ទំនុកតម្កើង 65:1-13

ទំនុកតម្កើង 65:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ ការ​សរសើររង់​ចាំ​ព្រះ‌អង្គ នៅ​ក្រុង​ស៊ីយ៉ូន ហើយ​គេ​នឹង​លា​បំណន់​ចំពោះ​ព្រះ‌អង្គ ឱ​ព្រះ​ដែល​ស្តាប់ពាក្យ​អធិស្ឋាន​អើយ! អស់​ទាំង​មនុស្ស នឹងចូល​មករក​ព្រះ‌អង្គ។ កាល​អំពើ​ទុច្ចរិត​ឈ្នះ​ទូល‌បង្គំ ព្រះ‌អង្គ​ជម្រះ​អំពើ​រំលង​ឲ្យ​យើង​ខ្ញុំ។ មាន​ពរ​ហើយ​អស់​អ្នក​ណា ដែល​ព្រះ‌អង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លាន​ព្រះ‌អង្គ។ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ នៃ​ដំណាក់​ព្រះ‌អង្គ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​ឆ្លើយ​តប​យើង​ខ្ញុំ ដោយ​ឫទ្ធិ​បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​ដោយ​សេចក្ដី​សុចរិត ព្រះ‌អង្គ​ជា​សេចក្ដី​សង្ឃឹម ដល់​អស់​ទាំង​ចុង​បំផុត​ផែនដី និង​ដល់​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ ព្រះ‌អង្គ​បាន​តាំង​ភ្នំ​ទាំង​ឡាយ​ឲ្យ​មាំ‌មួន ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព ព្រះ‌អង្គ​ធ្វើ​ឲ្យ​សូរ​សន្ធឹក នៃ​សមុទ្រ​បាន​ស្ងប់​ឈឹង គឺ​សូរ​សន្ធឹក​នៃ​រលក ការ​ច្របូក​ច្របល់​របស់​ប្រជាជន ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​រស់​នៅ​ឯ​ចុង​បំផុត​ផែន​ដី ស្ញែង​ខ្លាច​ដោយ​ឃើញ ទី​សម្គាល់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អស់​អ្នក ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច​ស្រែក​ហ៊ោរ​ដោយ​អំណរ។ ព្រះ‌អង្គ​ថែ‌រក្សា​ផែន​ដី ហើយក៏​ស្រោច​ស្រព ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែន​ដី​មាន​ភោគ​ផល សម្បូរ​ហូរ​រហៀរ ទន្លេ​របស់​ព្រះ​មាន​ពោរ​ពេញ​ទៅ​ដោយ​ទឹក ព្រះ‌អង្គ​ផ្គត់‌ផ្គង់​ឲ្យ​គេ​មាន​ស្រូវ ដ្បិត​ព្រះ‌អង្គ​បាន​រៀបចំ​ផែនដី​មក​ដូច្នេះ។ ព្រះ‌អង្គ​ស្រោច​គន្លង​ផែន​ដី​ជា​បរិបូរ ក៏​ពង្រាប​អាចម៍​បំណះ ហើយ​ធ្វើ​ឲ្យ​ដី​ទន់ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ​ដុះ​ឡើង។ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ ប្រកប​ដោយ​ភាព​សម្បូរណ៍សប្បាយ ហើយ​ផ្លូវ​រាជ​រថ​ព្រះ‌អង្គ​ក៏​ហូរ​ហៀរ ដោយ​ភោគ​ផល​បរិបូរ​ដែរ។ វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​មាន​សំណើម​ហូរហៀរ ហើយ​ភ្នំ​នានា​ក៏​ហ៊ុម​ព័ទ្ធ​ដោយ​អំណរ​ដែរ វាល​ស្មៅ​ប្រដាប់​ខ្លួន​ដោយ​ហ្វូង​ចៀម ជ្រលង​ភ្នំ​តាក់​តែង​ខ្លួន​ដោយ​ស្រូវ​ដេរ​ដាស ទី​ទាំង​នោះ​ស្រែក​ច្រៀង​ព្រម​គ្នា​ដោយ​អំណរ។

