ទំនុកតម្កើង 33:13-22

ទំនុកតម្កើង 33:13-22 គខប

ព្រះ‌អម្ចាស់​ទត​មើល​ពី​ស្ថាន​បរម‌សុខ ព្រះអង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់ ហើយ​ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ព្រះអង្គ​រំពៃ​មើល​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី គឺ​ព្រះអង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​គំនិត​របស់​គេ​ទាំង​អស់​គ្នា ហើយ​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ ទុក​ដាក់​នឹង​អំពើ​ទាំង​អស់​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​ស្ដេច​ណា​យក​ជ័យ‌ជម្នះ​បាន ដោយ‌សារ​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នោះ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​វីរ‌បុរស​ណា​វាយ​ឈ្នះ ដោយ‌សារ​កម្លាំង​ខ្លាំង​ក្លា​នោះ​ដែរ។ សេះ​ចម្បាំង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ជ័យ‌ជម្នះ​បាន​ឡើយ ហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។ ព្រះ‌អម្ចាស់​តាម​ថែ‌រក្សា អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ។ ព្រះអង្គ​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ឲ្យ​គេ​បាន​រួច​ជីវិត​នៅ​គ្រា​មាន​ទុរ្ភិក្ស។ យើង​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ព្រះអង្គ​ជួយ​សង្គ្រោះ និង​ការពារ​យើង យើង​មាន​អំណរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះអង្គ យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា មក​លើ​យើង​ខ្ញុំ​ផង ព្រោះ​យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។