ទំនុកតម្កើង 37:10-20
ទំនុកតម្កើង 37:10-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ ទោះបើអ្នកខំរកមើលកន្លែងគេ ក៏គេមិននៅទីនោះទៀតដែរ។ រីឯមនុស្សទន់ទាប គេនឹងបានទទួលទឹកដីជាមត៌ក ហើយមានចិត្តរីករាយ ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។ ៙ មនុស្សអាក្រក់ គេបង្កើតគម្រោងការអាក្រក់ ទាស់នឹងមនុស្សសុចរិត ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត តែព្រះអម្ចាស់សើចចំអក ដាក់មនុស្សអាក្រក់វិញ ដ្បិតព្រះអង្គជ្រាបថា ថ្ងៃអន្សារបស់គេជិតមកដល់ហើយ។ ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយយឹតធ្នូរដើម្បីទម្លាក់មនុស្សទ័លក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងសម្លាប់អស់អ្នក ដែលកាន់តាមផ្លូវទៀងត្រង់ តែដាវរបស់គេនឹងចាក់ចូល ទៅក្នុងបេះដូងខ្លួនគេវិញ ហើយធ្នូររបស់គេនឹងត្រូវបែកបាក់។ ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ របស់មនុស្សអាក្រក់ជាច្រើននាក់។ ដ្បិតដៃរបស់មនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។ ៙ ព្រះយេហូវ៉ាជ្រាបអស់ទាំងថ្ងៃ របស់មនុស្សទៀងត្រង់ ហើយមត៌ករបស់គេនឹងនៅជាប់ជាដរាប គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ គេនឹងមានជាបរិបូរ។ ៙ ឯមនុស្សអាក្រក់នឹងត្រូវវិនាស ហើយខ្មាំងសត្រូវរបស់ព្រះយេហូវ៉ា ដូចជាវាលស្មៅខៀវខ្ចី ដែលនឹងសាបសូន្យទៅ គឺនឹងរលាយសូន្យទៅដូចជាផ្សែង។
ទំនុកតម្កើង 37:10-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅតែបន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀតហើយ! ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅ ក៏មិនឃើញមានអ្វីដែរ។ រីឯមនុស្សទន់ទាបវិញ គេនឹងទទួលទឹកដីជាមត៌ក ហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។ មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំង នឹងមនុស្សសុចរិត ទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់ ព្រោះព្រះអង្គជ្រាបថា ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។ មនុស្សអាក្រក់នាំគ្នាហូតដាវ យឹតធ្នូ ដើម្បីប្រហារជីវិតមនុស្សក្រីក្រទុគ៌ត និងអារ-កមនុស្សដែលមានចិត្តទៀងត្រង់។ ប៉ុន្តែ ដាវរបស់គេនឹងចាក់ទម្លុះ បេះដូងរបស់ខ្លួនឯង ហើយធ្នូរបស់គេនឹងត្រូវបាក់បែកអស់។ ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិត ប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភ របស់មនុស្សអាក្រក់ ដ្បិតព្រះអម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិត តែព្រះអង្គនឹងបំបាក់កម្លាំង របស់មនុស្សអាក្រក់វិញ។ ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់ នឹងជីវិតរបស់មនុស្សឥតសៅហ្មង ព្រះអង្គនឹងថែរក្សាទឹកដីរបស់គេ ឲ្យបានគង់វង្សរហូតតទៅ។ នៅគ្រាមានអាសន្ន គេនឹងមិនត្រូវអាម៉ាស់ឡើយ ហើយនៅគ្រាមានទុរ្ភិក្ស គេនឹងបានបរិភោគឆ្អែត។ រីឯមនុស្សអាក្រក់ គេនឹងត្រូវវិនាសសូន្យ ហើយខ្មាំងសត្រូវរបស់ព្រះអម្ចាស់ ក៏នឹងរលាយសូន្យទៅ ដូចវាលស្មៅខៀវខ្ចី ដែលឆេះរលាយសូន្យទៅជាផ្សែងដែរ។
ទំនុកតម្កើង 37:10-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។ ៙ ចំណែកមនុស្សអាក្រក់ គេគិតគូរការទាស់នឹងមនុស្សសុចរិត ក៏សំញែងធ្មេញដាក់អ្នកនោះ តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេ ដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់ ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយដំឡើងធ្នូទុក ដើម្បីនឹងទំលាក់មនុស្សទ័លក្រ ហើយនឹងមនុស្សកំសត់ទុគ៌ត ព្រមទាំងសំឡាប់អស់អ្នកដែលកាន់តាមផ្លូវទៀងត្រង់ តែដាវគេនឹងចាក់ចូលក្នុងចិត្តខ្លួនគេវិញ ហើយធ្នូគេនឹងត្រូវបាក់ ឯរបស់បន្តិចបន្តួចនៃមនុស្សសុចរិត នោះវិសេសជាជាងរបស់បរិបូរនៃមនុស្សអាក្រក់ ជាច្រើននាក់ទៅទៀត ដ្បិតដៃនៃមនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សសុចរិត។ ៙ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអស់ទាំងថ្ងៃរបស់ មនុស្សទៀតត្រង់ ហើយមរដករបស់គេនឹងនៅជាប់ជាដរាប គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ នោះគេនឹងបានឆ្អែត។ ៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅ ហើយពួកខ្មាំងនៃព្រះយេហូវ៉ា នឹងដូចជាខ្លាញ់កូនចៀម គេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង