ទំនុកតម្កើង 7:1-9

ទំនុកតម្កើង 7:1-9 គខប

ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​សូម​យក​ព្រះអង្គ​ធ្វើ​ជា​ទី​ពឹង​ជ្រក សូម​សង្គ្រោះ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​អស់​អ្នក ដែល​បៀត‌បៀន​ទូលបង្គំ​ផង ក្រែង​លោ​គេ​ហែក​ទូលបង្គំ ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ ហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​គេ​ថា ប្រសិន​បើ​ដៃ​ទូលបង្គំ​ប្រឡាក់​ទៅ​ដោយ​អំពើ​ទុច្ចរិត ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​មិត្ត‌ភក្ដិ​ទូលបង្គំ ឬ​ប្រសិន​បើ​ទូលបង្គំ រឹប​អូស​យក​ទ្រព្យ​ដោយ​ឥត​ហេតុ​ផល ពី​អ្នក​ដែល​ជំទាស់​នឹង​ទូលបង្គំ​មែន​នោះ សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់ និង​ប្រហារ​ទូលបង្គំ​ទៅ​ចុះ ឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ​នៅ​នឹង​ដី និង​ឲ្យ​គេ​យក​កិត្តិយស​របស់​ទូលបង្គំ ទៅ​ទម្លាក់​ក្នុង​ភក់​ជ្រាំ​ចុះ!។ - សម្រាក ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង សូម​ទ្រង់​ព្រះ‌ពិរោធ​តប​នឹង​អំពើ​ឃោរ‌ឃៅ របស់​បច្ចា‌មិត្ត​ទូលបង្គំ សូម​ជួយ​ការពារ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គហ្នឹង​ហើយ ដែល​បាន​តែង‌តាំង​ច្បាប់​ឡើង។ សូម​ឲ្យ​ប្រជា‌ជាតិ​នានា នាំ​គ្នា​មក​ចោម‌រោម​ជុំ‌វិញ​ព្រះអង្គ! សូម​ទ្រង់​គ្រប់‌គ្រង​លើ​ពួក​គេ​ទាំង​អស់​គ្នា ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ប្រជា‌រាស្ដ្រ​ទាំង​អស់ ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​សុចរិត ហើយ​ក៏​ទៀង​ត្រង់​ដែរ! សូម​បញ្ឈប់​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត ហើយ​ជួយ​មនុស្ស​សុចរិត ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង! ព្រះ​ដ៏​សុចរិត​អើយ ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស!