ទំនុកតម្កើង 68:11-20
ទំនុកតម្កើង 68:11-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់ប្រទានព្រះបន្ទូល ពួកស្ត្រី ដែលប្រកាសដំណឹង នោះមានគ្នាច្រើនណាស់។ ពួកស្តេចកងទ័ពរត់គេច គេរត់គេចទៅ! ស្ត្រីៗដែលនៅផ្ទះនាំគ្នាចែកជ័យភណ្ឌ។ ទោះបើអ្នករាល់គ្នាបានដេក នៅកណ្ដាលក្រោលសត្វ គង់តែនឹងមានស្លាបសត្វព្រាប ដែលស្រោបដោយប្រាក់ ហើយរោមវាក៏ស្រោបដោយមាសចែងចាំង។ កាលព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គកម្ចាត់កម្ចាយពួកស្តេចនៅស្រុកនោះ សូមឲ្យព្រឹលធ្លាក់នៅលើភ្នំសាលម៉ូន។ ឱភ្នំនៃព្រះ ភ្នំបាសាន ឱភ្នំដែលមានកំពូលច្រើន ភ្នំបាសានអើយ! ឱភ្នំដែលមានកំពូលច្រើនអើយ ហេតុអ្វីបានជាមើលដោយច្រណែន នឹងភ្នំដែលព្រះសព្វព្រះហឫទ័យនឹងយក ជាលំនៅរបស់ព្រះអង្គដូច្នេះ? អើ ព្រះយេហូវ៉ានឹងគង់ នៅលើភ្នំនោះរហូតតទៅ។ រាជរថរបស់ព្រះមានចំនួនរាប់លានរាប់កោដិ ព្រះអម្ចាស់គង់នៅកណ្ដាល គឺព្រះនៃភ្នំស៊ីណាយ ព្រះអង្គគង់ក្នុងទីបរិសុទ្ធ។ ព្រះអង្គបានយាងឡើងទៅទីខ្ពស់ ទាំងនាំពួកឈ្លើយទៅជាមួយ ហើយទទួលសួយអាករពីប្រជាជន សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ា ដ៏ជាព្រះបានគង់នៅទីនោះ។ សូមលើកតម្កើងព្រះអម្ចាស់ ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ គឺជាព្រះជាទីសង្គ្រោះរបស់យើង។ -បង្អង់ ព្រះនៃយើង គឺជាព្រះនៃការសង្គ្រោះ ហើយការរំដោះឲ្យរួចពីស្លាប់ ជារបស់ព្រះ គឺព្រះយេហូវ៉ា។
ទំនុកតម្កើង 68:11-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះអម្ចាស់ចេញបញ្ជា ពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំ នាំគ្នាចេញទៅប្រកាសដំណឹងថា: ស្ដេចនានាបាក់ទ័ពរត់ ទៅជាមួយពលទាហានរបស់ខ្លួន។ ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភណ្ឌ។ រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នា នៅសម្រាកក្នុងជំរំដូច្នេះទៅវិញ? មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់ ជាប់ពេញស្លាបវាដែរ ហើយរោមវាចាំងចែងទៅដោយមាស។ នៅពេលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ធ្វើឲ្យស្ដេចនានាបាក់ទ័ព នោះក៏មានព្រឹលធ្លាក់មកលើភ្នំសាលម៉ូនដែរ។ ភ្នំបាសានជាភ្នំដ៏សក្ការៈមួយ ភ្នំបាសានជាភ្នំដែលមានកំពូលយ៉ាងច្រើន។ ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន ច្រណែននឹងភ្នំដែលព្រះជាម្ចាស់ជ្រើសរើស សម្រាប់គង់នៅ? ពិតមែនហើយ ព្រះអម្ចាស់នឹងគង់នៅលើភ្នំនេះរហូតតទៅ។ ទ័ពសេះរបស់ព្រះជាម្ចាស់ មានចំនួនរាប់លានរាប់កោដិ ព្រះអង្គគង់ជាមួយពួកគេនៅភ្នំស៊ីណៃ ជាទីសក្ការៈរបស់ព្រះអង្គ។ ព្រះអង្គយាងឡើងទៅស្ថានខ្ពស់ ទាំងនាំអ្នកទោសទៅជាមួយ ព្រះអង្គបានទទួលតង្វាយផ្សេងៗពីមនុស្សលោក សូម្បីតែមនុស្សប្រឆាំងនឹងព្រះអង្គ ក៏ព្រះអង្គទទួលពីគេដែរ ហើយព្រះជាអម្ចាស់គង់នៅទីនោះ!។ សូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ដ្បិតព្រះអង្គតែងតែជួយគាំទ្រ និងសង្គ្រោះយើង។ - សម្រាក ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង ព្រះជាអម្ចាស់អាចជួយយើង ឲ្យរួចផុតពីសេចក្ដីស្លាប់។
ទំនុកតម្កើង 68:11-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអម្ចាស់ទ្រង់ប្រទានព្រះបន្ទូល ហើយពួកអ្នកដែលប្រកាសប្រាប់ដំណឹង នោះមានគ្នាច្រើនណាស់ ពួកស្តេចនៃកងទ័ពក៏រត់ គេរត់ទៅ ហើយពួកស្រីៗដែលនៅផ្ទះក៏ចែករបឹបគ្នា ទោះបើអ្នករាល់គ្នាបានដេកនៅកណ្តាលក្រោលសត្វ គង់តែនឹងមានស្លាបដូចជាព្រាបដែលស្រោបដោយប្រាក់ ហើយរោមក៏ស្រោបដោយមាសលឿង នៅវេលាដែលព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់កំចាត់ ពួកស្តេចនៅក្នុងស្រុក នោះបានដូចជាវេលាដែលហិមៈធ្លាក់នៅលើភ្នំសាលម៉ូន។ ភ្នំបាសានជាភ្នំនៃព្រះ ភ្នំបាសានក៏មានកំពូលខ្ពស់ ឱភ្នំដ៏មានកំពូលខ្ពស់អើយ ហេតុអ្វីបានជាមើល ដោយច្រណែន ដល់ភ្នំដែលព្រះសព្វព្រះហឫទ័យយកជាទីលំនៅដូច្នេះ អើ ព្រះយេហូវ៉ាទ្រង់នឹងគង់នៅភ្នំនោះអស់កល្បជានិច្ច អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺន គឺទាំងពាន់ៗ ព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធ នៅភ្នំស៊ីណាយ ទ្រង់បានយាងឡើងទៅឯស្ថានខ្ពស់ ទ្រង់បានចាប់ ពួកឈ្លើយនាំទៅជាឈ្លើយ ព្រមទាំងទទួលអំណោយទានសំរាប់ចែកឲ្យដល់មនុស្ស គឺដល់ទាំងមនុស្សបះបោរផង ដើម្បីឲ្យព្រះ ដ៏ជាព្រះយេហូវ៉ាបានគង់នៅជាមួយនឹងគេ សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរ ដែលទ្រង់ទទួលយកបន្ទុកយើងខ្ញុំរាល់ៗថ្ងៃ គឺជាព្រះដ៏ជាទីសង្គ្រោះដល់យើងខ្ញុំ។ –បង្អង់ ៙ ព្រះ ទ្រង់ជាព្រះដែលប្រោសឲ្យយើងខ្ញុំរួច ហើយសេចក្ដីរួចពីស្លាប់ក៏ស្រេចនៅព្រះយេហូវ៉ា ជាព្រះអម្ចាស់ដែរ