ទំនុកតម្កើង 45:1-17
ទំនុកតម្កើង 45:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចិត្តរបស់ខ្ញុំពេញហៀរដោយពាក្យពេជន៍ដ៏ល្អ ខ្ញុំលើកកំណាព្យរបស់ខ្ញុំថ្វាយព្រះមហាក្សត្រ អណ្ដាតខ្ញុំប្រៀបដូចជាប៉ាកការបស់កវីនិពន្ធ ដែលត្រៀមជាស្រេច។ ៙ ព្រះករុណាមានរូបសម្បត្តិល្អ លើសជាងបុរសទាំងអស់ បបូរមាត់ព្រះករុណាមានពេញដោយព្រះគុណ ហេតុនេះហើយបានជា ព្រះប្រទានពរព្រះអង្គជានិច្ច។ ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវរបស់ព្រះអង្គជាប់នឹងត្រគាក ឲ្យសមនឹងតេជានុភាពដ៏រុងរឿងរបស់ព្រះអង្គ! សូមយាងទៅដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ ទាំងមានជ័យជម្នះ ដើម្បីការពារសេចក្ដីពិត ភាពស្លូតបូត និងសេចក្ដីសុចរិត សូមព្រះហស្តស្តាំរបស់ព្រះអង្គ បង្រៀនព្រះអង្គ ពីការដែលគួរកោតខ្លាច! ព្រួញរបស់ព្រះអង្គ មុតចូលទៅក្នុងបេះដូងរបស់ខ្មាំងសត្រូវ សាសន៍ទាំងប៉ុន្មានដួលនៅក្រោម ព្រះបាទាព្រះអង្គ។ ៙ ឱព្រះអើយ បល្ល័ង្ករបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ចរៀងរាបតទៅ។ ដំបងរាជ្យនៃរាជ្យព្រះអង្គ ជាដំបងរាជ្យសុចរិត ព្រះករុណាស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់អំពើទុច្ចរិត។ ហេតុនេះហើយបានជាព្រះ គឺព្រះរបស់ករុណា បានចាក់ប្រេងលើព្រះករុណា ជាប្រេងនៃសេចក្ដីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះករុណា ព្រះពស្ត្រព្រះករុណាផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស ក្រឹស្នា និងកំញាន មានសូរសព្ទតន្ត្រីចេញពីដំណាក់ភ្លុក ធ្វើឲ្យព្រះអង្គសប្បាយរីករាយ។ មានបុត្រីស្តេចនៅក្នុងចំណោមស្ត្រីជាន់ខ្ពស់ របស់ព្រះករុណា ព្រះមហាក្សត្រិយានី ទ្រង់គ្រឿងដោយមាសពីស្រុកអូភារ គង់នៅខាងស្តាំព្រះអង្គ។ ៙ ឱបុត្រីអើយ ចូរស្តាប់ ហើយពិចារណា ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរបំភ្លេចប្រជារាស្ត្ររបស់បុត្រី និងពួកដំណាក់បិតារបស់បុត្រីទៅ នោះព្រះមហាក្សត្រនឹងគាប់ព្រះហឫទ័យ ដោយសោភ័ណភាពរបស់បុត្រី ដ្បិតព្រះអង្គជាម្ចាស់របស់បុត្រី ចូរចុះចូលនឹងព្រះរាជាទៅ! ប្រជារាស្ត្រនៅក្រុងទីរ៉ុស គឺពួកអ្នកមានស្ដុកស្ដម នឹងនាំតង្វាយមកថ្វាយព្រះនាង ដើម្បីផ្គាប់ផ្គុនព្រះនាង។ ៙ ព្រះអង្គម្ចាស់ក្សត្រិយ៍ដែលនៅក្នុងក្រឡាបន្ទំ ព្រះនាងមានពេញដោយសេចក្ដីរុងរឿង ព្រះភូសារបស់ព្រះនាងប៉ាក់លម្អដោយមាស។ គេនឹងដង្ហែព្រះនាងមកថ្វាយព្រះករុណា ទាំងគ្រងព្រះភូសាចម្រុះពណ៌ ហើយពួកភីលៀងព្រហ្មចារីរបស់ព្រះនាង ហែហមពីក្រោយ។ កាលពួកនាងចូលមកក្នុងព្រះដំណាក់ព្រះរាជា មានសំឡេងអបអរសាទរ យ៉ាងសប្បាយរីករាយ។ ៙ ព្រះករុណានឹងបានរាជបុត្រ តពីអយ្យកោរបស់ព្រះអង្គ ព្រះករុណានឹងតាំងរាជបុត្រទាំងនោះ ជាអ្នកគ្រប់គ្រងលើផែនដីទាំងមូល។ ទូលបង្គំនឹងធ្វើឲ្យមនុស្សលោក នឹកចាំពីព្រះនាមព្រះករុណា គ្រប់ជំនាន់តទៅ ហេតុនេះ ជាតិសាសន៍ទាំងឡាយ នឹងសរសើរព្រះករុណា អស់កល្បជាអង្វែងតរៀងទៅ។
