ទំនុកតម្កើង 7:10-17

ទំនុកតម្កើង 7:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខែល​របស់​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ ដែល​សង្គ្រោះ​មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់។ ព្រះ‌អង្គ​ជា​ចៅ‌ក្រម​សុចរិត ហើយ​ជា​ព្រះ​ដែល​ខ្ញាល់ នឹង​មនុស្ស​ទុច្ចរិត​រាល់​ថ្ងៃ។ បើ​អ្នក​ណា​មិន​ប្រែ​ចិត្ត ព្រះ‌អង្គ​នឹង​សំលៀង​ដាវ ព្រះ‌អង្គ​យឹត​ដំឡើង​ធ្នូ​ជា​ស្រេច ព្រះ‌អង្គ​រៀបចំ​អាវុធ​ទុក​ប្រហារ​គេ​រួច​ហើយ ព្រម​ទាំង​ធ្វើ​ព្រួញ​ភ្លើង​ទុក​សម្រាប់​បាញ់​ផង។ មើល៍! គេ​ឈឺ​នឹង​សម្រាល​អំពើ​ទុច្ចរិត​របស់​គេ ក៏​មាន​ផ្ទៃ​ពោះ​ជា​សេចក្ដី​អាក្រក់ ហើយ​សម្រាល​ចេញ​ជា​សេចក្ដី​ភូតភរ។ គេ​បាន​ជីក​ធ្វើ​រណ្តៅ ហើយ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ដែល​គេ​ធ្វើ​នោះ អំពើ​អាក្រក់​របស់​គេ នឹង​ត្រឡប់​មក​លើ​ក្បាល​គេ​វិញ ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ ក៏​នឹង​ធ្លាក់​មក​លើ​ក្រយៅ​ក្បាល​គេ​វិញ​ដែរ។ ខ្ញុំ​នឹងអរ​ព្រះ​គុណ​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​សុចរិត ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌នាម ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។

ទំនុកតម្កើង 7:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​ជា​ខែល​ការពារ​ខ្ញុំ ព្រះអង្គ​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​ទៀង​ត្រង់។ ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត ព្រះអង្គ​តែងតែ​ប្រឆាំង​នឹង​អំពើ​អាក្រក់ ជា​រៀង​រាល់​ថ្ងៃ។ មនុស្ស​អាក្រក់​មិន​ដូរ​គំនិត​ទេ គេនឹង​សំលៀង​មុខ​ដាវ ហើយ​យឹត​ធ្នូ​ប្រុង​ប្រៀប​បាញ់។ គេ​នឹង​រៀបចំ​អាវុធ​ដើម្បី​ប្រហារ​អ្នក​ដទៃ ព្រម​ទាំង​ត្រៀម​ព្រួញ​ភ្លើង​ចាំ​ជា​ស្រេច​ផង។ អ្នក​ណា​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​រិះគិត​ពី​អំពើ​ឧក្រិដ្ឋ អ្នក​នោះ​នឹង​បង្កើត​បាន​ការ​បោក​បញ្ឆោត។ អ្នក​ណា​ជីក​រណ្ដៅ​កាន់​តែ​ជ្រៅ​ទៅៗ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​ខ្លួន​ជីក​នោះ​ជា​មិន​ខាន។ អំពើ​ទុច្ចរិត​ដែល​គេ​ប្រព្រឹត្ត នឹង​ធ្លាក់​មក​លើ​ក្បាល​គេ​វិញ អំពើ​ឃោរ‌ឃៅ​របស់​គេ ក៏​នឹង​ធ្លាក់​មក​លើ​លលាដ៍​ក្បាល​គេ​វិញ​ដែរ។ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​សុចរិត ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

ទំនុកតម្កើង 7:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខែល​នៃ​ទូលបង្គំ​នៅ​ជា​មួយ​នឹង​ព្រះ ដែល​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់ ព្រះ‌ទ្រង់​ជា​ចៅ‌ក្រម​សុចរិត អើ ទ្រង់​ជា​ព្រះ​ដែល​មាន​សេចក្ដី​ខ្ញាល់ ចំពោះ​មនុស្ស​អាក្រក់​រាល់​តែ​ថ្ងៃ បើ​អ្នក​ណា​មិន​ប្រែ​ចិត្ត នោះ​ទ្រង់​នឹង​សំលៀង​ដាវ ទ្រង់​បាន​យឹត​ដំឡើង​ធ្នូ​ជា​ស្រេច ទ្រង់​ក៏​រៀបចំ​គ្រឿង​ដែល​សំរាប់​សំឡាប់​គេ ទុក​រួច​ហើយ ទ្រង់​ធ្វើ​ព្រួញ​ឆេះ ទុក​សំរាប់​បាញ់។ ៙ មើលគេ​ឈឺ​នឹង​សំរាល​ការ​ទុច្ចរិត​របស់​គេ ក៏​មាន​ផ្ទៃ​ពោះ​ជា​សេចក្ដី​អាក្រក់ ហើយ​សំរាល​ចេញ​ជា​សេចក្ដី​កំភូត គេ​បាន​ជីក​ធ្វើ​រណ្តៅ ហើយ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ដែល​គេ​ធ្វើ​នោះ សេចក្ដី​អាក្រក់​របស់​គេ នឹង​ត្រឡប់​មក​លើ​ក្បាល​គេ​វិញ ហើយ​សេចក្ដី​ច្រឡោត​របស់​គេ នឹង​ចុះ​មក​លើ​ក្រយៅ​ក្បាល​គេ​ដែរ ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​សុចរិត​ទ្រង់ ហើយ​នឹង​ច្រៀង​ដំកើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ៏​ខ្ពស់​បំផុត។