ទំនុកតម្កើង 65:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះអង្គ នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​យើង​ខ្ញុំ បាន​សន្យា​ចំពោះ​ព្រះអង្គ។ ព្រះអង្គ​តែងតែ​ស្ដាប់​ពាក្យ​ទូល‌អង្វរ របស់​មនុស្ស​លោក​ជានិច្ច ពួក​គេនឹង​មក​រក​ព្រះអង្គ​ទាំង​អស់​គ្នា។ កំហុស​របស់​ទូលបង្គំ​ធ្ងន់‌ធ្ងរ​ណាស់ មាន​តែ​ព្រះអង្គ​ទេ ដែល​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​បាន។ មាន​សុភមង្គល​ហើយ​អស់​អ្នក ដែល​ព្រះអង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទីសក្ការៈ របស់​ព្រះអង្គ។ យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ព្រះ‌ពរ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ គឺ​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ប្រកប​ដោយ​សេចក្ដី​សុចរិត ព្រះអង្គ​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ ដោយ​សម្តែង​ឫទ្ធិ‌បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច ប្រជា‌ជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល នៃ​ផែនដី និង​នៅ​ខាង​នាយ​សមុទ្រ នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ! ព្រះអង្គ​បាន​ពង្រឹង​ភ្នំ​ទាំង‌ឡាយ​ឲ្យ​រឹង‌មាំ ដោយ‌សារ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ ព្រះអង្គ​ប្រកប​ទៅ​ដោយ​ឫទ្ធា‌នុភាព។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សន្ធឹក​រលក​សមុទ្រ ដ៏​គគ្រឹក‌គគ្រេង​បាន​ស្ងប់‌ឈឹង ព្រះអង្គ​ក៏​បាន​ធ្វើ​ឲ្យ​សំឡេង ដ៏​អឺង‌កង​របស់​ប្រជា‌ជន ទាំង‌ឡាយ​បាន​ស្ងប់​ស្ងៀម​ដែរ។ អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​នឹង​នាំ​គ្នា​ស្ញែង​ខ្លាច ដោយ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប។ ព្រះអង្គ​ថែ​ទាំ​ផែនដី ដោយ​ប្រទាន​ឲ្យ​ផែនដី​មាន​ទឹក​ដ៏​បរិបូណ៌ ព្រះអង្គ​ប្រទាន​ឲ្យ​ផែនដី​មាន​ភោគ‌ផល ដ៏​សម្បូណ៌​ហូរ‌ហៀរ ជ្រលង​ដង​អូ​របស់​ព្រះអង្គ មាន​ពោរ‌ពេញ​ទៅ​ដោយ​ទឹក ព្រះអង្គ​ប្រទាន​ស្រូវ​ឲ្យ​មនុស្ស​លោក ដោយ​រៀបចំ​ដូច​ត​ទៅ​នេះ គឺ​ព្រះអង្គ​ស្រោច​ស្រព​ស្រែ​ចម្ការ ព្រះអង្គ​ធ្វើ​ឲ្យ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ភ្លៀង ដក់​នៅ​តាម​វាល​ស្រែ ហើយ​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ ទាំង‌ឡាយ​ដុះ​ឡើង។ នៅ​រដូវ​ចម្រូត ព្រះអង្គ​ប្រទាន​ស្រូវ ដែល​ជា​ព្រះ‌អំណោយ​ទាន​ដ៏​សប្បុរស​បំផុត។ ទី​ណា​ដែល​ព្រះអង្គ​យាង​ទៅ ទី​នោះ​មាន​ភោគ‌ផល​ដ៏​ហូរ‌ហៀរ។ រីឯ​នៅ​វាល​រហោ‌ស្ថាន ក៏​មាន​ស្មៅ​ដ៏​បរិបូណ៌ ហើយ​នៅ​តាម​ភ្នំ​នានា ក៏​មាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ​ដែរ។ វាល​ស្មៅ​ពោរ‌ពេញ​ទៅ​ដោយ​ហ្វូង​ចៀម ជ្រលង​ភ្នំ​ពោរ‌ពេញ​ទៅ​ដោយ​ស្រូវ អ្វីៗ​សព្វ​សារពើ​បន្លឺ​សំឡេង​ច្រៀង​ឡើង ដោយ​អំណរ​ដ៏​លើស‌លុប!។

