ទំនុកតម្កើង 37:32-40

ទំនុកតម្កើង 37:32-40 គខប

មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​ចាំ​សម្លាប់​គេ​ផង។ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​បោះ​បង់​មនុស្ស​សុចរិត ឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស អាក្រក់​ឡើយ ហើយ​ប្រសិន​បើ​គេ​កាត់​ក្ដី​មនុស្ស​សុចរិត ទ្រង់​ក៏​មិន​បណ្ដោយ​ឲ្យ​គេ​ដាក់​ទោស​បាន​ដែរ។ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​កាន់​តាម​មាគ៌ា​របស់​ព្រះអង្គ​ទៅ នោះ​ព្រះអង្គ​នឹង​លើក​កិត្តិយស​អ្នក​ឡើង ឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌ក ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ ត្រូវ​កាត់‌កាល់​ចោល។ ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ គេ​រីក​ចម្រើន​ឡើង ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។ ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅ ខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។ ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ ដែល​គ្មាន​ចិត្ត​វៀច‌វេរ មនុស្ស​សន្សំ​សុខ តែងតែ​មាន​អនាគត​រុងរឿង​ជានិច្ច។ រីឯ​មនុស្ស​បាប​វិញ នឹង​ត្រូវ​វិនាស​សូន្យ​អស់​ទៅ ហើយ​មនុស្ស​ទមិឡ នឹង​គ្មាន អនាគត​ភ្លឺ​ស្វាង​សោះ​ឡើយ។ ព្រះ‌អម្ចាស់​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ព្រះអង្គ​ជា​កំពែង​ការពារ​គេ នៅ​គ្រា​មាន​អាសន្ន។ ព្រះ‌អម្ចាស់​សង្គ្រោះ និង​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ព្រះអង្គ​សង្គ្រោះ​ពួក​គេ ពី‌ព្រោះ​ពួក​គេ មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​ព្រះអង្គ។