ទំនុកតម្កើង 7:10-17

ទំនុកតម្កើង 7:10-17 គខប

ព្រះ‌ជាម្ចាស់​ជា​ខែល​ការពារ​ខ្ញុំ ព្រះអង្គ​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​ទៀង​ត្រង់។ ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត ព្រះអង្គ​តែងតែ​ប្រឆាំង​នឹង​អំពើ​អាក្រក់ ជា​រៀង​រាល់​ថ្ងៃ។ មនុស្ស​អាក្រក់​មិន​ដូរ​គំនិត​ទេ គេនឹង​សំលៀង​មុខ​ដាវ ហើយ​យឹត​ធ្នូ​ប្រុង​ប្រៀប​បាញ់។ គេ​នឹង​រៀបចំ​អាវុធ​ដើម្បី​ប្រហារ​អ្នក​ដទៃ ព្រម​ទាំង​ត្រៀម​ព្រួញ​ភ្លើង​ចាំ​ជា​ស្រេច​ផង។ អ្នក​ណា​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​រិះគិត​ពី​អំពើ​ឧក្រិដ្ឋ អ្នក​នោះ​នឹង​បង្កើត​បាន​ការ​បោក​បញ្ឆោត។ អ្នក​ណា​ជីក​រណ្ដៅ​កាន់​តែ​ជ្រៅ​ទៅៗ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​ខ្លួន​ជីក​នោះ​ជា​មិន​ខាន។ អំពើ​ទុច្ចរិត​ដែល​គេ​ប្រព្រឹត្ត នឹង​ធ្លាក់​មក​លើ​ក្បាល​គេ​វិញ អំពើ​ឃោរ‌ឃៅ​របស់​គេ ក៏​នឹង​ធ្លាក់​មក​លើ​លលាដ៍​ក្បាល​គេ​វិញ​ដែរ។ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​សុចរិត ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។