ទំនុកតម្កើង 68:11-20

ទំនុកតម្កើង 68:11-20 គខប

ពេល​ព្រះ‌អម្ចាស់​ចេញ​បញ្ជា ពួក​ស្ត្រី​ដែល​ប្រៀប​បាន​នឹង​កង‌ទ័ព​មួយ​យ៉ាង​ធំ នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង​ថា: ស្ដេច​នានា​បាក់​ទ័ព​រត់ ទៅ​ជា​មួយ​ពល​ទាហាន​របស់​ខ្លួន។ ស្ត្រីៗ​ដែល​នៅ​ក្នុង​ផ្ទះ​នាំ​គ្នា​ចែក​ជយ‌ភណ្ឌ។ រីឯ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា នៅ​សម្រាក​ក្នុង​ជំរំ​ដូច្នេះ​ទៅ​វិញ? មើល៍! សូម្បី​តែ​សត្វ​ព្រាប​ក៏​មាន​ប្រាក់ ជាប់​ពេញ​ស្លាប​វា​ដែរ ហើយ​រោម​វា​ចាំង​ចែង​ទៅ​ដោយ​មាស។ នៅ​ពេល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ធ្វើ​ឲ្យ​ស្ដេច​នានា​បាក់​ទ័ព នោះ​ក៏​មាន​ព្រឹល​ធ្លាក់​មក​លើ​ភ្នំ​សាល‌ម៉ូន​ដែរ។ ភ្នំ​បាសាន​ជា​ភ្នំ​ដ៏​សក្ការៈ​មួយ ភ្នំ​បាសាន​ជា​ភ្នំ​ដែល​មាន​កំពូល​យ៉ាង​ច្រើន។ ហេតុ​អ្វី​បាន​ជា​ភ្នំ​ដែល​មាន​កំពូល​ច្រើន ច្រណែន​នឹង​ភ្នំ​ដែល​ព្រះ‌ជាម្ចាស់​ជ្រើស​រើស សម្រាប់​គង់​នៅ? ពិត​មែន​ហើយ ព្រះ‌អម្ចាស់​នឹង​គង់​នៅ​លើ​ភ្នំ​នេះ​រហូត​ត​ទៅ។ ទ័ព​សេះ​របស់​ព្រះ‌ជាម្ចាស់ មាន​ចំនួន​រាប់​លាន​រាប់​កោដិ ព្រះអង្គ​គង់​ជា​មួយ​ពួក​គេ​នៅ​ភ្នំ​ស៊ីណៃ ជា​ទីសក្ការៈ​របស់​ព្រះអង្គ។ ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ទាំង​នាំ​អ្នក​ទោស​ទៅ​ជា​មួយ ព្រះអង្គ​បាន​ទទួល​តង្វាយ​ផ្សេងៗ​ពី​មនុស្ស​លោក សូម្បី​តែ​មនុស្ស​ប្រឆាំង​នឹង​ព្រះអង្គ ក៏​ព្រះអង្គ​ទទួល​ពី​គេ​ដែរ ហើយ​ព្រះ‌ជា‌អម្ចាស់​គង់​នៅ​ទី​នោះ!។ សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ព្រះអង្គ​តែងតែ​ជួយ​គាំទ្រ និង​សង្គ្រោះ​យើង។ - សម្រាក ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​យើង ព្រះ‌ជា‌អម្ចាស់​អាច​ជួយ​យើង ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។