ទំនុកតម្កើង 7:1-9
ទំនុកតម្កើង 7:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំយកព្រះអង្គជាទីជ្រកកោន សូមសង្គ្រោះទូលបង្គំឲ្យរួចពីអស់អ្នក ដែលដេញតាមទូលបង្គំផង ក្រែងគេហែកព្រលឹងទូលបង្គំ ដូចជាសិង្ហ ហើយហែកឲ្យខ្ទេចខ្ទី គ្មានអ្នកណារំដោះបានឡើយ។ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ប្រសិនបើទូលបង្គំធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ ប្រសិនបើទូលបង្គំធ្វើការអាក្រក់ ស្នងនឹងមិត្តសម្លាញ់ទូលបង្គំ ឬបានរឹបអូសយកទ្រព្យពីសត្រូវ របស់ទូលបង្គំដោយឥតហេតុ នោះសូមឲ្យខ្មាំងសត្រូវដេញតាម ព្រលឹងទូលបង្គំ ហើយទាន់ចុះ សូមឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី ហើយយកកិត្តិយសទូលបង្គំ ទម្លាក់ក្នុងធូលីដីចុះ។ -បង្អង់ ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង ដោយសេចក្ដីក្រោធរបស់ព្រះអង្គ សូមងើបឡើង ទាស់នឹងអំពើឃោរឃៅ របស់ខ្មាំងសត្រូវនៃទូលបង្គំផង ព្រះនៃទូលបង្គំអើយ សូមតើនឡើង ព្រះអង្គបានតែងតាំងឲ្យមានការជំនុំជម្រះ។ សូមឲ្យក្រុមជំនុំនៃសាសន៍ទាំងឡាយ មកជួបជុំគ្នានៅជុំវិញព្រះអង្គ សូមព្រះអង្គគ្រប់គ្រងគេពីលើទីខ្ពស់។ ព្រះយេហូវ៉ាជំនុំជម្រះសាសន៍ទាំងឡាយ ឱព្រះយេហូវ៉ាអើយ សូមជំនុំជម្រះទូលបង្គំ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ និងតាមសេចក្ដីទៀងត្រង់របស់ទូលបង្គំផង។ ឱសូមឲ្យអំពើអាក្រក់របស់មនុស្សទុច្ចរិត បានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតអើយ ព្រះអង្គល្បងមើលចិត្តថ្លើមរបស់មនុស្ស!
ទំនុកតម្កើង 7:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមយកព្រះអង្គធ្វើជាទីពឹងជ្រក សូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំ ឲ្យរួចផុតពីអស់អ្នក ដែលបៀតបៀនទូលបង្គំផង ក្រែងលោគេហែកទូលបង្គំ ដូចសត្វសិង្ហខាំរំពានាំយកទៅ ហើយគ្មាននរណារំដោះបានឡើយ។ ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ប្រសិនបើទូលបង្គំបានប្រព្រឹត្តដូចពាក្យគេថា ប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិត ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងមិត្តភក្ដិទូលបង្គំ ឬប្រសិនបើទូលបង្គំ រឹបអូសយកទ្រព្យដោយឥតហេតុផល ពីអ្នកដែលជំទាស់នឹងទូលបង្គំមែននោះ សូមឲ្យខ្មាំងសត្រូវដេញទាន់ និងប្រហារទូលបង្គំទៅចុះ ឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី និងឲ្យគេយកកិត្តិយសរបស់ទូលបង្គំ ទៅទម្លាក់ក្នុងភក់ជ្រាំចុះ!។ - សម្រាក ព្រះអម្ចាស់អើយ សូមតើនឡើង សូមទ្រង់ព្រះពិរោធតបនឹងអំពើឃោរឃៅ របស់បច្ចាមិត្តទូលបង្គំ សូមជួយការពារទូលបង្គំផង ដ្បិតព្រះអង្គហ្នឹងហើយ ដែលបានតែងតាំងច្បាប់ឡើង។ សូមឲ្យប្រជាជាតិនានា នាំគ្នាមកចោមរោមជុំវិញព្រះអង្គ! សូមទ្រង់គ្រប់គ្រងលើពួកគេទាំងអស់គ្នា ព្រះអម្ចាស់ជាចៅក្រមវិនិច្ឆ័យប្រជារាស្ដ្រទាំងអស់ ព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតទូលបង្គំសុចរិត ហើយក៏ទៀងត្រង់ដែរ! សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! ព្រះដ៏សុចរិតអើយ ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
ទំនុកតម្កើង 7:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំយកទ្រង់ជាទីជ្រកកោន សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីអស់អ្នកដែលដេញតាមទូលបង្គំផង ក្រែងគេហែកព្រលឹងនៃទូលបង្គំ ដូចជាសិង្ហ ព្រមទាំងហែកឲ្យខ្ទេចខ្ទីផង ក្នុងកាលដែលគ្មានអ្នកណានឹងដោះឲ្យរួច ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ បើសិនជាទូលបង្គំបានធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ បើទូលបង្គំធ្វើការអាក្រក់ ស្នងដល់អ្នកណាដែលមេត្រីនឹងទូលបង្គំ បើទូលបង្គំបានរឹបជាន់អ្នកដែលតតាំងនឹងទូលបង្គំ ដោយឥតហេតុ នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងទូលបង្គំទាន់ចុះ អើ សូមឲ្យគេញាំញីជីវិតទូលបង្គំចុះដល់ដី ហើយបង្អាប់យសទូលបង្គំ នៅក្នុងធូលីដីផង។ បង្អង់ ៙ ឱព្រះយេហូវ៉ាអើយ សូមតើនឡើង ដោយសេចក្ដីខ្ញាល់របស់ទ្រង់ សូមងើបឡើង ទាស់នឹងសេចក្ដីឃោរឃៅ របស់ពួកតតាំងនឹងទូលបង្គំ សូមទ្រង់តើនឡើងជួយទូលបង្គំ ដោយសេចក្ដីយុត្តិធម៌ ដែលទ្រង់បានបង្គាប់ហើយ យ៉ាងនោះ ជំនុំនៃបណ្តាជនទាំងឡាយ នឹងមកនៅព័ទ្ធជុំវិញទ្រង់ សូមទ្រង់ឡើងលើទីខ្ពស់ ពីលើគេវិញ ព្រះយេហូវ៉ាទ្រង់តែងជំនុំជំរះបណ្តាជនទាំងឡាយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជំនុំជំរះទូលបង្គំ តាមសេចក្ដីសុចរិត នឹងសេចក្ដីទៀងត្រង់របស់ទូលបង្គំផង ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម