ទំនុកតម្កើង 37:32-40
ទំនុកតម្កើង 37:32-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយសម្លាប់គេ។ ប៉ុន្ដែ ព្រះយេហូវ៉ាមិនបោះបង់គេទៅក្នុង កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោស នៅពេលត្រូវជំនុំជម្រះដែរ។ ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។ យើងបានឃើញមនុស្សអាក្រក់មានអំណាច ហើយលេចត្រដែតឡើង ដូចដើមតាត្រាវនៅភ្នំល្បាណូន។ ប៉ុន្ដែ គេទៅបាត់ ហើយមើល៍ គេមិននៅទៀតឡើយ ទោះបើយើងបានស្វែងរកគេ តែរកគេមិនឃើញសោះ។ ៙ ចូរចំណាំមើលមនុស្សឥតសៅហ្មង ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះ នឹងបានសុខសាន្ត។ រីឯមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ចុងបំផុតរបស់មនុស្សអាក្រក់ នឹងត្រូវកាត់ចេញ។ ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។ ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។
ទំនុកតម្កើង 37:32-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយចាំសម្លាប់គេផង។ ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិត ឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយ ហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិត ទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរ។ ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅ នោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើង ឲ្យគ្រប់គ្រងទឹកដីជាមត៌ក ហើយអ្នកនឹងឃើញមនុស្សអាក្រក់ ត្រូវកាត់កាល់ចោល។ ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ គេរីកចម្រើនឡើង ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។ ក្រោយមក គេរលាយបាត់សូន្យទៅ ខ្ញុំខំរកមើលគេ តែរកមិនឃើញសោះ។ ចូរសង្កេតមើលមនុស្សទៀងត្រង់ ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខ តែងតែមានអនាគតរុងរឿងជានិច្ច។ រីឯមនុស្សបាបវិញ នឹងត្រូវវិនាសសូន្យអស់ទៅ ហើយមនុស្សទមិឡ នឹងគ្មាន អនាគតភ្លឺស្វាងសោះឡើយ។ ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិត ហើយព្រះអង្គជាកំពែងការពារគេ នៅគ្រាមានអាសន្ន។ ព្រះអម្ចាស់សង្គ្រោះ និងរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ព្រះអង្គសង្គ្រោះពួកគេ ពីព្រោះពួកគេ មកជ្រកកោនក្រោមម្លប់ព្រះបារមីព្រះអង្គ។
ទំនុកតម្កើង 37:32-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយក៏រកសំឡាប់គេ ព្រះយេហូវ៉ាទ្រង់មិនទុកគេ ឲ្យនៅក្នុង កណ្តាប់ដៃមនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជំរះដែរ។ ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹក ហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចី ដែលចំរើននៅទីកំណើតវា តែគេបាត់ទៅ ហើយមើល មិនមានគេទៀតឡើយ អើ យើងបានស្វែងរកគេ តែមិនប្រទះសោះ។ ៙ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ ឯសេចក្ដីសង្គ្រោះនៃមនុស្សសុចរិត នោះមកពីព្រះយេហូវ៉ា ក្នុងគ្រាដែលមានសេចក្ដីលំបាក នោះទ្រង់ជាទីអាងដល់គេ ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួច ទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់ ព្រមទាំងជួយសង្គ្រោះគេផង ពីព្រោះគេបានពឹងជ្រកក្នុងទ្រង់។