ទំនុកតម្កើង 65:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សេចក្ដី​សរសើរ​ចាំ​តែ​ទ្រង់​នៅ​ក្រុង​ស៊ីយ៉ូន នោះ​គេ​នឹង​លា​បំណន់​ចំពោះ​ទ្រង់ ឱ​ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិស្ឋាន​អើយ អស់​ទាំង​មនុស្សនឹង​មូល​មក​ឯ​ទ្រង់ អស់​ទាំង​សេចក្ដី​ទុច្ចរិត​តែង‌តែ​ឈ្នះ​ទូលបង្គំ ឯ​ការ​រំលង​របស់​យើង​ខ្ញុំ នោះ​ទ្រង់​នឹង​ជំរះ​ចោល​ចេញ មាន​ពរ​ហើយ អ្នក​ណា​ដែល​ទ្រង់​រើស ហើយ​នាំ​មក​នៅ​ចំពោះ​ទ្រង់ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ព្រះ‌លាន​ទ្រង់ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​លំអ នៃ​ដំណាក់​ទ្រង់ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​អើយ ទ្រង់​នឹង​ឆ្លើយ​មក​យើង​ខ្ញុំ ដោយ​ការ​គួរ​ស្ញែង​ខ្លាច​តាម សេចក្ដី​សុចរិត ទ្រង់​ជា​ទី​ទុក​ចិត្ត​សង្ឃឹម​ស្មោះ នៃ​គ្រប់​ទាំង​ចុង​ផែនដី​បំផុត ហើយ​នឹង​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ​ផង ទ្រង់​បាន​តាំង​អស់​ទាំង​ភ្នំ​ឲ្យ​មាំ‌មួន ដោយ​ឥទ្ធិ‌ឫទ្ធិ​នៃ​ទ្រង់ ទ្រង់​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព ទ្រង់​ធ្វើ​ឲ្យ​សូរ​សន្ធឹក​នៃ​សមុទ្រ​បាន​ស្ងប់​ឈឹង ព្រម​ទាំង​សូរ​សន្ធឹក​នៃ​រលក នឹង​ការ​ជ្រួល‌ជ្រើម​នៃ​បណ្តាជន​ទាំង‌ឡាយ​ផង ឯ​ពួក​អ្នក​ដែល​នៅ​ទី​ឆ្ងាយ​បំផុត គេ​ក៏​ខ្លាច​ដោយ​ការ​អស្ចារ្យ​របស់​ទ្រង់ ទ្រង់​បណ្តាល​ឲ្យ​ពេល​ព្រលឹម​ស្រាង នឹង​ពេល​ល្ងាចព្រលប់ បាន​អរ​សប្បាយ​ផង​គ្នា ទ្រង់​ក៏​ថែ​រក្សា ហើយ​ស្រោច​ស្រប់​ផែនដី ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ផល​កាន់​តែ​ច្រើន​ឡើង ដោយ​ទន្លេ​នៃ​ព្រះ​មាន​ទឹក​ពេញ រួច​ទ្រង់​ផ្គត់‌ផ្គង់​ឲ្យ​មាន​ស្រូវ ដោយ​រៀបចំ​ផែនដី​យ៉ាង​នោះ ទ្រង់​ស្រោច​គន្លង​ទាំង​ប៉ុន្មាន​ជា​បរិបូរ ក៏​ពង្រាប​អាចម៍​បំណះ ហើយ​ធ្វើ​ឲ្យ​ដី​ទន់ ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ដល់​ពន្លក ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ​បាន​ប្រកប​ដោយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​វិល​ឃួប ហើយ​អស់​ទាំង​ផ្លូវ​ទ្រង់​ក៏​ស្រក់​ជា​សេចក្ដី​បរិបូរ នោះ​ក៏​ស្រក់​មក​លើ​ដី​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន ហើយ​អស់​ទាំង​ទួល​ក៏​ព័ទ្ធ​ដោយ​សេចក្ដី​អំណរ​ដែរ អស់​ទាំង​ដី​ឃ្វាល​សត្វ​បាន​ប្រដាប់​ដោយ​ហ្វូង​ចៀម ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​ស្រូវ​ដាស​ពាស‌ពេញ ទី​ទាំង​នោះ​បន្លឺ​ឡើង ដោយ​អំណរ ហើយ​ក៏​ច្រៀង​ផង។