ទំនុកតម្កើង 33:13-22

ទំនុកតម្កើង 33:13-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ទត​មក​ពី​លើ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់ ហើយ​ពី​ព្រះដំណាក់​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី គឺ​ព្រះ‌អង្គ​ហើយ​ដែល​បង្កើត​ចិត្ត របស់​គេ​ទាំង​អស់​គ្នា ក៏​ពិចារណា​មើល​អស់​ទាំង​ការ ដែល​គេ​ប្រព្រឹត្ត​ដែរ។ គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​សារ​មាន‌ទ័ព​ច្រើន​នោះ​ឡើយ ហើយ​មនុស្ស​ខ្លាំង​ពូកែ ក៏​មិន​បាន​រួច ដោយ​សារ​ខ្លួន​មានកម្លាំង​ខ្លាំង​នោះ​ដែរ។ សេះចម្បាំង មិន​មែន​ជា​ទី​សង្ឃឹម ឲ្យ​មាន​ជ័យ​ជម្នះ​ឡើយ ក៏​មិន​អាច​សង្គ្រោះ​ដោយ‌សារ​កម្លាំង​ដ៏​ខ្លាំង របស់​វា​បាន​ដែរ។ មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា ទត​មក​លើ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​មក​លើ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​គេ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ការពារ​គេ ឲ្យ​បាន​រស់​នៅ​ក្នុង​គ្រា​អំណត់។ ព្រលឹង​យើង​ខ្ញុំ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​យើងខ្ញុំ។ ដ្បិត​ចិត្ត​របស់​យើង​ខ្ញុំ រីក‌រាយ​ក្នុង​ព្រះ‌អង្គ ព្រោះ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សណ្ឋិត​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​សង្ឃឹម​ដល់​ព្រះ‌អង្គ​ហើយ។

ទំនុកតម្កើង 33:13-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ទត​មើល​ពី​ស្ថាន​បរម‌សុខ ព្រះអង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់ ហើយ​ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ព្រះអង្គ​រំពៃ​មើល​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី គឺ​ព្រះអង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​គំនិត​របស់​គេ​ទាំង​អស់​គ្នា ហើយ​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ ទុក​ដាក់​នឹង​អំពើ​ទាំង​អស់​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​ស្ដេច​ណា​យក​ជ័យ‌ជម្នះ​បាន ដោយ‌សារ​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នោះ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​វីរ‌បុរស​ណា​វាយ​ឈ្នះ ដោយ‌សារ​កម្លាំង​ខ្លាំង​ក្លា​នោះ​ដែរ។ សេះ​ចម្បាំង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ជ័យ‌ជម្នះ​បាន​ឡើយ ហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។ ព្រះ‌អម្ចាស់​តាម​ថែ‌រក្សា អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ។ ព្រះអង្គ​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ឲ្យ​គេ​បាន​រួច​ជីវិត​នៅ​គ្រា​មាន​ទុរ្ភិក្ស។ យើង​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ព្រះអង្គ​ជួយ​សង្គ្រោះ និង​ការពារ​យើង យើង​មាន​អំណរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះអង្គ យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា មក​លើ​យើង​ខ្ញុំ​ផង ព្រោះ​យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។

ទំនុកតម្កើង 33:13-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ទត​មក​ពី​លើ​ស្ថាន‌សួគ៌ ទ្រង់​ឃើញ​មនុស្ស​លោក​ទាំង​អស់ ទ្រង់​ទត​មក​ពី​ស្ថាន​ដ៏​ជា​ទី​លំនៅ​របស់​ទ្រង់ ក៏​ឃើញ​អស់​អ្នក​ដែល​នៅ​ផែនដី​ផង គឺ​ទ្រង់​ហើយ ដែល​ស្អាង​ចិត្ត​គេ ក៏​ពិចារណា​មើល​អស់​ទាំង​ការ​ដែល​គេ​ធ្វើ​ដែរ គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​មាន ពល‌ទ័ព​ច្រើន​ឡើយ មនុស្ស​ខ្លាំង​ពូកែ​ក៏​មិន​បាន​រួច ដោយ​មាន កំឡាំង​យ៉ាង​ខ្លាំង​នោះ​ដែរ ឯ​សេះ នោះ​ឥត​ប្រយោជន៍​នឹង​ពឹង​ឲ្យ​បាន​សាន្ត‌ត្រាណ ក៏​មិន​អាច​នឹង​ជួយ​ឲ្យ​អ្នក​ណា​រួច​ដោយ‌សារ​កំឡាំង​ដ៏​ខ្លាំង របស់​វា​ដែរ មើល ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ទត​មក​លើ​អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គឺ​មក​លើ​ពួក​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស​ទ្រង់ ដើម្បី​នឹង​ជួយ​ឲ្យ​ព្រលឹង​គេ​រួច​ពី​ស្លាប់ ហើយ​ការ‌ពារ​ឲ្យ​គេ​រស់​នៅ​ក្នុង​គ្រា​អំណត់ ព្រលឹង​នៃ​យើង​ខ្ញុំ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ជំនួយ ហើយ​ជា​ខែលរបស់​យើង​ខ្ញុំ ដ្បិត​ចិត្ត​យើង​ខ្ញុំ​រីក‌រាយ​ឡើង​ក្នុង​ទ្រង់ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​ដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ទ្រង់​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សេចក្ដី​សប្បុរស​របស់​ទ្រង់ សណ្ឋិត​នៅ​លើ​យើង​ខ្ញុំ តាម​ដែល​យើង​ខ្ញុំ​បានសង្ឃឹម​ដល់​ទ្រង់។