ទំនុកតម្កើង 37:10-20

ទំនុកតម្កើង 37:10-20 គខប

នៅ​តែ​បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ! ទោះ​បី​អ្នក​ខំ​រក​មើល​កន្លែង​ដែល​គេ​ធ្លាប់​នៅ ក៏​មិន​ឃើញ​មាន​អ្វី​ដែរ។ រីឯ​មនុស្ស​ទន់‌ទាប​វិញ គេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេម‌ក្សាន្ត។ មនុស្ស​អាក្រក់​តែងតែ​ឃុប‌ឃិត​ប្រឆាំង នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់ ព្រោះ​ព្រះអង្គ​ជ្រាប​ថា ពេល​ដែល​គេ​ត្រូវ​វិនាស ជិត​មក​ដល់​ហើយ។ មនុស្ស​អាក្រក់​នាំ​គ្នា​ហូត​ដាវ យឹត​ធ្នូ ដើម្បី​ប្រហារ​ជីវិត​មនុស្ស​ក្រីក្រ​ទុគ៌ត និង​អារ-ក​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់។ ប៉ុន្តែ ដាវ​របស់​គេ​នឹង​ចាក់​ទម្លុះ បេះ‌ដូង​របស់​ខ្លួន​ឯង ហើយ​ធ្នូ​របស់​គេ​នឹង​ត្រូវ​បាក់​បែក​អស់។ ទ្រព្យ​តែ​បន្តិច‌បន្តួច​របស់​មនុស្ស​សុចរិត ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ របស់​មនុស្ស​អាក្រក់ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ជួយ​គាំទ្រ​មនុស្ស​សុចរិត តែ​ព្រះអង្គ​នឹង​បំបាក់​កម្លាំង របស់​មនុស្ស​អាក្រក់​វិញ។ ព្រះ‌អម្ចាស់​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​ជីវិត​របស់​មនុស្ស​ឥត​សៅ‌ហ្មង ព្រះអង្គ​នឹង​ថែ‌រក្សា​ទឹក​ដី​របស់​គេ ឲ្យ​បាន​គង់‌វង្ស​រហូត​ត​ទៅ។ នៅ​គ្រា​មាន​អាសន្ន គេ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ ហើយ​នៅ​គ្រា​មាន​ទុរ្ភិក្ស គេ​នឹង​បាន​បរិភោគ​ឆ្អែត។ រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់ ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។