ទំនុកតម្កើង 36:1-12

ទំនុកតម្កើង 36:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អំពើ​រំលង​ច្បាប់​របស់​មនុស្ស​អាក្រក់ សម្ដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា នៅ​ចំពោះ​ភ្នែក​គេ គ្មាន​ការ​កោត​ខ្លាច​ដល់​ព្រះ​ទេ។ ដ្បិត​នៅ​ក្នុង​ភ្នែក​គេ គេ​បញ្ជោរខ្លួនឯង​ថា អំពើ​ទុច្ចរិត​របស់​គេ មិន​អាចមាន​អ្នក​ណា ឃើញ ឬ​ស្អប់​ឡើយ។ ពាក្យ​ដែល​ចេញ​ពី​មាត់​គេ សុទ្ធ​តែ​ជា សេចក្ដី​អន្តរាយ និង​ពាក្យ​បោក​បញ្ឆោត គេ​លែងមាន​ប្រាជ្ញា និង​ប្រព្រឹត្ត​ល្អ​ទៀត​ហើយ។ គេ​គិត​បង្កើត​គម្រោង​ការ​អាក្រក់ កាល​កំពុង​នៅ​ក្នុង​ដំណេក ក៏​តាំង​ខ្លួន​ដើរ​តាម​ផ្លូវ​ដែល​មិន​ល្អ គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​ឡើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ខ្ពស់ដល់​ផ្ទៃ​មេឃ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ពពក។ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សង្គ្រោះ ទាំង​មនុស្ស​លោក ទាំង​សត្វ។ ឱ​ព្រះ​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ថ្លៃ​វិសេសយ៉ាង​ណា​ហ្ន៎! ពួក​កូន​មនុស្ស​លោក ជ្រក​ក្រោម​ម្លប់​នៃ​ស្លាប​របស់​ព្រះ‌អង្គ។ គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ នៃ​ព្រះ‌ហឫ‌ទ័យ​រីក​រាយ​របស់​ព្រះ‌អង្គ។ ដ្បិត​ប្រភព​ទឹក​នៃ​ជីវិត​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយ​សារ​ពន្លឺ​របស់​ព្រះ‌អង្គ។ ឱ​សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដល់​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ​ត​ទៅ ហើយ​សម្ដែង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដល់​អស់​អ្នកដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង។ សូម​កុំ​ឲ្យ​ជើង​របស់​មនុស្ស​ព្រហើន ជាន់​ឈ្លី​ទូល‌បង្គំ​ឡើយ ក៏កុំ​ឲ្យ​ដៃ​មនុស្ស​អាក្រក់ មក​បណ្តេញ​ទូល‌បង្គំ​ដែរ។ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ត្រូវ​ដួល​ចុះ​នៅ​ទី​នោះ គេ​ត្រូវទម្លាក់​ចុះ ឥតងើប​ឡើង​វិញ​បាន​ឡើយ។

ទំនុកតម្កើង 36:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​នឹក​ឃើញ​ពាក្យ​របស់​ជន​ពាល ដែល​និយាយ​ក្នុង​ពេល​បះ‌បោរ​ថា មិន​បាច់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ។ គេ​បញ្ចើច‌បញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេក រហូត​មិន​អាច​ទទួល​ស្គាល់​ថា ខ្លួន​មាន​កំហុស គួរ​ឲ្យ​ស្អប់​នោះ​ឡើយ។ គេ​ពោល​សុទ្ធ​តែ​ពាក្យ​កុហក​បោក​ប្រាស់ គឺ​គេ​លែង​ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៀត​ហើយ។ សូម្បី​តែ​នៅ​ពេល​ដេក ក៏​គេ​គិត​ពី​គម្រោង‌ការ​ធ្វើ​អំពើ​អាក្រក់​ដែរ គេ​មានះ​ដើរ​នៅ​ក្នុង​ផ្លូវ​មិន​ល្អ គឺ​គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​សោះ​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ ខ្ពស់​ដល់​អាកាស‌វេហាស៍។ ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះអង្គ មាន​កម្ពស់​ដូច​ភ្នំ​ដ៏​ខ្ពស់​បំផុត ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ដូច​មហា‌សាគរ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សង្គ្រោះ​ទាំង​មនុស្ស​លោក ទាំង​សត្វ​តិរច្ឆាន!។ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា របស់​ព្រះអង្គ មាន​តម្លៃ​ដ៏​លើស‌លុប​បំផុត! មនុស្ស​លោក​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី របស់​ព្រះអង្គ ដូច​កូន​សត្វ​ជ្រក​កោន​ក្រោម​ស្លាប​មេ​វា។ ព្រះអង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌ ឲ្យ​មនុស្ស​លោក​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន អំណរ​សប្បាយ​ដ៏​ហូរ‌ហៀរ​ដូច​ទឹក​ទន្លេ។ ដ្បិត​ព្រះអង្គ​ជា​ប្រភព​នៃ​ជីវិត ហើយ​យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយ‌សារ​ពន្លឺ​របស់​ព្រះអង្គ។ សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ស្គាល់​ព្រះអង្គ​ត​ទៅ​ទៀត ហើយ​សម្តែង​ព្រះ‌ហឫទ័យ​សុចរិត ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។ សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​កោង​កាច មក​វាយ​ប្រហារ​ទូលបង្គំ​បាន​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មនុស្ស​ពាល មក​បណ្តេញ​ទូលបង្គំ​បាន​ដែរ! មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​បរា‌ជ័យ​នៅ​ទី​នេះ ពួក​គេ​ត្រូវ​ដួល ហើយ​ងើប​ឡើង​វិញ​ពុំ​រួច​ឡើយ។

