ទំនុកតម្កើង 48:1-14

ទំនុកតម្កើង 48:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម ហើយ​ស័ក្ដិ‌សម​នឹង​សរសើរ​តម្កើង នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង! ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ គឺ​ភ្នំ​ស៊ីយ៉ូន ជា​ទី​ដ៏​ខ្ពស់ ហើយ​ល្អ​ក្រៃ​លែង នៅ​ទិស​ខាង​ជើង គឺ​ជា​ទី​ក្រុង​របស់​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ ជា​ទី​អំណរ​ដល់​ផែនដី​ទាំង​មូល។ នៅ​ក្នុង​បន្ទាយ​នៃ​ក្រុង​នោះ ព្រះបាន​សម្ដែងអង្គ​ទ្រង់ ជា​អ្នក​ការ​ពារ​ទី​ក្រុង​នោះ។ ៙ ដ្បិត​មើល៍ ស្ដេច​ទាំង​ឡាយ​បាន​លើក​គ្នា ហើយ​នាំ​គ្នា​ឡើង​មក​ព្រម​គ្នា។ កាល​គេ​ឃើញ​ទី​ក្រុង​នោះ គេ​ក៏​អស្ចារ្យ​ក្នុង​ចិត្ត គេ​មាន​ចិត្ត​តក់‌ស្លុត គេ​រត់​ចេញ​ទៅ នៅ​ទី​នោះ គេ​កើត​មាន​ចិត្ត​ភ័យ​ញ័រ ហើយ​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ដែល​សម្រាល​កូន។ ព្រះ‌អង្គ​បាន​បំបែក​នាវា​តើស៊ីស ដោយ​ខ្យល់​ពី​ទិស​ខាង​កើត។ កាល​យើង​បាន​ឮ នោះ​យើង​ក៏​បាន​ឃើញ ក្នុង​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង ព្រះ​នឹង​តាំង​ទី​ក្រុង​នោះ ឲ្យ​រឹង​មាំ​រហូត​ត​ទៅ។ –បង្អង់ ៙ ឱ​ព្រះ​អើយ នៅ​កណ្ដាល​ព្រះ‌វិហារ របស់​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​រិះ​គិត អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។ ឱ​ព្រះ​អើយ ដូច​ព្រះ‌នាម​ព្រះ‌អង្គ ល្បី​សុស‌សាយ​យ៉ាង​ណា ការ​សរសើរ​តម្កើង​ព្រះ‌អង្គ ក៏​ទៅ​ដល់​ចុង​បំផុត​នៃ​ផែនដី យ៉ាង​នោះ​ដែរ។ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ មាន​ពេញ​ដោយ​សេចក្ដី​សុចរិត។ គួរ​ឲ្យ​ភ្នំ​ស៊ីយ៉ូន​បាន​រីក​រាយ​ឡើង! សូម​ឲ្យ​ពួក​កូន​ស្រី​ស្រុក​យូដា​បាន​អរ​សប្បាយ ដោយ​ព្រោះ​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ! ចូរ​ដើរចុះ​ឡើង​ក្នុង​ក្រុង​ស៊ីយ៉ូន ចូរ​ដើរ​ព័ទ្ធ​ជុំ‌វិញ ហើយ​រាប់​ចំនួន​ប៉ម​របស់​ទី​ក្រុង​នេះ​មើល ចូរ​ពិចារណា​មើល​កំផែង​ក្រុង​នេះ​ទៅ ហើយ​ពិនិត្យមើលបន្ទាយ​ក្រុង​ផង ដើម្បី​ឲ្យ​អ្នកបានតំណាល​ប្រាប់​មនុស្ស ជំនាន់​ក្រោយ​ថា នេះ​ហើយ​ព្រះ គឺ​ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​នឹង​ធ្វើ​ជា​អ្នក​នាំ​មុខ​យើង ជា​រៀង​រហូត​តទៅ។

ទំនុកតម្កើង 48:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​ត្រូវ​តែ​លើក​តម្កើង​ឲ្យ​ខ្ពង់‌ខ្ពស់​បំផុត នៅ​ក្នុង​បុរី​ព្រះ‌ជាម្ចាស់​របស់​យើង គឺ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ភ្នំ​របស់​ព្រះ‌ជាម្ចាស់ ជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព ជា​បុរី​របស់​ព្រះ‌មហា‌ក្សត្រ ដែល​នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ។ នៅ​ក្នុង​បុរី​នេះ គេ​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ជា​កំពែង​ដ៏​រឹង‌មាំ។ ស្ដេច​នានា​បាន​លើក​គ្នា​មក​វាយ​ប្រហារ​ភ្នំ​ស៊ីយ៉ូន ពេល​គេ​ឃើញ​ក្រុង​ស៊ីយ៉ូន គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ហើយ​គេ​នាំ​គ្នា​រត់​ចេញ​ទៅ​វិញ ទាំង​ភ័យ​តក់‌ស្លុត ដ្បិត​គេ​ភ័យ​ញាប់‌ញ័រ ហើយ​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​សម្រាល​កូន និង​ដូច​ជា​ខ្យល់​ព្យុះ​បក់​មក​ពី​ទិស​បូព៌ា បំបែក​នាវា​ដ៏​ធំៗ។ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​យើង ព្រះអង្គ​នឹង​ការពារក្រុង​នេះ ឲ្យ​បាន​រឹង‌មាំ​រហូត​ត​ទៅ។ - សម្រាក ឱ​ព្រះ‌ជាម្ចាស់​អើយ ពេល​យើង​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ យើង​ខ្ញុំ​រិះគិត​អំពី​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​អើយ ដូច​ព្រះ‌នាម​របស់​ព្រះអង្គ ល្បី​រន្ទឺ ក្នុង​លោក​ទាំង​មូល​យ៉ាង​ណា មនុស្ស‌ម្នា​ក៏​នឹង​លើក​តម្កើង​ព្រះអង្គ រហូត​ដល់​ស្រុក​ដាច់​ស្រយាល ផែនដី​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​គ្រប់‌គ្រង​ដោយ​សុចរិត។ សូម​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​បាន​រីក‌រាយ​ឡើង សូម​ឲ្យ​អ្នក​ស្រុក​យូដា​បាន​រីក‌រាយ​ជា​ខ្លាំង ដ្បិត​ព្រះអង្គ​វិនិច្ឆ័យ​ប្រកប​ដោយ​យុត្តិធម៌។ ប្រជា‌ជន​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​នាំ​គ្នា​ហែ​ក្បួន​ព័ទ្ធ​ជុំ‌វិញ​ក្រុង​ស៊ីយ៉ូន! ចូរ​រាប់​ចំនួន​ប៉ម​របស់​ក្រុង​នេះ​មើល! ចូរ​ស្ងើច​សរសើរ​កំពែង​ក្រុង ចូរ​ពិនិត្យ​មើល​ជញ្ជាំង​ក្រុង​នេះ​ទៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ថ្លែង ប្រាប់​មនុស្ស​នៅ​ជំនាន់​ក្រោយ​ថា៖ «ព្រះ‌ជាម្ចាស់​ពិត​ជា​ព្រះ​របស់​យើង អស់‌កល្ប​ជានិច្ច ហើយ​ព្រះអង្គ​ជា​អ្នក​ដឹក​នាំ​យើង ជា​អង្វែង​ត​រៀង​ទៅ​ដែរ»។