ទំនុកតម្កើង 45:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ។ សូមឲ្យសម្ដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។ ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេដែលរូបសម្បត្តិល្អជាងគេ ព្រះអង្គមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រទានពរដល់ព្រះអង្គរហូតតទៅ។ ឱវីរបុរសដ៏មានឫទ្ធិអើយ សូមពាក់ព្រះខ័នរាជ្យដ៏រុងរឿង និងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។ សូមព្រះអង្គយាងគង់លើព្រះរាជរថ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមទ្រង់ទទួលមហាជោគជ័យ ដោយព្រះបារមីរបស់ព្រះអង្គ។ សូមឲ្យព្រួញដ៏មុតរបស់ព្រះអង្គ បានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឲ្យប្រជាជាតិទាំងឡាយ នៅក្រោមព្រះបាទារបស់ព្រះរាជា។ បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ ហេតុនេះហើយបានព្រះជាម្ចាស់ ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គ ពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ ហើយប្រទានឲ្យព្រះអង្គ មានអំណរសប្បាយដ៏លើសលុប ដោយចាក់ប្រេងអភិសេកព្រះអង្គ។ ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយ ក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នា មានក្រុមតន្ត្រីប្រគំភ្លេងថ្វាយព្រះអង្គ នៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។ ស្រីស្នំរបស់ព្រះអង្គសុទ្ធតែជាបុត្រី របស់ស្ដេចនគរនានា ហើយព្រះមហាក្សត្រិយានីទ្រង់គ្រឿងអលង្ការ ធ្វើពីមាសដ៏ល្អប្រណីតគង់នៅខាងស្ដាំព្រះអង្គ។ ព្រះអង្គម្ចាស់ក្សត្រិយ៍អើយ សុំត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ចូរកុំនឹកនាប្រជារាស្ត្រ និងព្រះរាជវង្សរបស់ព្រះនាងទៀតអី! ដ្បិតព្រះមហាក្សត្រគាប់ព្រះហឫទ័យ នឹងសម្ផស្សរបស់ព្រះនាងខ្លាំងណាស់ ចូរក្រាបថ្វាយបង្គំព្រះអង្គទៅ ព្រះអង្គជាម្ចាស់របស់ព្រះនាងហើយ។ ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំតង្វាយ មកថ្វាយព្រះនាង អ្នកមានទាំងឡាយនឹងនាំគ្នា មកផ្គាប់ផ្គុនព្រះនាង។ ព្រះអង្គម្ចាស់ក្សត្រិយ៍គង់នៅក្នុងព្រះបរមរាជវាំង ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់ ព្រះភូសារបស់ព្រះនាងលំអទៅដោយមាស។ គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ ទាំងគ្រងព្រះភូសាចម្រុះពណ៌ និងមានពួកភីលៀងហែហមពីក្រោយ ចូលទៅគាល់ព្រះរាជាផង។ ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា ដោយមានបណ្ដាជនបន្លឺសំឡេងអបអរសាទរ យ៉ាងសប្បាយ។ បពិត្រព្រះរាជា សូមឲ្យព្រះរាជបុត្រ ព្រះអង្គបានឡើងគ្រងរាជ្យ តពីព្រះអយ្យកោរបស់ព្រះអង្គ។ ព្រះអង្គនឹងតែងតាំងព្រះបុត្រា របស់ព្រះអង្គឲ្យគ្រប់គ្រងទួទាំងនគរ។ ទូលបង្គំនឹងថ្លាថ្លែងរំឭកពីព្រះនាម របស់ព្រះអង្គរហូតតទៅ ហើយប្រជារាស្ត្រនានាក៏នឹងនាំគ្នាលើកតម្កើង ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅដែរ។