ទំនុកតម្កើង 36:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ការ​រំលង​ច្បាប់​របស់​មនុស្ស​អាក្រក់ នោះ​សំដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា នៅ​ភ្នែក​គេ​គ្មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​ទេ ដ្បិត​នៅ​ភ្នែក​គេ​ក៏​មើល​ខ្លួន​ជា​គួរ​បញ្ចើច‌បញ្ចើ​វិញ ដោយ​ថា សេចក្ដី​ទុច្ចរិត​របស់​ខ្លួន មិន​ដែល​មាន អ្នក​ណា​ឃើញ ឬ​ស្អប់​ឡើយ អស់​ទាំង​ពាក្យ​ដែល​ចេញ​ពី​មាត់​គេ សុទ្ធ​តែ​ជា សេចក្ដី​ទុច្ចរិត ហើយ​ភូត‌ភរ​ទទេ គេ​បាន​លែង​មាន​ប្រាជ្ញា ក៏​មិន​ប្រព្រឹត្ត​ល្អ​ដែរ គេ​ដេក​គិត​បង្កើត​ការ​ទុច្ចរិត​នៅ​លើ​ដំណេក​ខ្លួន ក៏​តាំង​ខ្លួន​ដើរ​តាម​ផ្លូវ​ដែល​មិន​ល្អ គេ​មិន​ចេះ​ខ្ពើម​ការ​អាក្រក់​ឡើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់ ដល់​ផ្ទៃ​មេឃ សេចក្ដី​ស្មោះ‌ត្រង់​នៃ​ទ្រង់​ក៏​ដល់​ពពក​ផង សេចក្ដី​សុចរិត​របស់​ទ្រង់​ដូច​ជា​ភ្នំ​នៃ​ព្រះ សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ទំនុក​បំរុង​ទាំង​មនុស្ស នឹង​សត្វ​ផង ឱ​ព្រះ‌អង្គ​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ថ្លៃ​វិសេស យ៉ាង​ណា​ហ្ន៎ ពួក​មនុស្ស​លោក​ក៏​ជ្រក​នៅ​ម្លប់​នៃ​ស្លាប​ទ្រង់ គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ទ្រង់ ហើយ​ទ្រង់​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ​នៃ​សេចក្ដី​អំណរ​របស់​ទ្រង់ ដ្បិត​ឯ​ជ្រោះ​នៃ​ជីវិត នោះ​នៅ​ជា​មួយ​នឹង​ទ្រង់ នៅ​ក្នុង​ពន្លឺ​នៃ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​បាន​ភ្លឺ ឱ​សូម​ទ្រង់​ចេះ​តែ​ផ្តល់​សេចក្ដី​សប្បុរស ដល់​អស់​អ្នក​ដែល​ស្គាល់​ទ្រង់​ត​ទៅ ហើយ​សេចក្ដី​សុចរិត​របស់​ទ្រង់ ដល់​អស់​អ្នក ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង សូម​កុំ​ឲ្យ​ជើង​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ មក​ទាស់​នឹង​ទូលបង្គំ ឬ​ដៃ​នៃ​មនុស្ស​អាក្រក់​មក​បណ្តេញ​ទូលបង្គំ​ឡើយ សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នោះ​បាន​ដួល​ចុះ ឲ្យ​គេ​ត្រូវ​ទំលាក់​ទៅ​ឥត​ក្រោក​ឡើង​វិញ​បាន​ឡើយ។