឺព្រះទេតើ ដែលព្រះអង្គជាចៅក្រម ព្រះអង្គបន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង។ ព្រោះព្រះយេហូវ៉ាកាន់ពែងមួយនៅព្រះហស្ត ដែលមានស្រាកំពុងឡើងពពុះ ពែងនោះពេញដោយស្រាលាយជាស្រេច ព្រះអង្គនឹងចាក់បង្ហូរពីពែងនោះ ហើយមនុស្សអាក្រក់ទាំងប៉ុន្មាននៅផែនដី ត្រូវតែផឹកសម្រេងពីពែងនោះទាល់តែអស់។ ៙ តែឯទូលបង្គំវិញ ទូលបង្គំនឹងប្រកាសពីកិច្ចការ របស់ព្រះអង្គជាដរាប ទូលបង្គំនឹងច្រៀងសរសើរដល់ព្រះ របស់លោកយ៉ាកុប។ ព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងកាត់ អស់ទាំងស្នែងរបស់មនុស្សអាក្រក់ចេញ តែយើងនឹងលើកស្នែង របស់មនុស្សសុចរិតឡើង»។
ទំនុកតម្កើង 75:1-10 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ឱព្រះជាម្ចាស់អើយ យើងខ្ញុំសរសើរតម្កើងព្រះអង្គ! យើងខ្ញុំសរសើរតម្កើងព្រះនាមព្រះអង្គ ដែលគង់នៅជិតយើងខ្ញុំ ហើយយើងខ្ញុំរៀបរាប់អំពីស្នាព្រះហស្ដ ដ៏ស្ញប់ស្ញែងរបស់ព្រះអង្គ! ព្រះអង្គមានព្រះបន្ទូលថា «ដល់គ្រាដែលយើងបានកំណត់ទុក យើងនឹងវិនិច្ឆ័យទោស ដោយយុត្តិធម៌! ផែនដី និងអ្វីៗទាំងអស់ ដែលរស់នៅលើផែនដីនឹងត្រូវរលាយ ក៏ប៉ុន្តែ យើងនឹងធ្វើឲ្យផែនដីនៅតែរឹងមាំ!»។ - សម្រាក ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថា កុំអួតបំប៉ោងឲ្យសោះ! ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់! កុំប្រកាន់ឫកខ្ពស់ពេក ឈប់និយាយព្រហើនទៅ ដ្បិតអ្នកដែលវិនិច្ឆ័យទោសមិនមែន មកពីខាងកើត ឬខាងលិច ហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ គឺព្រះជាម្ចាស់ទេតើ ដែលជាចៅក្រមវិនិច្ឆ័យទោស ព្រះអង្គដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។ ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ដ គឺពែងដែលមានពេញទៅដោយព្រះពិរោធ ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី មនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោស ចៀសមិនផុតឡើយ។ រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីព្រះ របស់លោកយ៉ាកុបរហូតតទៅ ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ។ ព្រះអង្គនឹងបំបាក់អំនួតរបស់មនុស្សពាល តែព្រះអង្គនឹងលើកមុខមនុស្សសុចរិតឡើង។
ទំនុកតម្កើង 75:1-10 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឱព្រះអង្គអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ យើងខ្ញុំអរព្រះគុណដោយព្រោះព្រះនាមទ្រង់ ស្ថិតនៅជិត មនុស្សទាំងឡាយប្រកាសប្រាប់ពីការអស្ចារ្យរបស់ទ្រង់។ ៙ កាលណាដល់វេលាដែលកំណត់ទុកហើយ នោះអញនឹងជំនុំជំរះដោយសុចរិត ផែនដីនឹងអស់ទាំងមនុស្សនៅផែនដីត្រូវរលាយទៅ គឺអញដែលបានតាំងសសរផែនដីឡើង។ –បង្អង់ ៙ ទូលបង្គំបាននិយាយទៅពួកអំនួតថា កុំឲ្យអួតខ្លួនឡើយ ហើយទៅមនុស្សអាក្រក់ថា កុំឲ្យដំកើងខ្លួនឲ្យសោះ មិនត្រូវលើកខ្លួនឡើងឲ្យខ្ពស់ ឬនិយាយដោយប្រហើនឡើយ ដ្បិតការដំកើងឡើង នោះមិនមែនមកពីទិសខាងកើត ឬខាងលិច ក៏មិនមកពីទីរហោស្ថាននោះទេ។ ៙ គឺព្រះដែលជាចៅក្រម ទ្រង់បន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង ពីព្រោះព្រះយេហូវ៉ាទ្រង់កាន់ពែង១នៅព្រះហស្ត ដែលមានស្រាកំពុងតែពពុះឡើង ពែងនោះពេញដោយស្រាលាយ ហើយទ្រង់ក៏ចាក់ចេញ ឯមនុស្សអាក្រក់ទាំងប៉ុន្មាន ដែលនៅផែនដី គេនឹងផឹកសំរេងកាកក្នុងពែងនោះជាមិនខាន។ ៙ តែទូលបង្គំនឹងប្រកាសប្រាប់ការទាំងនេះជាដរាប ទូលបង្គំនឹងច្រៀងសរសើរថ្វាយព្រះនៃយ៉ាកុប ទូលបង្គំនឹងកាត់អំណាចទាំងប៉ុន្មាននៃមនុស្ស អាក្រក់ចេញ តែអំណាចរបស់មនុស្សសុចរិត នឹងបានដំកើងឡើងវិញ។