ទំនុកតម្កើង 37:21-31

ទំនុកតម្កើង 37:21-31 គខប

មនុស្ស​អាក្រក់​ខ្ចី​អ្វីៗ​ពី​គេ ហើយ​មិន​ដែល​សង​វិញ​ឡើយ រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​មាន​ចិត្ត​ទូលាយ និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ។ អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក រីឯ​អ្នក​ដែល​ព្រះអង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់‌កាល់​ចោល។ ព្រះ‌អម្ចាស់​ពង្រឹង​ជំហាន​របស់​មនុស្ស​ឲ្យ​បាន​មាំ‌មួន ហើយ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​មាគ៌ា​របស់​គេ។ ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅ របស់​គេ​សុំ​ទាន​ដែរ។ មនុស្ស​សុចរិត​តែងតែ​មាន​ចិត្ត​អាណិត​មេត្តា និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចី គេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ព្រះ‌ពរ។ ចូរ​ចៀស‌វាង​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ធ្វើ​ដូច្នេះ អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ព្រះអង្គ​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​ជានិច្ច ព្រះអង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ព្រះអង្គ​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។ មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។ មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក នូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ដក់​នៅ​ក្នុង​ដួង​ចិត្ត របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ព្រះអង្គ​ឡើយ។