ទំនុកតម្កើង 48:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ ហើយ​គួរ​សរសើរ​ណាស់ ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ខ្ញុំ គឺ​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់ ឯ​ភ្នំ​ស៊ីយ៉ូន​នៅ​ទិស​ខាង​ជើង នោះ​មាន​លំអ ដោយ​នៅ​លើ​ទី​ខ្ពស់ ជា​ទី​រីក‌រាយ​ចិត្ត​ដល់​ផែនដី​ទាំង​មូល គឺ​ជា​ទី​ក្រុង​នៃ​មហា‌ក្សត្រ​ដ៏​ធំ ព្រះ‌ទ្រង់​បាន​សំដែង​ថា ទ្រង់​ជា​ទី​ពឹង​នៅ​ក្នុង ព្រះ‌រាជ​វាំង​នៃ​ក្រុង​នោះ។ ៙ ដ្បិត​មើល ពួក​មហា‌ក្សត្រ​ទាំង​ប៉ុន្មាន​បាន​ប្រជុំ​គ្នា ក៏​នាំ​គ្នា​យាង​ទៅ​តាម​ទី​នោះ គ្រា​ឃើញ​ទី​ក្រុង នោះ​ក៏​អស្ចារ្យ​ក្នុង​ចិត្ត គេ​មាន​សេចក្ដី​តក់‌ស្លុត រួច​រត់​ចេញ​បាត់​ទៅ នៅ​ទី​នោះ​គេ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ​គ្រប់​គ្នា ក៏​ឈឺ‌ចាប់​ដូច​ជា​ស្ត្រី​ដែល​សំរាល​កូន ទ្រង់​បាន​បំបាក់​បំបែក​នាវា​តើស៊ីស ដោយ​ខ្យល់​ពី​ទិស​ខាង​កើត នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ក្រុង​របស់​ព្រះ​នៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​បាន​ឃើញ​មាន ដូច​ជា​បាន​ឮ​រៀង​មក​ហើយ ព្រះ‌ទ្រង់​នឹង​តាំង​ទី​ក្រុង​នោះ ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ដរាប​ទៅ។ –បង្អង់ ៙ ឱ​ព្រះ‌អង្គ​អើយ នៅ​កណ្តាល​ព្រះ‌វិហារ​នៃ​ទ្រង់ នោះ​យើង​ខ្ញុំ​បាន​នឹក​រំពឹង​ពី​សេចក្ដី​សប្បុរស​របស់​ទ្រង់ ឱ​ព្រះ‌អង្គ​អើយ ដែល​ល្បី​ព្រះ‌នាម​ទ្រង់ បាន​ឮ​សុស‌សាយ​យ៉ាង​ណា នោះ​សេចក្ដី​សរសើរ​នៃ​ទ្រង់​ក៏​បាន​ដល់​ចុង​ផែនដី​បំផុត យ៉ាង​នោះ​ដែរ ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​សុចរិត គួរ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​សេចក្ដី​អំណរ គួរ​ឲ្យ​ពួក​កូន​ស្រី​សាសន៍​យូដា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់ ចូរ​ដើរ​សព្វ​គ្រប់​ក្នុង​ក្រុង​ស៊ីយ៉ូន ចូរ​ដើរ​ព័ទ្ធ​ជុំវិញ​ផង ហើយ​រាប់​អស់​ទាំង​ប៉ម​នៃ​ទី​ក្រុង ចូរ​សង្កេត​មើល​កំផែង​ទាំង​ប៉ុន្មាន​ឲ្យ​មែន‌ទែន ហើយ​ពិចារណា​ព្រះ‌រាជ​វាំង​នោះ​ផង ដើម្បី​នឹង​ថ្លែង​ប្រាប់​ដល់​កូន​ចៅ​ត​ទៅ ដ្បិត​ព្រះ​នេះ ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​នឹង​ធ្វើ​ជា​អ្នក​នាំ​មុខ​យើង​ខ្ញុំ ដរាប​ដល់​អស់​ជីវិត​ផង។