ទំនុកតម្កើង 45:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចិត្តរបស់ខ្ញុំពេញហៀរដោយសេចក្ដីដ៏ល្អ គឺខ្ញុំនិយាយពីសេចក្ដីដែលខ្ញុំបាននិពន្ធ ពីដំណើរមហាក្សត្រ អណ្តាតខ្ញុំជាស្លាបប្រកានៃអ្នកតែងរឿងយ៉ាងជំនាញ។ ៙ ទ្រង់ព្រះករុណាល្អវិសេសជាងអស់ទាំងពួកមនុស្ស ព្រះរឹមទ្រង់ប្រកបដោយព្រះគុណ ហេតុនោះបានជាព្រះបានប្រទានពរដល់ទ្រង់ ជាដរាបតទៅ ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ ទុកជាគ្រឿងលំអ នឹងសក្តិយសនៃទ្រង់ផង រួចជិះទៅ ដោយឥទ្ធឫទ្ធរបស់ទ្រង់ មានទាំងជ័យជំនះផង ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិត នោះព្រះហស្តស្តាំនៃទ្រង់នឹងបង្រៀនទ្រង់ ពីការដែលគួរកោតខ្លាច ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃ ព្រះករុណា សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។ ៙ ឱព្រះអង្គអើយ បល្ល័ង្កទ្រង់ស្ថិតស្ថេរនៅអស់កល្ប ជានិច្ចរៀងរាបតទៅ ឯព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិត ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់ បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់ ព្រះពស្ត្រទ្រង់ផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស ក្រឹស្នា នឹងកំញាន មានឮសូរភ្លេង ចេញពីដំណាក់ភ្លុក បណ្តាលឲ្យទ្រង់សប្បាយឡើង មានបុត្រីស្តេច នៅក្នុងពួកស្ត្រីជាន់ខ្ពស់របស់ទ្រង់ ឯអគ្គមហេសីព្រះនាងគង់នៅខាងស្តាំទ្រង់ ប្រដាប់ដោយគ្រឿងមាសពីស្រុកអូភារ។ ៙ កូនស្រីអើយ ចូរស្តាប់ ហើយពិចារណា ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរភ្លេចសាសន៍ឯង នឹងផ្ទះឪពុកឯងទៅ នោះស្តេចទ្រង់នឹងគ្រាប់ព្រះទ័យ ដោយសេចក្ដីលំអរបស់ឯង ដ្បិតទ្រង់ជាចៅហ្វាយឯង ដូច្នេះត្រូវកោតខ្លាចដល់ទ្រង់ ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះ ទាំងថ្វាយដង្វាយផង ពួកអ្នកមានក្នុងបណ្តាជន នឹងមករកពឹងគុណនៃឯងដែរ ឯបុត្រីនៃស្តេច ដែលនៅក្នុងដំណាក់ នាងមានសេចក្ដីរុងរឿង ព្រះភូសារបស់នាងចំរុះដោយមាស។ ៙ គេនឹងនាំនាងមកថ្វាយព្រះករុណា ប្រដាប់ដោយព្រះភូសាប៉ាក់ ឯពួកព្រហ្មចារី ជាភឿនដែលដង្ហែនាងមក នោះនឹងមកឯទ្រង់ដែរ នឹងមានអ្នកនាំគេចូលមកក្នុងព្រះរាជដំណាក់ ដោយមានសេចក្ដីរីករាយសប្បាយ។ ៙ នោះនាងនឹងបានព្រះរាជបុត្រជំនួសឪពុក ហើយនាងនឹងតាំងព្រះរាជបុត្រទាំងនោះ ឲ្យធ្វើជាចៅហ្វាយនៅគ្រប់លើផែនដី អញនឹងធ្វើឲ្យមានសេចក្ដីរឭកនឹកចាំពីឈ្មោះឯង នៅគ្រប់ទាំងដំណមនុស្សតទៅ ហេតុនោះ អស់ទាំងសាសន៍នឹងសរសើរដល់ឯង នៅអស់កល្បជានិច្ចរៀងរាបតទៅ។