ទំនុកតម្កើង 37:21-31

ទំនុកតម្កើង 37:21-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​អាក្រក់​ខ្ចី​គេ តែ​មិន​សង​វិញ​ឡើយ ឯ​មនុស្ស​សុចរិត​វិញ មាន​ចិត្ត​សទ្ធា ហើយ​ចេះ​ឲ្យ​ទៅ​អ្នក​ដទៃ ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌យេហូវ៉ា នឹង​ទទួល​ទឹក‌ដី​ជា​មត៌ក តែ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់​ចោល។ ៙ ព្រះ‌យេហូវ៉ា​តាំង​ជំហាន​របស់​មនុស្ស ឲ្យ​បាន​មាំ​មួន ពេល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ផ្លូវ​របស់​គេ ។ ទោះ​បើ​គេ ជំពប់ជើង ក៏​គេ​នឹង​មិន​ដួល​បោក​ក្បាល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ដៃ​គេ​ជាប់។ ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។ គេ​រមែង​ឲ្យ​របស់​ទៅ​អ្នក​ដទៃ​ខ្ចីដោ​យ​ចិត្ត​សទ្ធា ហើយ​កូន​ចៅ​របស់​គេ​ជា​មនុស្ស​មាន​ពរ។ ៙ ចូរ​ថយ​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ជា​រៀង​ដរាប។ ដ្បិត​ព្រះ‌យេហូវ៉ា​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។ មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​រស់​នៅ​ក្នុង​ទឹកដីនោះ​ជា​រៀង​រហូត។ ៙ មាត់​របស់​មនុស្ស​សុចរិត ពោល​ចេញ​ជា​ប្រាជ្ញា ហើយ​អណ្ដាត​របស់​គេ ស្រដី​ចេញ​ជា​ពាក្យ​យុត្តិ‌ធម៌។ ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ ដក់​ជាប់​ក្នុង​ចិត្តគេ ហើយ​ជំហាន​របស់​គេ​មិនរអិល​ឡើយ។

ទំនុកតម្កើង 37:21-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​អាក្រក់​ខ្ចី​អ្វីៗ​ពី​គេ ហើយ​មិន​ដែល​សង​វិញ​ឡើយ រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​មាន​ចិត្ត​ទូលាយ និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ។ អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក រីឯ​អ្នក​ដែល​ព្រះអង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់‌កាល់​ចោល។ ព្រះ‌អម្ចាស់​ពង្រឹង​ជំហាន​របស់​មនុស្ស​ឲ្យ​បាន​មាំ‌មួន ហើយ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​មាគ៌ា​របស់​គេ។ ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅ របស់​គេ​សុំ​ទាន​ដែរ។ មនុស្ស​សុចរិត​តែងតែ​មាន​ចិត្ត​អាណិត​មេត្តា និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចី គេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ព្រះ‌ពរ។ ចូរ​ចៀស‌វាង​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ធ្វើ​ដូច្នេះ អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ព្រះអង្គ​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​ជានិច្ច ព្រះអង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ព្រះអង្គ​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។ មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។ មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក នូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ដក់​នៅ​ក្នុង​ដួង​ចិត្ត របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ព្រះអង្គ​ឡើយ។

ទំនុកតម្កើង 37:21-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​មនុស្ស​អាក្រក់​គេ​ខ្ចី​ឥត​សង​វិញ​ឡើយ តែ​មនុស្ស​សុចរិត​គេ​មាន​គុណ ហើយ​ក៏​ឲ្យ​ទាន​វិញ ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ទ្រង់ នោះ​នឹង​បាន​ផែនដី​ជា​មរដក តែ​អស់​អ្នក​ដែល​ទ្រង់​ដាក់​បណ្តាសា​វិញ នោះ​នឹង​ត្រូវ​កាត់​ចោល​ចេញ។ ៙ គឺ​ព្រះ‌យេហូវ៉ា​ដែល​ដំរូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អ ហើយ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ ទោះ​បើ​គេ​ភ្លាត់​ដួល គង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះ‌ហស្ត យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ‌បង់​ចោល ឬ​ពូជ‌ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ គេ​រមែង​មាន​គុណ​ជា​ដរាប​រាល់​ថ្ងៃ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ហើយ​ពូជ‌ពង្ស​គេ​បាន​ពរ​ដែរ។ ៙ ចូរ​គេច​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ នោះ​អ្នក​នឹង​បាន​នៅ​ជា​រៀង‌រាប​ដរាប ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​យុត្តិ‌ធម៌ ក៏​មិន​ដែល​បោះ‌បង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ ទ្រង់​ថែ​រក្សា​គេ​អស់​‌កល្ប​ជានិច្ច តែ​ពូជ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ​វិញ ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច។ ៙ មាត់​របស់​មនុស្ស​សុចរិត​ពោល​ចេញ​សុទ្ធ​តែ​ប្រាជ្ញា ហើយ​អណ្តាត​គេ​ក៏​សំដែង​ជា​សេចក្ដី​យុត្តិ‌ធម៌ ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ នោះ​នៅ​ក្នុង​ចិត្ត ឯ​ជំហាន​នៃ​គេ ក៏​នឹង​មិន​ភ្លាំង‌ភ្លាត់​ឡើយ