ទំនុកតម្កើង 36:1-12

ទំនុកតម្កើង 36:1-12 គខប

ខ្ញុំ​នឹក​ឃើញ​ពាក្យ​របស់​ជន​ពាល ដែល​និយាយ​ក្នុង​ពេល​បះ‌បោរ​ថា មិន​បាច់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ។ គេ​បញ្ចើច‌បញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេក រហូត​មិន​អាច​ទទួល​ស្គាល់​ថា ខ្លួន​មាន​កំហុស គួរ​ឲ្យ​ស្អប់​នោះ​ឡើយ។ គេ​ពោល​សុទ្ធ​តែ​ពាក្យ​កុហក​បោក​ប្រាស់ គឺ​គេ​លែង​ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៀត​ហើយ។ សូម្បី​តែ​នៅ​ពេល​ដេក ក៏​គេ​គិត​ពី​គម្រោង‌ការ​ធ្វើ​អំពើ​អាក្រក់​ដែរ គេ​មានះ​ដើរ​នៅ​ក្នុង​ផ្លូវ​មិន​ល្អ គឺ​គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​សោះ​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ ខ្ពស់​ដល់​អាកាស‌វេហាស៍។ ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះអង្គ មាន​កម្ពស់​ដូច​ភ្នំ​ដ៏​ខ្ពស់​បំផុត ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ដូច​មហា‌សាគរ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សង្គ្រោះ​ទាំង​មនុស្ស​លោក ទាំង​សត្វ​តិរច្ឆាន!។ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា របស់​ព្រះអង្គ មាន​តម្លៃ​ដ៏​លើស‌លុប​បំផុត! មនុស្ស​លោក​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី របស់​ព្រះអង្គ ដូច​កូន​សត្វ​ជ្រក​កោន​ក្រោម​ស្លាប​មេ​វា។ ព្រះអង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌ ឲ្យ​មនុស្ស​លោក​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន អំណរ​សប្បាយ​ដ៏​ហូរ‌ហៀរ​ដូច​ទឹក​ទន្លេ។ ដ្បិត​ព្រះអង្គ​ជា​ប្រភព​នៃ​ជីវិត ហើយ​យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយ‌សារ​ពន្លឺ​របស់​ព្រះអង្គ។ សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ស្គាល់​ព្រះអង្គ​ត​ទៅ​ទៀត ហើយ​សម្តែង​ព្រះ‌ហឫទ័យ​សុចរិត ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។ សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​កោង​កាច មក​វាយ​ប្រហារ​ទូលបង្គំ​បាន​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មនុស្ស​ពាល មក​បណ្តេញ​ទូលបង្គំ​បាន​ដែរ! មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​បរា‌ជ័យ​នៅ​ទី​នេះ ពួក​គេ​ត្រូវ​ដួល ហើយ​ងើប​ឡើង​វិញ​ពុំ​រួច​ឡើយ។